ស្វាយរៀងៈ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានផ្ញើលិខិតស្នើសុំលោកអភិបាល ខេត្ត ស្វាយរៀង ជួយអន្តរាគមន៍និងដោះស្រាយការស្នើសុំរបស់កម្មករ បម្រើការនៅរោងចក្រទូទាំងខេត្តនេះ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធរូបនេះមានប្រសាសន៍កាល ពីថ្ងៃម្សិលមិញថា ថ្នាក់ដឹកនាំសហជីពចលនាកម្មករប្រមាណជា ៧៥ នាក់មកពីគ្រប់បណ្តា រោងចក្របានធ្វើការប្រជុំពិភាក្សាស្តីពីស្ថានភាពលក្ខខណ្ឌការងារក្នុងខេត្ត ស្វាយរៀង នេះទាំងមូល។
លោកបានថ្លែងថា៖ «ថ្នាក់ដឹកនាំលោកបានលើកឡើងពីសិទ្ធិសេរីភាពរបស់ពួកគេត្រូវបាន គំរាមគំហែងដោយភាគីក្រុមហ៊ុនក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ហើយសំណើផ្សេងៗដែលពួកគេស្នើទៅក្រុមហ៊ុនគឺពុំត្រូវបានយកចិត្តទុកដាក់ដោះស្រាយទេ»។
នៅក្នុងលិខិតដែលបានដាក់ជូនលោកអភិបាល ខេត្ត ស្វាយរៀង កាលពីម្សិលមិញនោះ បានធ្វើការរៀបរាប់ពីការមិនយកចិត្តទុកដាក់របស់ស្ថាប័នពាក់ព័ន្ធ ចំពោះទុក្ខលំបាកក៏ដូចជាសំណូមពររបស់កម្មករ ដូចជាតំណាងក្រសួង ការងារនិងអាជ្ញាធរមូលដ្ឋាន។
លោកបានឲ្យដឹងទៀតថា នៅពេលដែលមានកូដកម្មកើតឡើង ថ្នាក់ដឹកនាំសហជីព ឬតំណាងកម្មករដែលចូលរួមតវ៉ានូវលក្ខខណ្ឌការងារណាមួយ ពួកគេត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ។
លោក ប៉ាវ ស៊ីណា បានថ្លែងថា៖ «យើងបានសម្រេចធ្វើការស្នើសុំឲ្យលោកអភិបាលជួយអន្តរាគមន៍ឲ្យថ្នាក់គ្រប់គ្រងក្រុមហ៊ុនរោងចក្រទាំងអស់ទូទាំងខេត្ត ស្វាយរៀង នូវចំណុចមួយចំនួនដូចជាឈប់រើសអើងសេរីភាពសហជីព អាជ្ញាធរបញ្ឈប់ការគំរាមកំហែងមកលើថ្នាក់ដឹកនាំ និងសកម្មជនសហជីព ក្រុមហ៊ុនត្រូវអនុវត្តលក្ខខណ្ឌការងារឲ្យបានត្រឹមត្រូវស្របតាមច្បាប់ និងអនុសញ្ញាអន្តរជាតិស្តីពីការងារ»។
លោក ជៀង អំ អភិបាលខេត្ត ស្វាយរៀង មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។
ទាកទិននឹងការតវ៉ារបស់កម្មករ-កម្មការិនីអតីតអភិបាលក្រុង បាវិត បានបាញ់ឲ្យរងរបួសបីនាក់រហូតមកដល់ពេលនេះពុំទាន់មានសំណងនៅឡើយ៕