ភ្នំពេញៈ តំណាងគ្រូបង្រៀន មកពីតាមបណ្តាខេត្ត-រាជធានី ជាង ២០ ក្នុងប្រទេសនឹងមកជួបជុំគ្នាក្នុងសិក្ខាសាលាមួយដែលរៀបចំ ដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃ ទី៨ ដល់ថ្ងៃ ទី១០ ខែ វិច្ឆិកា នៅភោជនីយដ្ឋានទន្លេ បាសាក់ ក្នុងរាជធានីភ្នំពេញ។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនេះកាលពីម្សិលមិញបាន ឲ្យដឹងថា លោកគ្រូ អ្នកគ្រូ ជាតំណាងឲ្យគ្រូនៅក្នុងប្រទេសប្រមាណជា ៣២នាក់ នឹងមកចូលរួមក្នុងសិក្ខាសាលាពីថ្ងៃ ទី៨ ដល់ថ្ងៃ ទី១០ វិច្ឆិកា នេះ ដើម្បីលើកឡើងអំពីទុក្ខកង្វល់និងបញ្ហាប្រឈមរបស់ខ្លួននៅក្នុងវិស័យអប់រំ។
លោក រ៉ុង ឈុន បាននិយាយកាលពីម្សិលមិញថា៖ «យើងធ្វើការផ្តោតលើគោលនយោបាយអប់រំ និងការផ្តល់ឱកាសឲ្យគ្រូបង្រៀនទាំងនោះ លើកឡើងពីបញ្ហាប្រឈមរបស់ពួកគេដែលកំពុងជួបប្រទះរាល់ថ្ងៃនេះ។ បន្ទាប់មកយើងនឹងប្រមូលនូវទុក្ខកង្វល់និងបញ្ហាប្រឈមទាំងនោះ ដាក់ជូនក្រសួង អប់រំ ដែលយើងនឹងយកទៅជួបផ្ទាល់ ជាមួយរដ្ឋមន្រ្តីក្រសួង អប់រំ»។
លោក រ៉ុង ឈុន បានបញ្ជាក់ទៀតថា អ្វីដែលជាកង្វល់និងការប្រឈមរបស់ពួកគេគឺប្រាក់បៀវត្សរ៍ ការរើសអើង កង្វះសៀវភៅសិក្សារបស់សិស្សនិងបញ្ហាពុករលួយ នោះជាដើម។
លោក រ៉ុង ឈុន ថ្លែងដែរថា៖ «ការលើកឡើងរបស់លោកគ្រូអ្នកគ្រូបង្រៀន គឺសុទ្ធតែជារឿងពិត ដែលជាបញ្ហាកំពុងប្រឈម ហើយជាចំណុចដែលធ្វើឲ្យប៉ះពាល់ដល់វិស័យអប់រំផង។ ខ្ញុំយល់ឃើញថា វាមានសារៈសំខាន់និងមានទម្ងន់ខ្លាំងណាស់ទៅលើក្រសួង អប់រំ ក្នុងការទទួលយកបញ្ហានេះទៅពិចារណា»។
អ្នកគ្រូ គឹម ដារ៉ានី បង្រៀននៅសាលាបឋមសិក្សា ពោធិ៍សាត់ ដែលកំពុងធ្វើដំណើរមកចូលរួមសិក្ខាសាលានេះប្រាប់ថា សិក្ខាសាលានេះមានសារៈសំខាន់សម្រាប់រូបគាត់ និងគ្រូៗទាំងអស់ ដោយសារថា វាជាឱកាសមួយក្នុងការបញ្ចេញពីទុក្ខកង្វល់របស់គ្រូៗផ្ទាល់។
អ្នកគ្រូនិយាយថា៖ «ខ្ញុំចង់ឲ្យមានការដោះស្រាយខ្លាំងជាងគេ គឺប្រាក់ខែខ្ពស់ជាងនេះ។ ខ្ញុំធ្វើជាគ្រូ ៣២ឆ្នាំ ហើយ តែខ្ញុំបានទទួលប្រាក់ខែត្រឹមតែ ៣២ ម៉ឺនរៀលទេ ក្នុងមួយខែ»។ អ្នកគ្រូបន្តថា គាត់គិតថា រាជរដ្ឋាភិបាលមិនសូវយកចិត្តទុកដាក់នឹងបញ្ហារបស់គ្រូបង្រៀនទេ ដូចនេះ អ្វីដែលគាត់រំពឹង គឺក្រសួង អប់រំ នឹងផ្តល់ទំនុកចិត្តច្រើនសម្រាប់គ្រូៗនៅទូទាំងប្រទេស។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួង អប់រំ មិនបានបកស្រាយបញ្ហានេះទេ ដោយលោកជាប់ប្រជុំកាលពីម្សិលមិញ ប៉ុន្តែក្នុងវេទិកាស្តីពីការងារអប់រំពីចុងខែ តុលា លោកថ្លែងថា លោកមិនសន្យាថានឹងដំឡើងប្រាក់បៀវត្សរ៍ឲ្យបាន ២៥០ ឬ ៣០០ ដុល្លារបានទេ តែលោកនឹងខិតខំដោះស្រាយក្នុងកម្រិតណាមួយ ដែលលោកអាចធ្វើទៅបាន៕