កំពង់ស្ពឺៈ តំណាង​កម្មករ​ដែល​​រង​ការបណ្តេញ​ចេញ​ពី​ការងារ​បាន​អំពាវនាវ​ឲ្យ​កម្មករ​ចូល​ធ្វើការ​វិញ​តាម​សេចក្តី​សម្រេច​ជា​លើក​ទី​ ២ ​របស់​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ដែល​កំណត់​ឱសានវាទ​ត្រឹម​ ៤៨ ​ម៉ោង បន្ទាប់ពី​កម្មករ​​បាន​ផ្ទុះ​ការតវ៉ា​ជាថ្មី និង​បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ការងារ​កាលពី​ចុង​សប្តាហ៍​មុន​។

កម្មករ​រោងចក្រ ម៉ូណូភា Monopia (Cambodia) ៦០០ ​នាក់​ បាន​ផ្ទុះ​ការតវ៉ា​តាំង​នៅមុខ​រោងចក្រ​ក្នុងស្រុក​សំរោងទង​ ខេត្ត​កំពង់ស្ពឺ​កាលពី​ថ្ងៃទី​ ១៤ ខែ​វិច្ឆិកា ក្រោយ​ទទួល​ដំណឹង​ពី​ការបញ្ឈប់​តំណាង​ពួកគេ​ ២ ​នាក់ ហើយ​ការតវ៉ា​នេះ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​បាន​ចេញ​ដីកា​រក្សា​ការពារ​ម្តង​រួច​មក​ហើយ​ឲ្យ​កម្មករ​ចូល​ធ្វើការ​វិញ ខណៈ​​មាន​កម្មករ​ចំនួន​ ៧ ​នាក់​ទៀត​ក៏​ត្រូវបាន​ព្យូរការងារ​ផង​ដែរ​។

លោក អឿន ចាន់នី តំណាង​កម្មករ​ដែល​ត្រូវបាន​រោងចក្រ​បញ្ឈប់​ពី​ការងារ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រោយ​តវ៉ា​ជា​បន្តបន្ទាប់​នេះ​កាលពី​ចុង​សប្តាហ៍​មុន​មាន​កម្មករ​ជាច្រើន​រយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​ក្រសួង​ការងារ​ដើម្បី​សុំ​កិច្ចអន្តរាគមន៍​ឲ្យ​រោងចក្រ​ទទួល​កម្មករ និង​តំណាង​របស់​ពួកគេ​ ៩ ​នាក់​ឲ្យ​ចូល​ធ្វើការ​វិញ​។

លោក​បញ្ជាក់​ថា ក្នុងអំឡុង​ការតវ៉ា​នេះ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ក៏​បានចេញ​សេចក្តី​សម្រេច​ជា​លើក​ទី​ ២ ​ដោយ​តម្រូវ​ឲ្យ​កម្មករ​ទាំងអស់​ចូលធ្វើការ​វិញ​ក្នុង​អំឡុង​ពេល​ ៤៨ ​ម៉ោង​។ ប៉ុន្តែ​លោក​​ថា រហូត​មក​ទល់​រសៀល​ថ្ងៃ​ចន្ទ​ [​ម្សិលមិញ​] ​មាន​កម្មករ​ជាច្រើន​មិន​ព្រម​ចូល​ធ្វើការ​ទេ ប៉ុន្តែ​ក្នុង​​នាម​តំណាង​លោក​ស្នើ​ឲ្យ​កម្មករ​​ចូល​ធ្វើការ​វិញ​ចៀសវាង​ខុស​នីតិវិធី​របស់​សាលាដំបូង​ខេត្ត​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សុំ​ឲ្យ​កម្មករ​ចូល​ធ្វើការ​សិន ព្រោះ​ដីការ​ក្សា​ការពារ​សម្រេច​ ៤៨ ​ម៉ោង​ ឲ្យ​កម្មករ​ចូល​ធ្វើការ​វិញ​។ យើង​នឹង​បន្ត​ដើរ​តាម​នីតិវិធី​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ (​ក្រសួង​ការងារ​) ​ដែល​យើង​បាន​ដាក់​ពាក្យបណ្តឹង​សុំ​ដំណោះស្រាយ​។ យើង​ធ្វើ​បែបនេះ​ដើម្បី​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ដោះស្រាយ ហើយ​បើ​អាជ្ញាកណ្តាល​ថា ម៉េចៗ​ទៀត​យើង​មាន​សិទ្ធិ​ធ្វើ​កូដកម្ម​បន្តទៀត​»​។

លោក ស៊ន វិរៈ អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាងខ្លី​កាលពី​ម្សិលមិញ​ថា សាលាដំបូង​ខេត្ត​​ពិតជា​បាន​សម្រេច​ជា​លើក​ទី​ ២ ​ឲ្យ​កម្មករ​រោងចក្រ​នេះ​ចូល​ធ្វើការ​វិញ​ក្នុង​អំឡុងពេល​ ៤៨ ​ម៉ោង​មែន ប៉ុន្តែ​លោក​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ពី​ករណីនេះ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​នឹង​ជូនដំណឹង​ពេល​ក្រោយ​។ រឿង​អ្វី​ផ្សេង​ទៀត សុំ​អញ្ញើញ​មកជួប​គាត់​ [​តុលាការ​] ​ផ្ទាល់​ទៅ​»​។

អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ មិន​អាច​សុំ​ការអត្ថាធិប្បាយ​បានទេ ខណៈ​លោក ទេស រុក្ខាផល អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅ​តាម​គ្រប់​មុខសញ្ញា​នៃ​ក្រសួង​ការងារ​ក៏​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​ដូចគ្នា កាលពី​ម្សិលមិញ​។

លោក សំ សុជា ប្រធាន​រដ្ឋបាល​រោងចក្រ ម៉ូណូភា ក៏​មិន​អាច​សុំ​អត្ថាធិប្បាយ​បានដែរ​កាលពី​ម្សិលមិញ​។ ប៉ុន្តែ​លោក​ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា រោងចក្រ​គ្មាន​ជំហរ​ទទួល​យក​តំណាង​កម្មករ​ ២ ​នាក់​ឲ្យ​ចូល​ធ្វើការ​វិញ​ទេ ដោយសារ​ការបញ្ឈប់​ពី​ការងារ​នេះ​ធ្វើឡើង​ដោយ​មាន​ការអនុញ្ញាត​ពី​មន្ត្រី​អធិការកិច្ច​នៃ​មន្ទីរ​ការងារ​ខេត្ត​បន្ទាប់ពី​ចុះ​អង្កេត រកឃើញ​ថា​ពួកគេ​ពិត​ជា​មាន​កំហុស​នោះ​។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​ថ្លែងថា វិវាទ​នឹង​កាន់តែ​រីកធំ​ឡើង​នៅពេល​រោងចក្រ​តែងតែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​មក​ដាក់​គំនាប​លើ​កម្មករ ហើយ​ដើរតួនាទី​ជំនួស​ឲ្យ​យន្តការ​នៃ​ការដោះស្រាយ​វិវាទ​ការងារ​។

លោក​ថា​៖ «​ដើម្បី​ឲ្យ​ដំណោះស្រាយ​មួយ​មាន​ភាពល្អប្រសើរ​​និយោជក​មិន​ត្រូវ​ប្រើ​ប្រព័ន្ធ​តុលាការ​ ឬ​មួយ​ក៏​តុលាការ​ត្រូវ​​ពិនិត្យមើល​លើ​ថៅកែ​ដែល​ប្រើប្រាស់​ដីកា​រក្សាការពារ​ហ្នឹង​យក​មក​បញ្ឈប់​កម្មករ​ ឬ​បណ្តេញ​កម្មករ​ចេញ​ពី​រោងចក្រ និង​ដាក់​សម្ពាធ គំរាមកំហែង​កម្មករ​មិន​ឲ្យ​តវ៉ា​ដែល​ទាំងអស់​នេះ យើង​កុំ​ប្រើប្រាស់​អាហ្នឹង​។ យើង​មាន​ប្រព័ន្ធ​ច្បាប់​ជា​គោល ហើយ​បើ​មន្ត្រី​ទាំងអស់​គាត់​ធ្វើការ​ដោយ​តម្លាភាព​យើង​អាច​ប្រើប្រាស់​ច្បាប់​ការងារ​ជា​គោល​»​។

លោក ស៊ីណា បញ្ជាក់​ថា​ដំណោះស្រាយ​គឺ​មាន​តែ​ការចេញ​សេចក្តី​សម្រេច​របស់​ក្រសួង​ការងារ​ដើម្បី​បញ្ជា​ឲ្យ​រោងចក្រ​នៅតែ​ទទួល​តំណាង​កម្មករ​ហើយ​សេចក្តី​សម្រេច​នេះ​ត្រូវតែ​មាន​អានុភាព​ឲ្យ​ភាគី​រោងចក្រ​គោរព​តាម និង​ចៀសវាង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​៕