ភ្នំពេញៈ តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានទាមទារយុត្តិធម៌ដល់ពលករខ្មែរម្នាក់ ដែលត្រូវនិយោជកថៃប្រើអំពើហិង្សាវាយនឹងកាំភ្លើងបណ្តាលឱ្យបែកក្បាល បន្ទាប់ពីជនរងគ្រោះបានស្វែងរកកិច្ចអន្តរាគមន៍ដោយក្នុងនោះជនល្មើសប្រឈមនឹងការទទួលទោសទណ្ឌតាមផ្លូវច្បាប់។
កាលពីថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២១ ពលករខ្មែរម្នាក់មានឈ្មោះ ណាំ សុខ ភេទប្រុស អាយុ ៣៤ ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបងត្រូវបាននិយោជកប្រើអំពើហិង្សាវាយនឹងកាំភ្លើង បណ្តាលឱ្យបែកក្បាលនៅបរិវេណផ្សារបានម៉ៃ ខេត្តឆាក់ឈើងសៅ។ ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះក៏បានស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដើម្បីស្វែងរកយុត្តិធម៌។
ទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានឱ្យដឹងកាលពីថ្ងៃទី ១៥ កុម្ភៈថា ការចុះអន្តរាគមន៍នេះបានធ្វើឡើងកាលពីថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅស្នងការដ្ឋាននគរបាលខេត្តឆាក់ឈើងសៅ ដោយមានតំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានសហការជាមួយអាជ្ញាធរថៃ ដើម្បីជួបចរចាស្វែងរកដំណោះស្រាយ។
ទំព័រហ្វេសប៊ុកដដែលបានបញ្ជាក់ថា៖ «បន្ទាប់ពីប្រជុំរកដំណោះស្រាយរួមគ្នារួចមក ពលករទទួលបានភាពយុត្តិធម៌នូវបញ្ហាដែលគាត់បានទាមទារចំនួន ៤ ចំណុច និងមានទឹកចិត្តសប្បាយរីករាយចំពោះលទ្ធផលនៃចំណាត់ការរបស់អាជ្ញាធរ»។
ក្រៅពីផ្តល់យុត្តិធម៌នេះស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក៏បានអះអាងថា អាជ្ញាធរថៃនឹងមានចំណាត់ការបន្តតាមច្បាប់ក្នុងប្រទេសថៃ ដើម្បីផ្តន្ទាទោសទៅលើនិយោជក ដែលបានប្រើអំពើហិង្សាលើពលករខ្មែរ។
ភ្នំពេញប៉ុស្តិ៍មិនអាចស្វែងរកលេខទំនាក់ទំនង លោក ណាំ សុខ ជាជនរងគ្រោះក្នុងហេតុការណ៍អំពើហិង្សានេះបានទេ។ ចំណែកមន្ត្រីស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ក៏មិនអាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែមបានដែរ កាលពីម្សិលមិញ ព្រោះមិនមានអ្នកលើកទូរស័ព្ទ។
ប៉ុន្តែលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រាប់ភ្នំពេញប៉ុស្តិ៍យ៉ាងខ្លីថា ស្ថានទូតកម្ពុជាបានជួយដោះស្រាយជូនជនរងគ្រោះរួចរាល់ហើយ។
លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃការអង្គការ Central បានសាទរចំពោះដំណោះស្រាយដែលពលកររូបនេះទទួលបានហើយរំពឹងថា បញ្ហារបស់ពលករ-កម្ពុជានឹងត្រូវបានយកចិត្តទុកដាក់ និងដោះស្រាយគ្រប់ៗគ្នា ដោយគ្មានការរើសអើង។
លោកបញ្ជាក់ថា៖ «យើងមិនទាន់ទទួលបានព័ត៌មានពេញលេញទេថា គាត់ទទួលបានយុត្តិធម៌នៅឡើយទេ ដោយគ្រាន់តែទទួលបានថា មានការអន្តរាគមន៍។ ដូច្នេះបើអាជ្ញាធរកម្ពុជា ឬថៃ បានបំពេញកាតព្វកិច្ចនេះ គឺជារឿងសាទរ ចំពោះការបំពេញការងារ ហើយមួយទៀតក៏ដូចជាអាជ្ញាធរថៃដែរ ដែលត្រូវតែចាត់វិធានការ»។
បន្ថែមពីនេះ លោក ឌី ថេហូយ៉ា បាននិយាយថា ប្រសិនបើការទាមទារនេះ គ្រាន់តែជាការសងសំណងជំងឺចិត្តនោះ គឺមិនគ្រប់គ្រាន់នោះទេ ព្រោះសមត្ថកិច្ចត្រូវតែមានការអនុវត្តទៅតាមច្បាប់ឱ្យមានប្រសិទ្ធភាព និងយុត្តិធម៌ដើម្បីចៀសវាងថៅកែថៃផ្សេងៗទៀត យកធ្វើជាគំរូអាក្រក់ដោយសំអាងតែខ្លួនឯងមានអំណាចផ្នែកសេដ្ឋកិច្ច ចង់ធ្វើអ្វីក៏បាន។ «នេះគឺជារឿងមួយអសីលធម៌ណាស់ ហើយប្រើហិង្សាដោយកំរោលយកកាំភ្លើងវាយក្បាលនេះ គឺក្នុងន័យមើលងាយ មិនគោរពភាពជាមនុស្សសោះ»៕