ភ្នំពេញៈ តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំ​ប្រទេស​កម្ពុជា បាន​អបអរសាទរ និង​ធ្វើការ​កោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​ការចាក់​វ៉ាក់សាំង ដែល​ដំណើរការបាន​យ៉ាង​ល្អ ដែល​មកដល់​ពេល​នេះ​ប្រជាពលរដ្ឋ​ជាង ២,២ លាន​នាក់ ​ហើយ​បាន​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ​ ១៩​។

លោកស្រី លី អៃឡែន តំណាង​អង្គការ WHO ប្រចាំ​កម្ពុជា​បាន​ថ្លែង​ដូចនេះ ក្នុង​ពេល​ចុះ​ពិនិត្យ​មើល​ការចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ​ ១៩ នៅក្នុង​ខណ្ឌ​ច្បារអំពៅ​នា​ព្រឹក​ថ្ងៃទី​ ២៥ ខែឧសភា ដោយ​លោកស្រី​បាន​លើកឡើង​ថា ការរៀបចំ​នូវ​ការចាក់​វ៉ាក់សាំង​មាន​របៀប​រៀបរយ​ល្អ ហើយ​ប្រជាពលរដ្ឋ​មាន​ការសប្បាយ​រីករាយ​ក្នុង​ការទទួល​ការចាក់​វ៉ាក់សាំង​នេះ​។

លោកស្រី​មានប្រសាសន៍​ថា​៖ «​ខ្ញុំ​អាច​និយាយ​បាន​ថា​ប្រជាជន​កម្ពុជា​ពិតជា​មានសំណាង ដែល​មាន​ឱកាស​បានទទួល​វ៉ាក់សាំង ការពារ​វីរុស​កូវីដ​ ១៩ ​នេះ ហើយ​ប្រទេស​កម្ពុជា​ក៏​ជា​ប្រទេស​ដំបូង​គេ ដែល​បានទទួល​វ៉ាក់សាំង​តាមរយៈ​យន្តការ​កូវ៉ាក់​នេះ​»​។

ប្រទេស​កម្ពុជា​មានលទ្ធភាព​រក្សាបាន​នូវ​វ៉ាក់សាំង​សម្រាប់​ផ្តល់​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន​បានជា​ច្រើន​ទៀត ខណៈ​ដែល​ប្រទេស​ជាច្រើន​ផ្សេងទៀត នៅ​រង់ចាំ​វ៉ាក់សាំង​នៅឡើយ​។

លោកស្រី​បន្តថា៖ «​ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ ចំពោះ​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ​​ ១៩ ​ដែល​បានរៀបចំ​ដំណើរការ ចាក់​វ៉ាក់សាំង​នេះ​បាន​យ៉ាង​ល្អ រួម​នឹង​ស្ថាប័ន​ផ្សេងៗ​ទៀត និង​អាជ្ញាធរ​មូលដា្ឋន​ផងដែរ ដែល​បាន​ចូលរួម​យ៉ាង​សស្រោកសស្រាំ​ដែល​ធ្វើឱ្យ​យុទ្ធនាការ​នេះ​ដំណើរការបាន​យ៉ាង​ល្អ​»​។

ជាមួយ​គ្នា​នេះ​ លោកស្រី​ក៏បាន​បន្ត​ធ្វើការ​ក្រើនរំឭក​ទៅ​ដល់​ពលរដ្ឋ​កម្ពុជា​នៅ​ទូទាំងប្រទេស​ផងដែរ​ថា ស្ថានភាព​កូវីដ​ ១៩ នៅមាន​សភាព​ធ្ងន់ធ្ងរ​នៅឡើយ ហើយ​បើទោះបី​ជា​វ៉ាក់សាំង​គឺជា​ឧបករណ៍​មួយ​ដែល​មាន​សារៈសំខាន់​ក្នុង​ការទប់ស្កាត់​នូវ​ការរាតត្បាត​នេះ​ក៏ដោយ តែ​វ៉ាក់សាំង​ ១ ​មុខ​គឺ​មិន​គ្រប់គ្រាន់​ទេ​។ ដូចនេះ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​ចូលរួម​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​នូវ​វិធានការ «៣ កុំ ៣ ការពារ​» ហើយ​ត្រូវ​ចៀសវាង​កន្លែង​ដែលមាន​មនុស្ស​ច្រើន និង​ពុំមាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់​។

ទន្ទឹមនឹង​នេះដែរ លោកស្រី​ អៃឡែន ​នៅតែ​បង្ហាញ​ពី​ការបារម្ភ​ចំពោះ​ស្ថានភាព​កូវីដ​ ១៩ ​នៅ​កម្ពុជា​ដែល​ស្ថានភាព​ពិតប្រាកដ វា​អាច​ធ្ងន់ធ្ងរ​ជាង​អ្វីដែល​បាន​មើលឃើញ​នៅក្នុងពេល​បច្ចុប្បន្ននេះ​។

លោកស្រី​បញ្ជាក់ថា​៖ «​ចំណុច​ដែល​នាង​ខ្ញុំ​គិតថា ស្ថានភាព​ដែល​គួរឱ្យ​បារម្ភ ហើយ​នឹង​ធ្ងន់ធ្ងរ​ជាង​អ្វីដែល​យើង​កំពុងតែ​ឃើញ​នេះ មាន​មូលហេតុ​ចំនួន​ ៣ គឺ​ទី​១ ​ទាក់ទង​នឹង​ប្រភេទ​មេរោគ​បំប្លែង​ថ្មី ដែល​អាច​មាន​ការឆ្លង​ខ្លាំង​ហើយ​ឆ្លង​លឿន ឯ​ចំណុច​ទី​២ គឺ​ទាក់ទង​នឹង​ក្រុម​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​គាត់​ឆ្លង​ជំងឺ​នេះហើយ ប៉ុន្តែ​មិនមាន​រោគសញ្ញា​ដែល​អាច​បន្ត​ការចម្លង​នេះ​ដោយមាន​លក្ខណៈ​ស្ងាត់ស្ងៀម​»​។

កម្មករ​ក្នុង​ខណ្ឌមានជ័យ​ជួប​គ្រូពេទ្យ​ដើម្បី​ចាក់​វ៉ាក់សាំង​។ហ៊ាន រង្សី

ចំពោះ​មូលហេតុ​ទី​៣ គឺ​ទាក់ទង​នឹង​ការអនុវត្ត​ការការពារ​របស់​ប្រជាពលរដ្ឋ មាន​ការធូររលុង​ជាង​មុន ដែល​អាច​ធ្វើឱ្យ​ការចម្លង​នេះ​មាន​ការកើនឡើង​។

លោកស្រី​បន្ថែមថា៖ «​នាង​ខ្ញុំ​ជឿជាក់ថា​ប្រជាពលរដ្ឋ​ទាំងអស់​នឹង​ចង់ឃើញ​ចំនួន​ឆ្លង និង​ចំនួន​អ្នកស្លាប់​ដោយសារ​កូវីដ​ ១៩ ​មាន​ការថយចុះ​នៅក្នុងពេល​ ១ ​សប្តាហ៍ ឬ​ក្នុងពេល​ ១ ​ខែ ឬក៏​ ២-៣ ​ខែ​ទៅមុខ​នេះ​។ ដូចនេះ​ដើម្បី​ឱ្យ​ចំនួន​នេះ​មាន​ការថយចុះ​បាន​លុះត្រាតែ​យើង​ទាំងអស់​គ្នា​ចូលរួម​ក្នុង​សកម្មភាព​នៅថ្ងៃនេះ​ ដើម្បី​ឱ្យមាន​លទ្ធផល​ថយចុះ​តាម​ការចង់បាន​»​។

ចំណែក​លោកស្រី ឱ វណ្ណឌីន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ ​១៩​ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​បាន​ឱ្យដឹង​ផងដែរ​ថា ដំណើរការ​ចាក់​វ៉ាក់សាំង​ក្នុង​ខណ្ឌ​ចំនួន​ ៣ គឺ​ខណ្ឌ​ច្បារអំពៅ ខណ្ឌចំការមន និង​ខណ្ឌ​៧​មករា បានចាប់ផ្តើម​ពីថ្ងៃ​ទី​ ២៥ ខែឧសភា ដែលមាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា ២៦០ ៥៨៣ ​នាក់​។ «​ស្ថានភាព​នៃ​ការចាក់​វ៉ាក់សាំង​មកដល់​ពេលនេះ​ជារួម​គឺមាន​វឌ្ឍន​ភាពល្អ​ទាំង​ខាង​ក្រុម​យោធា​ (​ក្រសួង​ការពារជាតិ​) និង​ខាង​ស៊ីវិល​ (​ក្រសួង​សុខាភិបាល​) ​ដែល​មកដល់​ត្រឹម​ថ្ងៃទី​ ២៤ ខែឧសភា ការចាក់​វ៉ាក់សាំង​ចាក់​បាន​ចំនួន ២២,៧០% បើ​ធៀប​នឹង​ចំនួន​ប្រជាពលរដ្ឋ​ចំនួន​ ១០ ​លាន​នាក់​តាម​ផែនការ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅ​ទូទាំង​ប្រទេស​»​។

លោកស្រី​បញ្ជាក់ថា គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក៏មាន​ផែនការ​ចាក់​ទៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត ឱ្យបាន​គ្រប់​ចំនួន​ ១០ ​លាន​នាក់ ឬ​លើស​នេះ ប៉ុន្តែ​ដោយមាន​ការគិតគូរ​របស់​លោកនាយក​រដ្ឋមន្ត្រី បានសម្រេច​ចាក់​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ជាមុនសិន មុននឹង​ឈានទៅរក​ការចាក់​នៅតាម​តំបន់​ផ្សេងៗ ដូចជា​ខេត្តកណ្តាល ខេត្ត​ព្រះសីហនុ​។

លោកស្រី​ប្រាប់ថា៖ «​គណៈកម្មការ​ចំពោះ​កិច្ច​នឹង​ពិចារណា ជា​បន្តបន្ទាប់​ទៀត​ដោយ​រៀបចំ​ផែនការ​លម្អិត​ដើម្បី​ឱ្យមាន​ភាពបន្ស៊ី​គ្នា រវាង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នេះ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង សម្រាប់​រៀបចំ​ធ្វើយ៉ាងណា​ឱ្យ​មាន​ការអនុវត្ត​នូវ​ការចាក់​វ៉ាក់សាំង​ជា​បន្តបន្ទាប់​ទៀត​ដោយ​មាន​ការយល់ព្រម​ពី​លោកនាយក​រដ្ឋមន្ត្រី​ផងដែរ​»​។

ដោយឡែក លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​ទៅដល់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស កាលពី​ថ្ងៃទី​ ២៤ ខែឧសភា​ថា ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​កម្មករនិយោជិត​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ដូស​ទី​ ២ គឺ​ត្រូវ​អនុញ្ញាត​ឱ្យ​កម្មករនិយោជិត​ឈប់​សម្រាក​ចំនួន ១ ​ថ្ងៃ ដោយមាន​ប្រាក់​ឈ្នួល​។ «​ក្នុងករណី​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​ណា​មិន​អនុញ្ញាត​ឱ្យ​បងប្អូន​កម្មករនិយោជិត​បាន​សម្រាក​ចំនួន ១ ​ថ្ងៃ ដោយមាន​ប្រាក់​ឈ្នួល ដើម្បី​ទៅ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ទី​ ២ ​សូម​បងប្អូន​កម្មករ​និយោជិត​ជូនដំណឹង​មក​ក្រសួង​តាមរយៈ​ទូរស័ព្ទ​លេខ ០៨៧ ៥២៥ ៦៥៦ ឬ​ក្រុម​តេឡេក្រាម https://t.me/KhmerWorkerChat»​។

លោក​បន្តថា ការរារាំង​បុគ្គល​ណា​ម្នាក់​មិន​ឱ្យទៅ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ គឺ​ល្មើស​នឹង​ច្បាប់​ស្តីពី​​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ និង​ជំងឺឆ្លង​កាចសាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ច្បាប់​ស្តីពី​ការងារ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​កាតព្វកិច្ច​ក្នុង​ការទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩​។

លោក​ព្រមាន​ថា​៖ «​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​ត្រូវ​ជួយ​ជំរុញ និង​អនុញ្ញាត​ឱ្យ​កម្មករនិយោជិត​ទៅ​ចាក់​វ៉ាក់សាំង បើ​មិន​ដូច្នេះ ម្ចាស់ ឬ​រោងចក្រ សហគ្រាស នឹង​ត្រូវ​ទទួលពិន័យ​ជា​ប្រាក់ និង​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​តាមច្បាប់​ជា​ធរមាន​»៕