ភ្នំពេញៈ តំណាងពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន នៅខេត្តកោះកុងជាង ១០ នាក់ កាលពីម្សិលមិញ បានមកដាក់ញត្តិនៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដើម្បីសុំឲ្យជួយអន្តរាគមន៍ករណីជម្លោះដីធ្លី បន្ទាប់ពីពឹងពាក់លើស្ថាប័នរដ្ឋអស់ពេលជិត ១០ ឆ្នាំមកហើយ តែនៅពុំទាន់មានដំណោះស្រាយ។
អ្នកស្រី តាំង កុយ ជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋមានជម្លោះដីធ្លីដទៃទៀត បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ជម្លោះដីធ្លីដែលធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋប្រមាណ ២៦ គ្រួសារ លើផ្ទៃទំហំ ៤៣២ ហិកតា នៅក្នុងស្រុកចំនួន ២ គឺស្រុកគិរីសាគរ និងស្រុកបទុមសាគរនោះ បានកើតឡើងតាំងពីឆ្នាំ ២០១០ មកម្ល៉េះ បន្ទាប់ពីរដ្ឋាភិបាលបានផ្តល់ដីសម្បទានទៅឲ្យក្រុមហ៊ុនចិន UDG ធ្វើការវិនិយោគ។
អ្នកស្រីបន្តថា ក្រោយមានជម្លោះនេះ ពលរដ្ឋបានស្វែងរកអន្តរាគមន៍ពីគ្រប់ស្ថាប័នរដ្ឋតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ ដើម្បីឲ្យជួយដោះស្រាយ ព្រមទាំងធ្លាប់បានតវ៉ានៅមុខស្ថានទូតចិន ឲ្យជំរុញទៅក្រុមហ៊ុនចិនផ្តល់ដីរបស់ពលរដ្ឋត្រឡប់មកវិញ ប៉ុន្តែមិនដែលបានលទ្ធផលនោះទេ។
អ្នកស្រីបញ្ជាក់ថា៖ «ដែលយើងរំពឹងថា ប្រទេសមហាអំណាចគាត់អាចជួយជំរុញទៅកាន់រដ្ឋាភិបាល ហើយជួយជំរុញទៅកាន់ប្រទេសដែលក្រុមហ៊ុនរបស់គាត់ចូលមករំលោភសិទ្ធិពួកយើង។ យើងទាំងអស់គ្នា ដែលម្ចាស់កម្មសិទ្ធិហ្នឹង សុំតែយុត្តិធម៌ បើមិនមានយុត្តិធម៌មានតែប្រឹងទាមទារបន្តទៀត»។
លោកស្រី Emily Zeeberg អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាបាននិយាយថា ស្ថានទូតបានទទួលញត្តិរបស់ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តកោះកុងនោះហើយ។ លោកស្រីបន្តថា ស្ថានទូតអាមេរិកនឹងបន្តជំរុញទៅកាន់រដ្ឋាភិបាលជុំវិញបញ្ហានេះ។
លោកស្រីបញ្ជាក់ថា៖ «យើងបន្តជំរុញទៅកាន់រាជរដ្ឋាភិបាលកម្ពុជាឲ្យមានការការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជា រួមទាំងសិទ្ធិជួបជុំដោយសន្តិវិធី និងសេរីភាពបញ្ចេញមតិ»។
ទោះជាយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ករណីនេះ គ្មានមន្ត្រីទូត ឬស្ថានទូតបរទេសណាមួយ មានដែនសមត្ថកិច្ចដោះស្រាយនូវករណីវិវាទណាមួយបានឡើយ គឺមានតែស្ថាប័នតុលាការតែប៉ុណ្ណោះ ដែលមានសមត្ថកិច្ចវិនិច្ឆ័យដោះស្រាយរាល់គ្រប់វិវាទទាំងអស់ ដែលជាអំណាច និងដែនសមត្ថកិច្ចផ្តល់ដោយរដ្ឋធម្មនុញ្ញកម្ពុជា។ ម្យ៉ាង ករណីដីធ្លីទាំងនេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម បានដោះស្រាយអស់ហើយ ក្នុងនោះក៏មានការចូលរួមពីសហគមអឺរ៉ុបផងដែរ។
លោកបញ្ជាក់ថា៖ «ទិសដៅទៅរកស្ថានទូតអាមេរិកហ្នឹង ហាក់បីជារឿងនយោបាយធ្វើការប្រឆាំងជាមួយការអន្តរាគមន៍ជាមួយស្ថានទូតចិន។ ពួកហ្នឹងមានបរទេសនៅពីក្រោយ ជំរុញឲ្យមានបាតុភាពនេះឡើង ដូច្នេះ ខ្ញុំនៅតែលើកទឹកចិត្តឲ្យទៅរកតុលាការខ្មែរ ដែលមានដែនសមត្ថកិច្ចក្នុងការដោះស្រាយ និងរកយុត្តិធម៌ដល់ជនទាំងអស់នោះ»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យអង្គការសមាគមសិទ្ធិមនុស្សអាដហុកបានយល់ស្របនឹងការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលដែលថា គ្រប់ស្ថានទូតទាំងអស់មិនមានសិទ្ធិសម្រេចពីករណីនេះ។
បើតាមលោក ករុណា ក្នុងករណីដែលពលរដ្ឋបានកាន់កាប់ដីមិនមានកម្មសិទ្ធិស្របច្បាប់ហើយមានជម្លោះនោះ គឺពលរដ្ឋត្រូវស្វែងរកកិច្ចអន្តរាគមន៍ទៅកាន់អាជ្ញាធរដែនដី ដែលមានពីមន្ត្រីថ្នាក់ក្រោមរហូតដល់ថ្នាក់ជាតិ។ ចំណែកជម្លោះដីធ្លីមានបណ្ណកម្មសិទ្ធិត្រឹមត្រូវនោះ គឺត្រូវស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នតុលាការ។
ទាក់ទងនឹងទំនាស់ដីធ្លីនេះ លោក សុខ សុទ្ធី អ្នកនាំពាក្យសាលាខេត្តកោះកុង ធ្លាប់បានថ្លែងកាលពីថ្ងៃ ១២ សីហា ថា បញ្ហាដែលចេះតែបន្តមានគឺដោយសារពលរដ្ឋមួយចំនួនបានទាមទារសំណងហួសហេតុពេក ហើយករណីខ្លះដោយសារឡើងថ្លៃ និងមានការញុះញង់ពីអ្នកខាងក្រៅ។
លោកថ្លែងថា ករណីនេះនៅសល់ប្រមាណជា ១០ ទៅ ២០ ភាគរយទេ ខណៈក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធកំពុងបន្តដោះស្រាយ៕