ក្រុមអ្នកតវ៉ាមកពីសហគមន៍បឹងកក់ បុរីកីឡា និងថ្មគោល ប្រមូលផ្ដុំគ្នានៅមុខក្រសួងមហាផ្ទៃ។ រូបថត ម៉េងស្រ៊ុន
ភ្នំពេញៈ ក្រុមអ្នកតវ៉ាមកពីសហគមន៍បឹងកក់ បុរីកីឡា និងថ្មគោលជាង៥០នាក់នៅព្រឹកម្សិលមិញ បានទៅប្រមូលផ្ដុំគ្នានៅមុខក្រសួងមហាផ្ទៃដើម្បីដាក់ពាក្យ ប្ដឹងអាជ្ញាធរខណ្ឌដូនពេញ បន្ទាប់ពីសកម្មជនគេជាច្រើននាក់ បានរងរបួសនៅក្នុងការវាយបង្ក្រាបដ៏ហិង្សាកាលពីថ្ងៃទី១៤ មីនា។
អ្នកស្រី ង៉ែត ឃុន អាយុ៧២ឆ្នាំ មកពីសហគមន៍បឹងកក់និយាយថា ពួកគាត់នាំគ្នាមកដាក់ពាក្យប្ដឹងលោកសុខ សម្បត្តិ អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ និងលោក ជៀម រដ្ឋា ប្រធានសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌដូនពេញ ដែល«បញ្ជា»ឲ្យកងកម្លាំងប្រើហិង្សាមកលើពួកគាត់បណ្ដាលឲ្យរងរបួសជាច្រើននាក់នៅក្នុងការតវ៉ា កាលពីថ្ងៃព្រហស្បតិ៍។
អ្នកស្រីបានបន្តថា៖«យើងដាក់ពាក្យបណ្ដឹងនេះ សុំឲ្យលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍ដាក់ទោសមន្ត្រីទាំងនេះតាមច្បាប់»។
ក្រុមអ្នកតវ៉ាមកពីសហគមន៍បឹងកក់ បុរីកីឡា និង ថ្មគោល ដែលទៅផ្ដុំគ្នានៅមុខក្រសួងយុត្តិធម៌ រួចបន្តមកភូមិគ្រឹះលោកនាយករដ្ឋមន្ត្រីពីថ្ងៃ១៤មីនា ដើម្បីឲ្យមានការពន្លឿនការជំនុំជម្រះសំណុំរឿងអ្នកស្រី យ៉ោម បុប្ផា ត្រូវសមត្ថកិច្ចចម្រុះខណ្ឌដូនពេញរារាំង បង្កឲ្យមានហិង្សា បណ្ដាលឲ្យក្រុមអ្នកភូមិប្រមាណជាង១០នាក់ រងរបួសបាក់ដៃ ដួលសន្លប់ គ្រេចថ្លោះ។ល។
មន្ត្រីខណ្ឌដូនពេញដែលពលរដ្ឋប្តឹងមិនអាចទាក់ទងសុំពន្យល់បានទេកាលពីម្សិលមិញ។
ជាមួយគ្នាដែរ កាលពីថ្ងៃចន្ទក្រុមអ្នករត់ម៉ូតូឌុបនិងម៉ូតូរ៉ឺម៉កទេសចរណ៍ជាង៤០នាក់ក៏បានមកជុំគ្នានៅមុខសាលាឧទ្ធរណ៍ដាក់ញតិ្តសុំឲ្យតុលាការនេះពន្លឿននីតិវិធីជំនុំជម្រះករណីអ្នកស្រី យ៉ោម បុប្ផា តាមដែលអាចធ្វើបានដើម្បីផ្ដល់យុត្តិធម៌ និងសងជំងឺចិត្ត ដល់សមាជិកពីរនាក់ដែលរងគ្រោះក្នុងការវាយប្រហារពីក្រុមគ្រួសារស្ត្រីជនជាប់ចោទពីឆ្នាំមុន។
ប្រធានសមាគមអ្នករួបរួមដើម្បីអភិវឌ្ឍន៍កម្ពុជាលោក ឯ សុភាស់ តំណាងឱ្យក្រុមអ្នករត់ម៉ូតូឌុបនិងម៉ូតូរ៉ឺម៉កទេសចរណ៍ និយាយថា សកម្មភាពអ្នកភូមិបឹងកក់មួយក្រុមតូចតែងតែដើរអុកឡុកបង្កឱ្យមាន ភាពចលាចលសង្គម ទាមទារដោះលែងអ្នកស្រី យ៉ោម បុប្ផា គឺជាការ «បំពានច្បាប់»។
លោកថ្លែងថា ពួកគេបានព្យាយាមតវ៉ាដោយបង្វែរសំណុំរឿងយ៉ោម បុប្ផា ពីបទព្រហ្មទណ្ឌប្រើហិង្សាដោយចេតនា ទៅជាករណីទំនាស់ដីធ្លី ដែលជាការបំភ្លៃការពិតបម្រើឱ្យនយោបាយជនបរទេស អង្គការជាតិ-អន្ដរជាតិខ្លះ ប្រឆាំងនឹងរដ្ឋាភិបាល»។
បន្ទាប់ការតវ៉ានៅមុខសាលាឧទ្ធរណ៍ក្រុមអ្នករត់ម៉ូតូឌុបក៏បាននាំគ្នា បន្តដំណើរទៅកាន់ក្រសួងមហាផ្ទៃ ហើយភាគីទាំងពីរក៏បានប៉ះទង្គិចពាក្យសម្ដីគ្នា ប៉ុន្តែមិនមានហិង្សាកើតឡើងទេ៕