ភ្នំពេញៈ អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​របស់​​អង្គការ​សហប្រជាជាតិ​ប្រចាំ​​កម្ពុជា​លោកស្រី រ៉ូណាស្ម៊ីត​ (Rhona Smith) ​នឹង​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​លើក​ដំបូង​​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ចន្ទ​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ក្រោយ​​បន្ទាប់ពី​ការបោះឆ្នោត​ដ៏ចម្រូងចម្រាស​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ ឈ្នះ​សំឡេង​ទាំង​ ១២៥ ​អាសនៈ​ក្នុង​រដ្ឋសភា​ជា​វត្តមាន​ដែល​មន្ត្រី​អតីត​គណបក្ស​ប្រឆាំង​មាន​សុទិដ្ឋិនិយម​ថា នឹង​ជំរុញ​ឱ្យ​មាន​ការស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ​។

ដំណើរ​ទស្សនកិច្ច​លើក​នេះ​បាន​ធ្វើ​ឡើង​តាម​ការអញ្ជើញ​​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដែល​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​ ២៩ ​ខែ​តុលា​ ដល់​ថ្ងៃទី​ ៨ ​ខែ​វិច្ឆិកា​ឆ្នាំ​នេះ​។ នេះ​​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​ដោយ​ ការិយាល័យ​ឧត្តមស្នងការ ​អង្គការ​សហប្រជាជាតិ ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (OHCHR) ​កាលពី​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​មុន​។

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​​បាន​បញ្ជាក់​ថា​៖ «​ក្នុង​អំឡុង​ ពេល​ទស្សនកិច្ច​រយៈពេល​ ១១ ​ថ្ងៃ​អ្នក​ជំនាញ​សិទ្ធិមនុស្ស​រូប​នេះ​គ្រោង​ជួបប្រជុំ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​តំណាង​សង្គម​ស៊ីវិល និង​សមាជិក​សហគមន៍​ការទូត​នានា​»​។

ចាប់​តាំងពី​ត្រូវ​បាន​តែងតាំង​​ជា​អ្នករាយការណ៍​ពិសេស​របស់​​អង្គការ​សហប្រជាជាតិ​ (UN) ​ប្រចាំ​កម្ពុជា​កាលពី​ខែ​មីនា​ឆ្នាំ​ ២០១៥ លោកស្រី​ ស្ម៊ីត ​តែងតែ​មក​បំពេញ​បេសកកម្ម​ផ្លូវ​​ការ​នៅ​កម្ពុជា​ទៀងទាត់ និង​ធ្វើ​របាយការណ៍​ប្រចាំ​ឆ្នាំ​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN ។

សេចក្តី​ថ្លែងការណ៍​បាន​បន្ថែម​​ថា លោកស្រី​នឹង​បង្ហាញ​របាយការណ៍​ពី​លទ្ធផល​ទៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៅក្នុង​ខែ​កញ្ញា​​ឆ្នាំ​ ២០១៩​។

ប៉ុន្តែ​លោកស្រី​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​​ពិភាក្សា​អំពី​របក​គំហើញ​បឋម​នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​ថ្ងៃទី​ ៨ ​ខែ​វិច្ឆិកា នៅឯ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​។

កាលពី​ពេល​ថ្លែង​សុន្ទរកថា​​រយៈពេល​ ១៥ ​នាទី​នៅឯ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ UN នា​ថ្ងៃទី​ ២៦ ខែ​កញ្ញា​នៅ​ទីក្រុង​ហ្សឺណែវ​ក្នុង​ឆ្នាំ​នេះ​លោកស្រី​បាន​ផ្តោត​លើ​ព្រឹត្តិការណ៍​មួយ​ចំនួន​ក្នុង​នោះ​លោកស្រី​ ស្ម៊ីត ​បាន​​អះអាង​ថា ការបោះឆ្នោត​ជាតិ​កាលពី​ថ្ងៃ​ទី​ ២៩ ខែ​កក្កដា​គឺជា​ការបោះឆ្នោត​ដែល​មាន​ភាគី​តែ​ម្ខាង ហើយ​ក៏​បាន​លើក​ឡើង​ពី​ការរំលាយ​គណបក្ស​សង្គ្រោះជាតិ​ក៏​ដូចជា​លើកឡើង​ពី​ការចាប់​ខ្លួន​លោក កឹម សុខា ដាក់​​ពន្ធនាគារ​ផង​ដែរ​។

ទន្ទឹម​នឹង​នោះ​លោកស្រី​ក៏​​បាន​លើក​ឡើង​ពី​ការកាត់ទោស​​មន្ត្រី​អាដហុក​ ៥ ​រូប​ និង​អ្នក​ផលិត​ខ្សែភាពយន្ត​ជនជាតិ​​អូស្ត្រាលី​លោក​ James Ricketson ​ដែល​ក្រោយ​មក​បាន​ទទួល​ការលើកលែង​ទោស​ ហើយ​​លោកស្រី​ក៏​បាន​លើក​ពី​ការហាមឃាត់​អ្នក​នយោបាយ​បក្សប្រឆាំង​ ១១៨ ​រូប​មិន​ឲ្យ​ចូលរួម​ក្នុង​ឆាក​នយោបាយ​ ៥ ​ឆ្នាំ និង ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កំណត់ត្រា​សិទ្ធិមនុស្ស​របស់​ខ្លួន​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការអភិវឌ្ឍ​​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ​ផង​ដែរ​។

លោកស្រី រ៉ូណា ស្ម៊ីត បាន​​លើក​ឡើង​ក្នុង​របាយការណ៍​មួយ​​ដាក់​ជូន​ទៅ​កិច្ចប្រជុំ​លើក​ទី​ ៣៩ ​នោះ​ថា​៖ «​សន្តិភាព​ដោយ​គ្មាន​យុត្តិធម៌​គឺ​គ្មាន​និរន្តរភាព​ទេ ហើយ​ការអភិវឌ្ឍ​ដោយ​គ្មាន​​សេរីភាព​ពលរដ្ឋ​នឹង​មិន​ទទួល​​បាន​ប្រយោជន៍​ឡើយ​»​។

អតីត​អ្នក​តំណាងរាស្ត្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ​លោក អ៊ូ ច័ន្ទរ័ត្ន កាលពី​ម្សិលមិញ​បាន​ហៅ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​​ស្ម៊ីត​ថា​នឹង​ក្លាយ​ជា​ «​សម្ពាធ​ថ្មី​» ​មួយ​ទៀត​លើ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ឲ្យ​ស្តារ​លទ្ធិប្រជាធិបតេយ្យ ឡើងវិញ​។

លោក​ថា​៖ «​ទី​ ១ ​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​​សហប្រជាជាតិ ខ្ញុំ​ជឿ​ថា​គេ​មក​​ដើម្បី​ធ្វើ​សេចក្តី​សន្និដ្ឋាន​ជា​ចុងក្រោយ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស ស្ថានភាព​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​វា​គឺជា​តួនាទី​របស់​អង្គការ​សហប្រជាជាតិ​។ ដូច្នេះ ​ខ្ញុំ​សង្ឃឹម​ថា​អាច​នឹង​មាន​សម្ពាធ​លើ​រដ្ឋាភិបាល​បន្ថែម​»​។

លោក​ថា​៖ «...​ខ្ញុំ​ជឿថា ​ប្រហែល​ជា​មាន​សំណើ​មួយ​ចំនួន​ពី​អង្គការ​សហប្រជាជាតិ​ដើម្បី​​ដាក់​ជូន​ទៅ​រដ្ឋាភិបាល​ពិចារណា​រឿង​ទាញ​ត្រឡប់​លទ្ធិ​ប្រជាធិបតេយ្យ​មក​គន្លង​វិញ​។ នេះ​ជា​រឿង​ល្អ ហើយ​ខ្ញុំ​ជឿ​ថា​ប្រហែល​ជា​ ១ ​ទៅ​ ២ ​ខែ​ទៀត​អាច​នឹង​ចេញ​លទ្ធផល​»​។

យ៉ាង​ណា​ក្ដី​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​តាម​ការ Live លើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ម្សិលមិញ​ដែរ​ថា កម្ពុជា​គឺជា​​រដ្ឋ​អធិបតេយ្យ ហើយ​គ្មាន​នរណា​អាច​ជ្រៀតជ្រែក​ ឬ​ដាក់​​សម្ពាធ​លើ​ច្បាប់​កម្ពុជា​បាន​ទេ​។

លោក​ថា​៖ «​ស្ថានភាព​បច្ចុប្បន្ន​​កម្ពុជា បើ​យើង​សួរ​ថា តើ​កម្ពុជា​​ត្រូវការ​បរទេស​មក​រៀបចំ​ឲ្យ​មាន​ការ​រៀបចំ​ការបោះឆ្នោត​ថ្មី ត្រូវការ​បរទេស​ដើម្បី​ធ្វើឲ្យ​មាន​ចំណាត់ការ​ណា​មួយ​លើ​កម្ពុជា អ្វី​ដែល​ខ្ញុំ​ជម្រាប​ជូន​គឺ​ឈរ​ទៅ​លើ​ទី​ ១ ​គឺ​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ គ្មាន​អ្នកណា​មួយ​មក​លុកលុយ​លើ​ច្បាប់​របស់​កម្ពុជា​បាន​នោះ​ទេ ហើយ​ទី​ ២ ​កម្ពុជា​មិនមែន​ជា​រដ្ឋ​បរាជ័យ​ដោយសារ​អ្វីៗ ដំណើរការ​ក្នុង​ភាពប្រក្រតី​​នៃ​ស្ថាប័ន ប្រជាធិបតេយ្យ​ទាំង​ ៣ គឺ​ស្ថាប័ន​នីតិប្បញ្ញត្តិ ស្ថាប័ន​នីតិប្រតិបត្តិ ស្ថាប័ន​តុលាការ​»​។ លោក​បន្ថែម​ថា​៖ «​ស្ថាប័ន​ប្រជាធិបតេយ្យ​ទាំង​ ៣ ​គឺ​កំពុង​ដំណើរការ​ប្រកប​ដោយ​ប្រសិទ្ធភាព ប្រកប​ដោយ​ការ​ពេញចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​»៕ NS