The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តំណែង​លោក​ នី ចរិយា ​​មិន​ស្ថិតស្ថេរ​យូរ​ទេ

តំណែង​លោក​ នី ចរិយា ​​មិន​ស្ថិតស្ថេរ​យូរ​ទេ

លោក​ នី ចរិយា ពេល​​ឆ្មាំ​ពន្ធនាគារ​នាំ​ខ្លួន​ចូល​សាលា​ដំបូង​រាជធានី​កាលពី​សប្តាហ៍​មុន​​។
លោក​ នី ចរិយា ពេល​​ឆ្មាំ​ពន្ធនាគារ​នាំ​ខ្លួន​ចូល​សាលា​ដំបូង​រាជធានី​កាលពី​សប្តាហ៍​មុន​​។ ហុង មិនា

តំណែង​លោក​ នី ចរិយា ​​មិន​ស្ថិតស្ថេរ​យូរ​ទេ

ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គជប នៅ​តែ​រក្សា​តួនាទី និង​ប្រាក់​បៀវត្សរ៍​ជូន​មន្ត្រី​របស់​ខ្លួន​លោក នី ចរិយា ​ដែល​​ត្រូវ​​តុលាការ​សម្រេច​​​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ ៦ ​ខែ​រហូត​ដល់​​​សាលក្រម​របស់​លោក​ចូល​ជា​ស្ថាពរ​ទើប​ស្ថាប័ន​​មួយ​នេះ​រក​អ្នក​ថ្មី​​ជំនួស។

អតីត​មន្ត្រី​សិទ្ធិមនុស្ស និង​ជា​​អគ្គលេខាធិការរង (គជប) លោក​ នី ចរិយា ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​នៃ​សាលា​​ដំបូង​រាជធានី​ភ្នំពេញ​លោក ​ឃី ឆៃ កាលពី​​ថ្ងៃ​ទី​ ២២ ខែ​កញ្ញា​បាន​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ៦ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៦ លាន​រៀល​ចូល​​​រដ្ឋ​ក្រោម​ការ​​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍​ជា​​សាធារណៈ មួល​បង្កាច់​កេរ្តិ៍ និង​ផ្សព្វផ្សាយ​នូវ​ការ​អត្ថាធិប្បាយ​ដើម្បី​ដាក់​សម្ពាធ​លើ​យុត្តាធិការ​តាម​បណ្តឹង​​របស់​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប​ពីរ​រូប​កាលពី​ឆ្នាំ ២០១៥ ដែល​គ្រា​នោះ​លោក ចរិយា បាន​រកឃើញ​ថា​ទាំង​​ចៅក្រម​លោក គី រិទ្ធី និង​​​តំណាង​អយ្យការ​ខេត្ត​សៀមរាប​លោក សុខ កែវ ​​បណ្ឌិត​បាន​ចោទប្រកាន់ និង​ចាប់​ពលរដ្ឋ ២ រូប​ដាក់​ពន្ធនាគារ​ដោយ​​បំពាន​ច្បាប់​ដោយ​​ពុំ​បាន​បើក​ការ​ស៊ើបអង្កេត​​ឲ្យ​បាន​ច្បាស់លាស់​ឡើយ​នៅ​ក្នុង​សំណុំ​រឿង​វិវាទ​ដីធ្លី​មួយ​ជាមួយ​ក្រុមហ៊ុន​វៀតណាម​។

ក្រោយ​ការ​សម្រេច​នេះ​អ្នក​នាំពាក្យ គជប លោក ហង្ស ពុទ្ធា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ស្ថាប័ន គជប នឹង​​នៅ​តែ​បន្ត​បើក​ប្រាក់ខែ និង​រក្សា​តួនាទី​របស់​លោក​ នី ចរិយា​ ដដែល​ពុំ​ទាន់​មាន​គម្រោង​រើស​អ្នក​ថ្មី​មក​ជំនួស​ឡើយ​រហូត​មាន​ការ​សម្រេច​ផ្តន្ទាទោស​ជា​ស្ថាពរ​របស់​តុលាការ​កំពូល។

លោក​ថា៖ «សាលា​ដំបូង​កាត់​ឱ្យ​គាត់​ជាប់​ពន្ធនាគារ ៦ ខែ​ប៉ុន្តែ​ពុំ​ទាន់​ស្ថាពរ​នៅ​ឡើយ​ដោយសារ​គាត់​នៅ​មាន​ឱកាស​​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល​អ៊ីចឹង​ក្នុង​ឱកាស​នេះ គជប នៅ​រក្សា​ទុក​តំណែង និង​ប្រាក់​​បៀវត្សរ៍​គាត់​ដដែល​ហើយ​​យើង​កំពុង​រង់ចាំ​មើល​ចំណាត់ការ​របស់​តុលាការ​បន្ត​ទៀត»។

លោក​ឱ្យ​ដឹង​ដែរ​ថា គជប បាន​បង្កើត​ក្រុម​​អ្នក​ច្បាប់​សម្រាប់​តាមដាន​ករណី​លោក នី ចរិយា ដែរ​ប៉ុន្តែ​មិន​បាន​​ផ្តល់​មេធាវី​ឱ្យ​នោះ​ទេ​ដោយ​បញ្ជាក់​ថា​រឿង​ក្តី​នោះ​កើតឡើង​មុន​ពេល​លោក​ចូល​បម្រើ​ការងារ​នៅ គជប។

លោក​បញ្ជាក់​ថា៖ «ករណី​កាត់ទោស​​របស់​គាត់​គឺជា​ករណី​ដែល​ពាក់ព័ន្ធ​សកម្មភាព​ពី​មុន​មក​មិនមែន​អំឡុង​ពេល​គាត់​ចូល​​មក​ជា​អគ្គលេខាធិការរង គជប នោះ​ទេ​អ៊ីចឹង​មន្ត្រី និង​អ្នក​ច្បាប់ គជប ក៏​មិន​បាន​បង្ហាញ​ខ្លួន​ក្នុង​ពេល​សវនាការ​ដែរ​តែ​យើង​នៅ​តាម​ការ​តាមដាន​ដិត​ដល់​ពី​បញ្ហា​នេះ»។

ទោះ​យ៉ាង​ណា​ក៏ដោយ​លោក​ថា​អវត្តមាន​របស់​លោក នី ចរិយា មិន​ប៉ះពាល់​ដល់​ដំណើរការ​ចុះ​ឈ្មោះ​​បោះឆ្នោត​នោះ​ទេ។

លោក សំ សុគង់ មេធាវី​ការពារ​ក្តី​​ឲ្យ​លោក​ នី ចរិយា​ នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍​នៅ​​ដើម​ខែ​ក្រោយ​ដោយ​អះអាង​ថា​ការ​សម្រេច​របស់​សាលា​ដំបូង​មិន​អាច​ទទួល​យក​បាន​ទេ។

លោក​ថា​៖ «នៅ​ថ្ងៃ​ចន្ទ​នេះ​លោក​នឹង​ទៅ​ជួប​ជាមួយ​​​​កូនក្តី​ដើម្បី​ពិគ្រោះ​យោបល់​ក៏ដូចជា​ប្រាប់​អំពី​សិទ្ធិ​របស់​ខ្លួន​ហើយ​គ្រោង​ប្តឹង​ឧទ្ធរណ៍​​ក្រោយ​បុណ្យ​​ភ្ជុំបិណ្ឌ​ក្នុង​អំឡុង​ថ្ងៃ​ទី ៥ ខែ​ក្រោយ​ព្រោះ​ការ​សម្រេច​​​របស់​តុលាការ​ក្រុង​ប៉ះពាល់​សិទ្ធិ និង​សេរីភាព​នៃ​ការ​​បញ្ចេញ​មតិ​របស់​កូនក្តី»។

លោក នី ចរិយា បាន​ចូល​បម្រើ​ការងារ​ជា​អគ្គលេខាធិការរង​ គជប មាន​ឋានៈ និង​បុព្វសិទ្ធិ​ស្មើ​នឹង​អនុរដ្ឋលេខាធិការ​កាលពី​ខែ កុម្ភៈ ឆ្នាំ ២០១៦ ។ តែ​លោក​ត្រូវ​បាន​តុលាការ​ក្រុង​សម្រេច​​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​នៅ​ដើម​ខែ​ឧសភា​ដោយ​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ពាក់ព័ន្ធ​នឹង​រឿង​​សេ្នហា​​រវាង​អ្នកនាង ខុម ចាន់តារាទី ហៅ​ ស្រីមុំ ជាមួយ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​​លោក​ កឹម សុខា ដែល​មជ្ឈដ្ឋាន​​នានា​ចាត់​ទុក​ថា​ជា​រឿង​នយោបាយ។

លោក អ៊ូ វីរៈ អ្នក​វិភាគ​ឯករាជ្យ​បាន​ថ្លែង​ថា​បរិយាកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មើល​ទៅ​មាន​ភាព​តានតឹង​ក្នុង​ការ​និយាយ​ថា​វា​មាន​លក្ខណៈ​យ៉ាង​ណា​ចំពោះ​សំណុំ​រឿង​របស់​លោក​​ នី ចរិយា ។

លោក​បាន​​បញ្ជាក់​ថា​៖ «ខ្ញុំ​សន្មត​ថា​មនុស្ស​ដ៏ទៃ​ទៀត​នឹង​មាន​ការ​ប្រុងប្រយ័ត្ន​ និង​មាន​​ការ​ភ័យ​ខ្លាច​បន្ថែម​ទៀត​ហើយ​ថា​នឹង​បង្កើត​ឱ្យ​មាន​បញ្ហា​សម្រាប់​សមាជិក​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។ ...នេះ​ប្រហែល​ជា​បញ្ហា​ដ៏ធំ​បំផុត​មួយ»។

លោក​ វីរៈ​ បាន​ចោទ​សួរ​ថា​តើ​អ្នក​ណា​នឹង​ត្រូវ​ចូល​ទៅ​ជំនួស​តំណែង​លោក នី ចរិយា ខណៈ​ដែល​ការ​កាត់ទោស​នេះ​​បង្ហាញ​ថា​វា​គឺជា​ការ​គំរាម​កំហែង​​មួយ។

លោក​​បន្ត​ថា ​ការងារ​របស់​លោក​ នី ចរិយា ជា​ការងារ​ដែល​ទទួល​​បាន​ប្រាក់​ខែ​ទាប​ប៉ុន្តែ​មាន​ហានីភ័យ​ខ្ពស់។ «មនុស្ស​ល្អ​ប្រហែល​ជា​មិន​ដាក់​ពាក្យ​នោះ​ទេ​បន្ទាប់​មក​នឹង​មាន​​បេក្ខជន​ដែល​មិន​សូវ​ល្អ​ដាក់​ពាក្យ​មក​ហើយ​គេ​ដឹង​ថា​គេ​នឹង​មិន​ហ៊ាន​និយាយ​អ្វី​ដែល​នាំ​ឲ្យ​ខ្លួន​គេ​មាន​បញ្ហា​នោះ​ទេ។ ខ្ញុំ​សូម​ធ្វើការ​សន្មត​ថា​ការងារ​​នេះ​គឺ​វា​មាន​ការ​លំបាក​ណាស់​ដូច្នេះ​មាន​បេក្ខជន​ជាច្រើន​អាច​នឹង​មិន​ចង់​​ចូល​​ទៅ​​ក្នុង​ស្ថាបន័​នយោបាយ​បែប​នេះ​ទេ»៕ NS

រាយការណ៍​បន្ថែម​ដោយ Christina Maza

អត្ថបទគួរចាប់អារម្មណ៍