បន្ទាយមានជ័យៈ លោក ឌិន ពុទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​តំណាង​ពលរដ្ឋ​ ២ ​នាក់​ទៀត​ បាន​ប្រកាស​ដកខ្លួន​ចេញពី​គម្រោង​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​បើក​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ឡើងវិញ​ បន្ទាប់ពី​លោក​ អ៊ុំ រាត្រី អភិបាលខេត្ដ​បន្ទាយមានជ័យ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​បាតុកម្ម​ទៅតាម​សំណើ​ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ៧ ខែ​មិថុនា​ ដែលថា​នឹង​មាន​ពលរដ្ឋ​ប្រមាណ ១ ៥០០ ​នាក់​ចូលរួម​។

នៅ​ថ្ងៃទី ២៥ ខែ​ឧសភា ​លោក ឌិន ពុទ្ធី បានដាក់​លិខិត​ទៅ​អភិបាល​ខេត្ដ​បន្ទាយមានជ័យ ដើម្បី​ស្នើសុំ​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​។ ក្នុង​លិខិត​សរសេរថា ពលរដ្ឋ​ខ្មែរ​ដែលជា​អាជីវករ អ្នកលក់ដូរ​ទំនិញ​នៅក្នុង​ផ្សារ​រុងក្លឿ ស្រុក​អារញ្ញ ខេត្ដ​ស្រះកែវ ប្រទេស​ថៃ កម្មករ អូសរទេះ អ្នករត់ម៉ូតូឌុប អ្នករត់​តាក់ស៊ី អ្នករត់​ម៉ូតូ​កង់បី និង​អ្នក​ប្រកបរ​បរសេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងអស់​រស់នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​បាន​ឯកភាព​គ្នា​ជា​ឯកច្ឆន្ទ​នឹងចូលរួម​ធ្វើបាតុកម្ម ដែល​មាន​មនុស្ស​ចូលរួម​ចំនួន ១ ៥០០ ​នាក់ ​រទេះ​ ១០០ ​គ្រឿង និង​ឧគ្ឃោសនស័ព្ទ​ចំនួន​ ១ ​គ្រឿង​។

លោក ពុទ្ធី បន្តថា បាតុកម្ម​នេះ​នឹង​ធ្វើ​ឡើង​នៅ​ចំណុច​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​ ១ ដល់​ថ្ងៃទី​ ៧ ខែ មិថុនា ​ឆ្នាំ​ ២០២០ ចាប់ពី​ម៉ោង ៦ ​ព្រឹក​ដល់​ម៉ោង ៦ ​ល្ងាច​ជា​រៀងរាល់​ថ្ងៃ​។

លោក​ថ្លែងថា​៖ «​ការធ្វើ​បាតុកម្ម​នេះ ពលរដ្ឋ​មាន​គោលបំណង​ទាមទារ​ស្នើសុំ​ការអនុញ្ញាត ការធ្វើ​ដំណើរ​ថ្មើរជើង រទេះ ទោចក្រយានយន្ត និង​រថយន្ត​អាច​ឆ្លងកាត់​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ខ្លង​លឹក​ដើម្បី​បាន​ចូលទៅ​លក់ដូរ​នៅក្នុង​ស្រុក​អារញ្ញ​ខេត្ដ​ស្រះកែវ​វិញ​នៅ​ថ្ងៃទី​ ១ ខែ​មិថុនា ឆ្នាំ​ ២០២០ ជា​កំហិត​»​។

លោក​បន្ថែមថា ក្នុងករណី​ភាគី​ថៃ​នៅតែ​មិន​ព្រម​បើក​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ខ្លងលឹក​ប៉ោយប៉ែត​វិញ​នោះទេ ពួកយើងខ្ញុំ​ទាំងអស់​គ្នា​ស្នើសុំ​ឯកឧត្ដម​អភិបាល​នៃ​គណៈអភិបាល​ខេត្ដ​បន្ទាយមានជ័យ​មេត្តា​បិទ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កុំ​ឲ្យ​មាន​រថយន្ត​របស់​ថៃ​អាច​បើកបរ​ចូល​មក​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជា​បន្ត​ទៅ​ទៀត​។

ឆ្លើយតប​នឹង​សំណើ​ខាងលើ​នេះ​លោក អ៊ុំ រាត្រី បាន​ប្រាប់​ទៅ​លោក ឌិន ពុទ្ធី ថា រដ្ឋបាល​ខេត្ដ​មិន​អនុញ្ញាត​ឲ្យ​ធ្វើបាតុកម្ម​នោះទេ ពីព្រោះ​បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​កំពុង​មាន​វិធានការ​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ នៅ​ទូទាំង​ប្រទេស​ដែល​ជំងឺ​នេះ​បាននិង​កំពុង​រីករាលដាល​ជា​សកល​ឥត​ឈប់ឈរ ស្ទើរ​គ្រប់​ប្រទេស​នៅលើ​សកលលោក​។

លោក​ថា ជាក់ស្ដែង​រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួងសុខាភិបាល​ជា​សេនាធិការ​បាន​ជំរុញ​ការអប់រំ​សុខភាព​ដល់​ប្រជាពលរដ្ឋ​ និង​ពង្រឹង​ការងារ​តាមដាន​ការអនុវត្ដ​វិធានការ​ការពារ​រលក​ទី​ ២ ​នៃ​ការ​ចម្លងជំងឺ​កូវីដ​១៩​ដោយ​បន្ត​ការហាមឃាត់​មិន​ឲ្យ​មាន​ការ​ជួបជុំ​ ឬ​រៀបចំ​ពិធី​ណាមួយ ដែល​មាន​អ្នកចូលរួម​ច្រើន​កុះករ​ពេក រហូត​ដល់​ខែ​កញ្ញា ឆ្នាំ​ ២០២០​។

លោក​បញ្ជាក់ថា​៖ «​កន្លងមក​រដ្ឋបាល​ខេត្ដ​បន្ទាយមានជ័យ​ធ្លាប់​បាន​អន្តរាគមន៍​ទៅ​រដ្ឋបាល​ខេត្ដ​ស្រះកែវ ព្រះរាជាណាចក្រ​ថៃ​ដើម្បី​សុំ​ឲ្យ​ជួយ​សម្រួល​មិន​យក​កម្រៃ​ឈ្នួល​តូប​ពី​បងប្អូន​អាជីវករ និង​សុំ​សម្រួល​ឲ្យ​បងប្អូន​អាជីវករ​កម្ពុជា​ទាំងអស់​ក្នុង​ផ្សារ​រុងក្លឿ​បានចេញ​ចូល​ទៅ​មើល​តូប​របស់ខ្លួន​ក្នុង ១ លើក ២០ ​នាក់​រហូត​ដល់​ស្ថានភាព​វិល​មក​ជា​ប្រក្រតី​វិញ​»​។

សំណើ​នេះ​ត្រូវបាន​ភាគី​ថៃ​ឆ្លើយតប​ថា នឹង​ជួយ​សម្រួល​មិន​យក​កម្រៃ​ឈ្នួល​តូប​ពី​អាជីវករ​កម្ពុជា​ប៉ុន្ដែ​ចំពោះ​សំណើសុំ​សម្រួល​ឲ្យ​អាជីវករ​កម្ពុជា​ទាំងអស់​ក្នុង​ផ្សារ​រុងក្លឿ​បាន​ចេញ-ចូល​ទៅ​មើល​តូប​របស់ខ្លួន​ក្នុង​ ១ ​លើក ២០ ​នាក់​ ភាគី​ថៃ​មិន​ឯកភាព​នោះទេ​។ ជាមួយ​គ្នា​នេះ​លោក​ អ៊ុំ រាត្រី ​បាន​ប្រាប់​ទៅ​លោក ឌិន ពុទ្ធី ថា​ត្រូវ​ធ្វើ​សកម្មភាព​ឲ្យ​ស្របតាម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល លិខិតបទដ្ឋាន​គតិយុត្ដ​នានា​ជា​ធរមាន និង​លក្ខន្តិកៈ​របស់​ខ្លួន​ដូច​បាន​តម្តល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ​។

លោក ឌិន ពុទ្ធី ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ក្រោយ​ទទួលបាន​លិខិត​ឆ្លើយតប​របស់​អភិបាលខេត្ដ​បន្ទាយមានជ័យ សមាគម​លោក​នឹង​ដកខ្លួន​ចេញ​ដោយ​មិន​ដឹកនាំ​ពលរដ្ឋ​ចំនួន​ ១៥០០ នាក់​ដើម្បី​ធ្វើបាតុកម្ម​ទៀតឡើយ​។ ប៉ុន្ដែ​លោក​បញ្ជាក់​ថា ពលរដ្ឋ អាជីវករ​ដែលមាន​តូប​លក់ដូរ​នៅ​ផ្សារ​រុងក្លឿ​នឹង​នៅតែ​បន្ត​​ធ្វើ​បាតុកម្ម​តាម​ពេល​កំណត់​ដដែល មិន​ព្រម​បញ្ឈប់​នោះទេ​។ លោក​ថ្លែងថា​៖ «​រដ្ឋបាល​ខេត្ដ​បន្ទាយមានជ័យ​បាន​សម្រេច​មិន​អនុញ្ញាត​ឲ្យ​ថ្នាក់ដឹកនាំ​សមាគម​ចូលរួម​សម្របសម្រួល​ក្នុង​ការធ្វើ​បាតុកម្ម​នៅ​ចំណុច​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​នា​ថ្ងៃទី​ ១ ​ដល់​ថ្ងៃទី​ ២០ ខែ​​ មិថុនា ឆ្នាំ​ ២០២០ នោះទេ​»​។

លោក​បញ្ជាក់ថា ដូច្នេះ​រូបលោក​ និង​លោក ហ៊ិន សេងអឿន ព្រមទាំង​លោក​ ស៊ីម វណ្ណៈ ​ដែល​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ សូម​ប្រកាស​មិន​ចូលរួម​ក្នុង​ការធ្វើ​បាតុកម្ម​ពីថ្ងៃ​ទី​ ១ ដល់​ថ្ងៃទី​ ៧ ខែមិថុនា ខាងមុខ​នេះឡើយ ហើយ​ការ​បន្តធ្វើ​ ឬ​មិន​ធ្វើ​គឺជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​។

លោក ធន តឿ អាជីវករ​ខ្មែរ​ម្នាក់​មាន​តូប​លក់ដូរ​នៅ​ផ្សារ​រុងក្លឿ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលម្សិញ​ថា ជីវភាព​របស់​ពួកលោក​មាន​ការធ្លាក់​ចុះ ដោយសារ​តែ​មិនមាន​មុខរបរ​រកស៊ី​ និង​ការងារ​ធ្វើ​នោះទេ​ព្រោះ​មាន​តែ​របរ​លក់ដូរ​នៅ​ផ្សារ​រុងក្លឿ​ប៉ុណ្ណោះ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​។

លោក​ថ្លែងថា​៖ «​ពួកខ្ញុំ​នឹង​នៅតែ​ធ្វើបាតុកម្ម​តាម​ថ្ងៃ​កំណត់​ដដែល បើទោះបី​សមាគម​មិន​ចូលរួម​ជាមួយ​ពួកខ្ញុំ​ក៏ដោយ ព្រោះ​បើ​មិន​ធ្វើ​ទេ គឺ​ងាប់​ទាំងអស់ ជាពិសេស​ពលរដ្ឋ​ជា​កម្មករ​តែម្ដង ដូចជា​កម្មករ​អូស​រទេះ​ក្នុង​ ១ ​ថ្ងៃ​រក​កម្រៃ​តែ​ ១ ​ម៉ឺន​រៀល​មិន​បាន​ផង​។ បើ​រដ្ឋាភិបាល​មិន​គិតគូរ​រឿងនេះ​ទេ នឹង​កើត​ចោរ​ពេញ​ប្រទេស​មិនខាន​ព្រោះ​អ្នកក្រ​គ្មាន​អ្វី​ផ្គត់ផ្គង់​ក្រពះ​។ និយាយ​ហើយ​ត្រូវតែ​ធ្វើ ព្រោះ​បើ​នៅតែ​មិន​បើកទ្វារ​ព្រំដែន​ឲ្យ​ពួកខ្ញុំ​ចូល​ទៅ​រកស៊ី​ទេ ពួក​ខ្ញុំ​គ្មាន​មុខរបរ​អ្វី​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​បាន​ទេ​»៕