ភ្នំពេញ: សមាជិក សមាជិកា នៃ​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន ៥០ ​នាក់​គ្រោង​នឹង​ជួបជុំគ្នា​នៅថ្ងៃនេះ​ដើម្បី​ធ្វើ​ពិធី​បំពាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ អតីត​ប្រធាន​សហជីព ដែល​ត្រូវបាន​ឃាតករ​បាញ់សម្លាប់​កាលពី​ ១៧ ​ឆ្នាំមុន​នៅមុខ​តូប​លក់​កាសែត​កណ្ដាល​ទីក្រុង​ភ្នំពេញ​។

លោកស្រី ទូច សើ ប្រធាន​សហព័ន្ធ​សហជីព​សេរីកម្មករ​បាន​ឱ្យ​ដឹងថា ជា​រៀងរាល់​ឆ្នាំ ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា​សហព័ន្ធ​សហជីព​ព្រមទាំង​ក្រុមគ្រួសារ សាច់ញាតិ មិត្តភក្ដិ តែងតែ​រៀបចំ​ពិធី​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​ដែល​ត្រូវបាន​ឃាតក​បាញ់សម្លាប់​នៅ​ពីថ្ងៃ​ទី ២២ ខែមករា​ឆ្នាំ​ ២០០៤ ​នៅខាងមុខ​តូប​លក់​កាសែត​ក្បែរ​វត្ត​លង្កា​។ ក្នុងនោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្លាប់​បាន​អនុញ្ញាត​ឱ្យ​ប្រារព្ធ​ជា​ហូរហែ​ផងដែរ​។

លោកស្រី ទូច សើ បញ្ជាក់ថា​៖ «​ពួកខ្ញុំ​បានដាក់​សំណើ​ស្នើសុំ​អ្នកចូលរួម​ក្នុង​កម្មវិធី​ហ្នឹង​ចំនួន ១៥០ ​នាក់ ប៉ុន្ដែ​ខាង​សាលាក្រុង​ភ្នំពេញ​គេ​អនុញ្ញាត​ឱ្យ​យើង​ជួបជុំគ្នា​ត្រឹម ៥០ ​នាក់​ទេ ដោយសារ​ការពារ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ​១៩​។ កម្មវិធី​យើង​លើក​នេះ​មិនមាន​អ្វី​ប្លែក​ជាង​រាល់​ឆ្នាំ​ទេ គឺ​យើង​គ្រាន់​តែមាន​ព្រះសង្ឃ​សូត្រមន្ត និង​បំពាក់​កម្រងផ្កា និង​ថ្លែងសារ​តិចតួច​ជូន​សមាជិក​យើង​»​។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឯកភាព និង​អនុញ្ញាតឱ្យ​សមាជិក សមាជិកា​សហព័ន្ធ​សហជីព ប្រារព្ធ​កម្មវិធី​នេះ​តាម​ទំនៀមទម្លាប់​របស់ខ្លួន ប៉ុន្ដែ​ត្រូវគោរព​តាម​នូវ​ស្មារតី​ទទួលខុសត្រូវ​។

លោក​បញ្ជាក់ថា​៖ «​យើង​អនុញ្ញាត​ឱ្យ​គាត់​រៀបចំ​កម្មវិធី​ហ្នឹង​នៅ​ទីតាំង​ផ្ទាល់ ដោយ​មិនមាន​ការដង្ហែ​ក្បួន ហើយ​ធ្វើ​យ៉ាងច្រើន ត្រឹម ៥០ ​នាក់​ទេ ជាពិសេស​ត្រូវអនុវត្ត​វិធាន​ការពារ​កូវីដ​១៩​ដែល​ណែនាំ​ដោយ​ក្រសួងសុខាភិបាល​»​។

កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ១៩ ខែមករា ដែល​ដឹកនាំ​ដោយ​លោក មាន ចាន់យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា សាលា​រាជធានី​ភ្នំពេញ​បាន​ឯកភាព​ឱ្យ​រៀបចំ​ពិធី​នេះ ប៉ុន្ដែ​ត្រូវគោរព​លក្ខខណ្ឌ​មួយចំនួន​ដូចជា សហព័ន្ធ​សហជីព​សេរី-កម្មករ ត្រូវ​រៀបចំ​នៅ​ថ្ងៃទី​ ២២ ​ខែ​មករា ចាប់ពី​វេលា​ម៉ោង ៨:៣០ ​នាទី​ព្រឹក ដល់​ម៉ោង ១០:៣០ ​នាទី​នៅ​ទីកន្លែង​តម្កល់​រូបសំណាក​ត្រង់​សួនច្បារ​ប៉ែក​ខាងលិច​វិមានឯករាជ្យ​ដែលមាន​ចំនួន​មនុស្ស​ត្រឹម ៥០ ​នាក់​។

ក្រោយពេល​រំសាយ សមាជិក សមាជិកា​ចូលរួម​ទាំងអស់ ត្រូវ​បំបែក​គ្នា​ទៅតាម​ទីតាំង​រៀងៗ​ខ្លួន ដោយ​មិនត្រូវ​ទៅធ្វើការ​ជួបជុំ​គ្នា​នៅតាម​ទីតាំង​ណា​ផ្សេង ជាពិសេស​នៅខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ​មិន​អនុញ្ញាត​ឱ្យ​អ្នកចូលរួម​ប្រារព្ធ​ពិធី យក​វេទិកា​នេះ​ធ្វើ​សកម្មភាព​វាយប្រហារ​ដល់​ព្រះមហាក្សត្រ​ឥស្សរជន​ជាន់ខ្ពស់​រាជរដ្ឋាភិបាល ឬ​បំផុស​ញុះញង់​ប្រជាពលរដ្ឋ​ឱ្យ​កើតជា​អំពើហិង្សា ផ្ទុយ​ពី​ខ្លឹមសារ និង​គោលបំណង​នៃ​ការរៀបចំ ឬ​បំបែកបំបាក់​សាមគ្គីភាព​ជាតិ ប្រើ​សារ​នយោបាយ និង​សកម្មភាព​ប្រាសចាក​ពី​រដ្ឋធម្មនុញ្ញ​ហើយ​ហាម​ដាច់ខាត​មិន​ឱ្យ​អ្នក​ជាប់​បម្រាម​នយោបាយ​ទាំង ១១៨ ​រូប​ចូលរួម​ឡើង​ថ្លែង​សារ​នោះទេ​៕