
លោក អាន សុខខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ។ ការិយាល័យកម្ពុជាប្រចាំ UN
ភ្នំពេញ៖ តំណាងអចិន្ត្រៃយ៍កម្ពុជា នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រចាំទីក្រុងហ្សឺណែវ មានការខកចិត្តយ៉ាងខ្លាំង ចំពោះគណៈប្រតិភូហ្វាំងឡង់ ដែលមិនបានប្រកាន់យកវិធីសាស្រ្តប្រកបដោយភាពសត្យានុម័ត នៅពេលវាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
លោក អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា បានលើកឡើងដូចនេះ ក្នុងបទអន្តរាគមន៍នាសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី១០ ស្តីពីកិច្ចសហប្រតិបត្តិការបចេ្ចកទេស “សិទ្ធិឆ្លើយតប ទៅនឹងគណៈប្រតិភូហ្វាំងឡង់” កាលពីថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២១ ក្នុងទីក្រុងហ្សឺណែវ។
លោកបានថ្លែងថា៖ «ការដែលហ្វាំងឡង់ អំពាវនាវឱ្យកម្ពុជា សហការជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ នូវការមិនអើពើរបស់ហ្វាំងឡង់ ចំពោះការពិតនៅកម្ពុជា»។
លោកអាន សុខខឿន បានបញ្ជាក់បន្ថែមថា វត្តមានជិតបីទសវត្សរ៍ នៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រចាំកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៣ មក ដែលបច្ចុប្បន្ននេះ បានក្លាយជាការិយាល័យវ័យចំណាស់ជាងគេបំផុត នៅលើពិភពលោក គឺជាសក្ខីភាពមួយ ឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការដោយបើកចំហ និងស្ថាបនារបស់កម្ពុជា ជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
មួយវិញទៀត ទាក់ទងនឹងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ ១៩ ដែលត្រូវបានអនុម័តនាពេលថ្មីៗនេះ គឺច្បាប់នេះពុំមានគោលបំណងដាក់ទោសទណ្ឌ លើបុគ្គលណាម្នាក់នោះទេ ផ្ទុយទៅវិញ ច្បាប់នេះមានគោលបំណងការពារអាយុជីវិត និងលើកទឹកចិត្តពលរដ្ឋគ្រប់រូប ឱ្យចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចប្រឹងប្រែងធានាសុវត្ថិភាព សុខភាពសាធារណៈ និងអាយុជីវិតដ៏មានតម្លៃរបស់ពលរដ្ឋ៕