
ក្រុមពលរដ្ឋខេត្តកោះកុងពេលមកដាក់ញត្តិនៅស្ថានទូតអាមេរិកពីម្សិល។ ហេង ជីវ័ន
ភ្នំពេញៈ ពលរដ្ឋចំនួន ២០ នាក់តំណាងឲ្យសហគមន៍កោះស្ដេច និងសហគមន៍សំរុងតាកែវ ស្រុកគិរីសាគរ និងបទុមសាគរ ខេត្ដកោះកុងបាននាំគ្នាមកស្ថានទូតអាមេរិក ស្ថានទូតអឺរ៉ុប ស្ថានទូតចិន ក្រសួងបរិស្ថាន និងក្រសួងរៀបចំដែនដីកាលពីម្សិលមិញដើម្បីសុំអន្ដរាគមន៍លើជម្លោះដីធ្លីជាង ១ ទសវត្សរ៍ជាមួយក្រុមហ៊ុនយូញៀនឌីវើឡុបមិនគ្រុបដែលនៅមិនទាន់បានបញ្ចប់ការដោះស្រាយ ។
អ្នកស្រី សាំង ពុយ ជាពលរដ្ឋម្នាក់ក្នុងចំណោមនោះដែលតំណាងសហគមន៍ចំនួន ៧៧ គ្រួសារក្នុងស្រុកគិរីសាគរ និងបទុមសាគរបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ការដាក់ញត្ដិនេះគឺដើម្បីសុំជួយពន្លឿនការរកដំណោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ ខណៈស្ថានទូតខ្លះបានទទួលរួចហើយ។
អ្នកស្រីបន្ដថា៖ «ខាងស្ថានទូតអាមេរិក និងសហភាពអឺរ៉ុបបានទទួលញត្ដិយើងរួចហើយ ហើយយើងនឹងបន្ដដាក់ញត្ដិទៅក្រសួង និងស្ថានទូតចិនទៀត។ យើងធ្លាប់បានស្នើសុំឲ្យអាជ្ញាធរ និងបានដាក់ញត្ដិទៅអន្ដរក្រសួងច្រើនលើករួចមកហើយ ប៉ុន្ដែគាត់ (អាជ្ញាធរ) ថាដោយសារពួកយើងនៅខាងក្រៅឃុំ ...» ។
អ្នកស្រីបានឲ្យដឹងថា ពលរដ្ឋដែលកំពុងជួបបញ្ហាទាំង ២ ស្រុកនេះមាន ៧៧ គ្រួសារ និងមានផ្ទៃដីប្រមាណ ១៧០ ហិកតាជាដីរបស់ពួកគាត់បានរស់នៅតាំងពីដូនតា (ឆ្នាំ ១៩៨០) រីឯទំនាស់មានរយៈពេលជាង ១០ ឆ្នាំហើយ ចាប់តាំងពីក្រុមហ៊ុនឈ្មោះ យូញៀនឌីវើឡុបមិនគ្រុប (Union Development Group) មកអភិវឌ្ឍដោយចង់ឈូសឆាយផ្ទះ និងដំណាំ ហើយចង់រំលោភយកដី ខណៈពលរដ្ឋមានប្លង់កម្មសិទ្ធិ ។
អ្នកស្រីបន្ថែមថា៖ «ដីពួកយើងមានប្លង់កម្មសិទ្ធិអស់ហើយ ពេលពួកយើងតវ៉ាខ្លាំងទើបពួកគាត់ (អាជ្ញាធរ) ថាសុំពេលសិក្សាសិន ហើយពួកគាត់សិក្សារឿងនេះជាង ១០ ឆ្នាំហើយនៅមិនទាន់មានដំណោះស្រាយទៀតទើបពួកខ្ញុំឡើងមកដាក់ញត្ដិស្នើសុំពន្លឿនស្វែងរកដំណោះស្រាយបែបនេះ»។
លោក សំ ធី តំណាងសហគមន៍ម្នាក់ទៀតបានថ្លែងពេលដាក់ញត្តិដែរថា ជាង១០ ឆ្នាំមកនេះពួកគាត់ពិបាករស់នៅណាស់ ព្រោះក្រុមហ៊ុនមិនឲ្យធ្វើស្រែ និងដាំដំណាំលើដីនោះចំណែកក្រុមហ៊ុនដឹងតែឈូសឆាយផ្ទះ និងដំណាំព្រមទាំងមិនឲ្យធ្វើដំណើរលើដីនោះទៀត ។
លោកបានថ្លែងថា៖ «ផ្ទះ និងដំណាំ ពួកយើងតាំងពីដូនតា...ក្រុមហ៊ុនបានយកគ្រឿងចក្រមកឈូសចោលអស់ហើយ។ គេឈូសហើយគេទុកដីចោល ទុកដីយើងទំនេរ ហើយហាមយើងមិនឲ្យចូលទីតាំងដីនោះទេគេថាជាដីក្រុមហ៊ុន»។
លោកថ្លែងថា៖ «ខ្ញុំសូមស្នើសុំទៅរាជរដ្ឋាភិបាល ពិសេសសម្ដេចនាយករដ្ឋមន្ដ្រីសូមជួយដោះស្រាយកាត់ឆ្វៀលដីឲ្យពួកខ្ញុំទាំងអស់គ្នាផង ព្រោះពួកខ្ញុំទាំងអស់គ្នានេះគ្មានដីធ្វើស្រែធ្វើចម្ការ ហូបទេ...។ ជាធម្មតាពួកខ្ញុំអាចធ្វើស្រែ ១ ឆ្នាំទុកហូបបានរហូតដល់ ២ ឆ្នាំក៏មានដែរ ពួកខ្ញុំមិនអាស្រ័យនៅលើគេជួយទេ»។
លោក សុខ ចេង មេឃុំកោះស្ដេច ស្រុកគិរីសាគរ បានថ្លែងថាពលរដ្ឋដែលដាក់ញត្ដិមាន ២ ក្រុមគឺ ១ ក្រុមជាអ្នកនៅភូមិចាស់ និង ១ ក្រុមទៀតរស់នៅក្រៅឃុំដែលអាជ្ញាធរនៅមិនទាន់បានដោះស្រាយ។
លោកថា៖ «អ្នកនៅតំបន់ភូមិចាស់ហ្នឹងជំនាន់កាលពីគណៈកម្មការអន្ដរក្រសួងចុះដោះស្រាយនោះមានប៉ះពារដល់ដីពលរដ្ឋមួយចំនួនដែលពួកគាត់ថា ជាដីរបស់ពួកគាត់ ។ ចំណែកមួយក្រុមទៀតពួកគាត់រស់នៅក្រៅឃុំ ហើយដីហ្នឹងកាលខ្ញុំទៅប្រជុំជាមួយលោករដ្ឋមន្ដ្រីក្រសួងបរិស្ថានគាត់ក៏បានបង្កើតក្រុមការងារដើម្បីដោះស្រាយជូនពួកគាត់ដែរ ប៉ុន្ដែដោយសារការងារហ្នឹងនៅមិនទាន់ចប់រួចរាល់»។
លោក ចេង អះអាងថា៖ «ថ្នាក់លើគឺគាត់ដោះស្រាយឲ្យ ប៉ុន្ដែយើងមិនទាន់ដឹងថាថ្នាក់លើគាត់ដោះស្រាយតាមគោលនយោបាយ ឬតាមបែបណា ខ្ញុំក៏មិនទាន់ដឹងដែរ»។
លោក ឃឹម ច័ន្ទឌី អភិបាលស្រុកគិរីសាគរបានឲ្យដឹងថា យន្ដការដោះស្រាយបញ្ហាដីធ្លីកន្លងមកមានលោករដ្ឋមន្ដ្រីបរិស្ថានជាប្រធានដោយដោះស្រាយបាននៅឃុំមួយចំនួន ។
លោកថា៖ «អ៊ីចឹងកន្លងមកនេះគឺបានដំណើរការដោះស្រាយក្នុងក្របខ័ណ្ឌ ២ ឃុំគឺឃុំកោះស្ដេច និងឃុំភ្ញីមាស គឺបានរួចនៅសល់តិចតួចទេ ។ ដោយឡែក ឃុំព្រែកខ្សាច់...គឺរដ្ឋាភិបាលបានសម្រេចកាត់ឆ្វៀលដីជូនពួកគាត់ ហើយតាមរយៈការសម្រេចហ្នឹង ក្រុមការងារអន្ដរក្រសួងថ្នាក់ជាតិ សហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិបានចុះទៅវាស់វែង ដើម្បីពិនិត្យមើលអត្ដសញ្ញាណក្បាលដីរបស់ពួកគាត់...»។
លោកបន្ថែមថា៖ «អ៊ីចឹងការវាស់វែងអីហ្នឹង យើងបានសម្រេចរួចរាល់ហើយ តាំងពីមុនការបោះឆ្នោតថ្នាក់ជាតិលើកទី ៦ នេះមកម្ល៉េះ គ្រាន់តែការសម្រេចគឺអាស្រ័យទៅលើថ្នាក់ជាតិ...ថាត្រូវឆ្វៀលជូនពួកគាត់ (ពលរដ្ឋ) ប៉ុន្មាន អ្នកណាខ្លះនឹងទទួលបាននូវការកាត់ឆ្វៀលហ្នឹងគឺនៅមិនទាន់មានការសម្រេចទេ»។
លោក ម៉ម ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងបានឲ្យដឹងដែរថា ការដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋក្នុងស្រុកគិរីសាគរ និងបទុមសាគរនេះគឺក្រុមការងារបានចុះវាស់វែងដីធ្លីមួយចំនួនដែលរដ្ឋាភិបាលបានសម្រេចប្រគល់ជូនពលរដ្ឋរួចហើយ។
លោកបន្ដថា៖ «យើងបានធ្វើហើយយើងបានចងក្រងឯកសារមួយចំនួន ដើម្បីដាក់ជូនទៅថ្នាក់ដឹកនាំដើម្បីពិនិត្យ និងសម្រេចហើយ។ និយាយជារួមគឺយើងបានធ្វើច្រើនហើយ ប៉ុន្ដែគ្រាន់តែថា ការសម្រេចចុងក្រោយនៅមិនទាន់បានចេញជាផ្លូវការ...»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ដ្រា បានឲ្យដឹងកាលពីម្សិលមិញថាក្រសួងបរិស្ថានធ្លាប់បានទទួលញត្តិមួយចំនួននាពេលកន្លងទៅពីពលរដ្ឋក្នុងជម្លោះដីធ្លីនៅខេត្តកោះកុងនេះ និងបានរកឃើញមានភាពមិនប្រក្រតី។
លោកថា៖ «ក្រសួងបានចុះពិនិត្យ និងដោះស្រាយលើបញ្ហានេះ និងបន្តពិនិត្យលើបញ្ហាដែលនៅសេសសល់។
កន្លងទៅគណៈកម្មការដោះស្រាយបញ្ហានេះបានរកឃើញភាពមិនប្រក្រតីមួយចំនួននៅក្នុងចំណោមអ្នកតវ៉ាដីធ្លីដូចជាអ្នកដែលអះអាងថាមានម្ចាស់ដីខ្លះមានទាំងឈ្មោះប្តីផង ប្រពន្ធផង និងកូនផង ហើយគ្រួសារខ្លះទាមទារថា ដីខ្លួនមានរហូតដល់ ៧០ ហិកតាក្នុងម្នាក់ ខ្លះមិនមានលំនៅលើដីមានបញ្ហាជាអ្នកទៅពីភ្នំពេញ តែអះអាងថាមានដីកាន់កាប់»។
លោកបន្ថែមថា៖ «ដូច្នេះក្រសួងបរិស្ថានត្រូវពិនិត្យលើបញ្ហាទាំងនេះជាមុនសិនដើម្បីដោះស្រាយបញ្ហាឱ្យចំបញ្ហា ចៀសវាងកុំឱ្យមានជនឆ្លៀតឱកាស មកបន្លំជាមួយអ្នកមានបញ្ហាពិតប្រាកដ។ ប្រសិនបើបងប្អូនពលរដ្ឋខ្វះដីពិតប្រាកដ សូមដាក់សំណើមកអាជ្ញាធរដើម្បីដោះស្រាយជូន»៕