The Phnom Penh Post Search

Search form

តំ​ណាង​ UN ពិភាក្សា​​ជាមួយ​ឧបនាយក​រដ្ឋ​មន្ត្រី​​ ស ខេង​ រឿង​នយោបាយនិង​អ្នក​ជាប់​ឃុំ

Content image - Phnom Penh Post
តំណាង​ UN លោក​ស្រី រ៉ូណា ស្ម៊ីត​ បាន​ពិ​ភាក្សា​ជាមួយ​លោក ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​លើ​បញ្ហា​រំ​លាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​និង​បញ្ហា​អ្នក​ជាប់​ឃុំ កាល​ពី​ថ្ងៃ​ច័ន្ទ​។ ស្រេង ម៉េងស្រ៊ុន

តំ​ណាង​ UN ពិភាក្សា​​ជាមួយ​ឧបនាយក​រដ្ឋ​មន្ត្រី​​ ស ខេង​ រឿង​នយោបាយនិង​អ្នក​ជាប់​ឃុំ

ភ្នំ​ពេញៈ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជា​ជាតិ ​លោក​ស្រី រ៉ូណា ស្ម៊ីត​ (Rhona Smith) ​បាន​ជួប​ពិភាក្សា​ជា​មួយ​​រដ្ឋ​មន្រ្តី​ក្រសួង​​មហា​ផ្ទៃ លោក ស ខេង ​​អំពី​​បញ្ហា​ដែល​នាំ​ឲ្យ​មាន​ការសម្រេច​ចិត្ត​​រំលាយ​ គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ចុង​ឆ្នាំ​​ ២០១៧ ​រួម​ទាំង​បញ្ហា​ចំនួន​អ្នក​ជាប់​ឃុំ​​ណែនណាន់​តាន់​តាប់​ នៅ​ក្នុង​ពន្ធនាគារ​ ​ហើយ​លោក​ស្រី​ក៏​បាន​លើក​ឡើង​ផង​ដែរ​ អំពី​រឿ​ងរាជ​​រដ្ឋា​ភិបាល​ប្រើ​ប្រាស់​​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​ នៅ​ក្នុង​ការ​បង្ក្រាប​​ទៅ​លើ​អង្គ​ការ​សង្គម​ស៊ីវិល​ និង​កាសែត ​ឌឹខេម​បូឌា​ដេលី ​ក្នុង​ជំនួប​ដាច់​ដោយ​ឡែក​ពី​គ្នា​ជា​មួយ​ក្រសួង​ហិរញ្ញ​វត្ថុ​ ក្នុង​កំ​ឡុង​ពេល​លោក​ស្រី​ ស្ម៊ីត​ នៅ​ក្នុង​ប្រ​ទេស​កម្ពុជ​។

​អ្នក​រាយការណ៍​ពិសេស​រូប​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ ១០ ​ថ្ងៃ ​​ដែល​បាន​ធ្វើ​ឡើង​​ បន្ទាប់​ពី គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​រំលាយជា​ច្រើន​ខែ​កន្លង​មក​​ ​ហើយ​មេ​ដឹក​នាំ​គណបក្ស​នេះ គឺ​លោក កឹម សុខា ត្រូវ​បាន​កំ​ពុង​ស្ថិន​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​ ក្រោយ​ពី​ជាប់​ចោទ​រឿង​អំ​ពើក្បត់​ជាតិ ​និង​​មាន​ការ​បង្ក្រាប​កាន់​តែ​ខ្លាំង​ឡើង​ទៅ​លើ​សង្គម​ស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំ​នួន​។

លោក ​ផាត សុផានិត ប្រ​ធាន​នាយក​ដ្ឋាន​ទំ​នាក់​ទំ​នងអន្តរជាតិ​នៃ​ខុទ្ទកាល័យ​​ឧបនាយក​រដ្ឋ​មន្ត្រី​ បាន​ថ្លែង​ថា លោក​ស្រី Smith ​បាន​លើក​ឡើង​អំពី​​ការ​រំលាយ​​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ត្រូវ​បា​ន​ផ្តួច​ផ្តើម​គំនិត​ដោយ​​ពាក្យ​បណ្តឹង​​របស់​ក្រសួង​​ទៅ​តុលាការ​កំពូល​ ​ព្រម​ទាំង​​​បញ្ហា​ចំនួន​អ្នក​ជាប់​ឃុំ​​ច្រើន​ណែន​ណាន់​នៅ​ក្នុង​ពន្ធនាគារ​​បន្ទាប់​ពី​មានយុទ្ធនាការ​​​បង្ក្រាប​​គ្រឿង​ញៀន​​ដែល​បាន​ចាប់​​ផ្តើម​កាល​ពី​ខែ​មករា​ ឆ្នាំ​២០១៧​។

លោក សុផានិត បាន​​ថ្លែង​ថា​៖«​​សម្តេចក្រ​ឡាហោម​​បាន​ថ្លែង​ថា ការ​រំលាយ​នេះ​គឺ​ដោយ​សារ​តែ​សកម្ម​ភាព​របស់​​គណបក្ស​​នោះ​ដោយ​ខ្លួន​ឯង​​ដែល​ផ្ទុយ​​ច្បាប់​»។

លោក​បាន​ថ្លែង​បន្ត​ថា លោក​ស្រី Smith បាន​លើក​ឡើង​​អំពី​បញ្ហា​​វិសោធនកម្ម​ ​ដែល​​បាន​នាំ​ទៅ​ដល់​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ការ​បែង​ចែក​​​​អាសនៈ​តំណាង​រាស្រ្ត​ឡើង​វិញ ​​និង​ការ​អនុវត្ត​ន៍​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​។

លោក សុផានិត បាន​​ថ្លែង​​​ថា៖ «​សម្តេច​ក្រឡា​ហោម​បាន​ថ្លែង​ថា ច្បាប់​ទាំង​នេះ​មិន​​រឹត​បន្តឹង​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ​នោះ​ទេ​»។ «​​ចំពោះ​ច្បាប់​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ អង្គការ​ដែល​មិន​ទាន់​បាន​អនុវត្ត​ន៍​ នឹង​ទទួល​ការ​ដាក់​ទោស​ទណ្ឌ​​រួម​មាន​ការ​ព្យួរ​​សកម្ម​ភាព​និង​ការ​ផាក​ពិន័យ​​»

លោក​ស្រី Smith ក៏​បាន​លើក​ឡើង​​អំពី​បញ្ហា​​នៃ​ច្បាប់​ប្រឆាំង​​​បទ​ល្មើស​​តាម​អ៊ីន​ធ័រ​ណេត​ផង​ដែរ​ ​ប៉ុន្តែ​ត្រូវ​បាន​​ជម្រាប​​ដោយ​លោក ស​ ខេង ថា ​​វា​​កំពុង​ត្រូវ​បាន​សិក្សា​​ដោយ​ក្រុម​ការ​ងារ​នៅ​ឡើយ​។ ចំពោះ​បញ្ហា​អ្នក​ជាប់​ឃុំ​ណែន​ណាន់​​វិញ លោក​ស្រី Smith ​ត្រូវ​បាន​ជម្រាប​ថា ​ក្រសួង​​កំពុង​សាង​សង់​​មជ្ឈ​មណ្ឌល​​ស្តារ​នីតិ​សម្បទា​​គ្រឿង​ញៀន​​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ​ហើយ​​​​ក្រសួង​ក៍​យល់​អំពី​សុខ​ភាព​របស់​អ្នក​ជាប់​ឃុំ​។

នៅ​ពេល​ចាក​ចេញ​ពី​កិច្ច​ជំនួប​ លោកស្រី Smith ​បាន​ថ្លែង​ថា លោក​ស្រី​បាន​​លើក​ឡើង​អំពី​​បញ្ហា​នៃការ​រំលាយ​គណបក្សសង្គ្រោះ​ជាតិ​​និង​តួនា​ទី​របស់​ក្រសួង​នៅ​ក្នុង​ដំណើរ​ការ​នេះ​​។ ​នៅ​ក្នុង​អ៊ីម៉ែល​នា​ពេល​ក្រោយ​មក លោក​ស្រី​បាន​បន្ថែម​ថា ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​​មាន​ន័យ​ថា«​អ្នក​ដែល​​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បាត់​បង់​តំណាង​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋ​សភា​និង​នៅ​ក្នុង​ឃុំ​​សង្កាត់​»។

លោក​ស្រី​បាន​ថ្លែង​​តាម​អ៊ីម៉ែល​ថា​៖«​​មាន​ការ​ពិភាក្សា​អំពី​តម្រូវ​ការ​ឲ្យ​មាន​ការ​កែ​​លម្អ​​​ស្ថាន​ភាព​នៅ​ក្នុង​ពន្ធនាគារ​ ​ព្រម​ទាំង​ការ​ពិនិត្យ​មើល​​ដិត​ដល់ជាង​មុន​​​​ដើម្បី​ជា​ជម្រើស​​​ជំនួស​ការ​​ផ្តន្ទា​ទោស​​​ដើម្បី​ជា​មធ្យោបាយ​​កាត់​បន្ថយ​ភាព​ណែន​ណាន់​នៅ​ក្នុង​ពន្ធនាគារ​»។

លោក​ស្រី​ក៏​បាន​ជួប​ជា​មួយ​​រដ្ឋ​មន្រ្តី​ក្រសួង​​ហិរញ្ញ​វត្ថុ​ លោក អូន ព័ន្ធ​មុនី​រត្ន​ ផង​ដែរ​ ​ហើយ​បាន​ថ្លែង​ថា លោក​ស្រី​បាន​លើក​អំពី​បញ្ហា​ពន្ធ​​របស់​កាសែត​ឌឹខេម​បូឌា​ដេលី​ ​ដែល​បាន​នាំ​​ទៅ​ដល់​ការ​បិទ​កាសែត​នេះ​​​កាល​ពី​ខែ​កញ្ញា។

លោក​ស្រី​បាន​ថ្លែង​​ដោយ​សំដៅ​ទៅ​ការ​ប្រាស្រ័យ​ទាក់​ទង​​ជា​មួយ​រដ្ឋា​ភិបាល​អំពី​បញ្ហា​នេះ​កាល​ពី​ឆ្នាំ​មុន​​ថា​៖ «​​ខ្ញុំ​ពិត​ជា​បាន​លើក​អំពី​បញ្ហា​ពន្ធ​​​ពាក់​ព័ន្ធ​នឹង​កាសែត​ខេម​បូឌា​ដេលី​នៅ​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ដែល​​ផ្ញើ​ទៅ​​រដ្ឋា​ភិបាល​កាល​ពី​ឆ្នាំ​មុន ​​និង​ការ​ឆ្លើយ​តប​ដែល​ទទួល​បាន​»។

លោក​ស្រី Smith ក៏​បាន​​ជួប​ជា​មួយ​​​កញ្ញា ស៊ិន រ៉ូហ្សែត អតី​ត​ចៅ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ​​កាល​ពី​ថ្ងៃ​អាទិត្យ​ ​​ព្រម​​ទាំង​​ប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ ព្រះ​អង្គ​ម្ចាស់​នរោត្តម រណ ឫទ្ធិ​ កាល​ពី​ព្រឹ​ថ្ងៃ​ចន្ទ​។

នៅ​ក្នុង​ធ្វិធ័ររបស់​លោក​ស្រី​ ស្ម៊ីត​ ក៍​បាន​ថ្លែង​ផង​ដែរ​ទៅ​កាន់​លោក​រដ្ឋ​មន្ត្រី​ក្រ​សួង​មហា​ផ្ទៃ​​អំ​ពី​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ សមាគម ការ​ជួប​ប្រ​ជុំ​ដោយ​សន្តិ​ភាព​ និង​ការ​ចូល​រួម​ខាងនយោបាយ​គួរ​ត្រូវ​បាន​ពង្រីក​ឲ្យ​ទូ​លាយ​…មិន​គួរ​រិត​បន្តឹង​ទេ​ នៅ​ក្នុង​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​សេរី​ពហុបក្ស​៕ PS

អត្ថបទគួរចាប់អារម្មណ៍