បាត់ដំបងៈ ​ដី​ព្រៃ​ប្រមាណ​ជាង​ ១០០ ​ហិក​តា ​ក្នុង​តំបន់​ការពា​រ​ធម្ម​ជា​តិ​ប្រើ​ប្រាស់​ច្រើន​យ៉ាង​សំឡូត​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ និង​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន​កាប់រាន​ដើម្បី​កាន់​កាប់​យក​ជា​សម្បត្តិ​ឯក​ជន​ដោយ​ខុស​ច្បាប់​។​ ​នេះ​បើ​យោង​តាម​ការ​អះអាង​របស់​ប្រជា​សហ​គមន៍​ការ​ពា​រ​ព្រៃ​ឈើ​ និង​ម​ន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំនួន​ក្នុង​ស្រុក​​សំឡូត​កាល​ពី​ម្សិ​មិញ។​

​តំ​ណាង​ប្រ​ជា​សហ​គមន៍​ព្រៃ​ឈើ​ភ្នំ​ដេកា ​(​DK) ​សំឡូត​ លោក​ យ៉ាត នាង​ អាយុ​ ៦២ ​ឆ្នាំ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ នៅ​ថ្ងៃ​អង្គារ​ថា​ ករណី​​កាប់​បំផ្លាញ​ព្រៃ​ឈើ ​ដើម្បី​ទន្ទ្រាន​កាន់​កាប់​ដី​ព្រៃ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ការ​ពារ​ធម្ម​ជាតិ​ប្រើ​ប្រាស់​ច្រើន​យ៉ាង​សំឡូត​បាន​កើតឡើង​​ជា​ច្រើន​ឆ្នាំ​មក​ហើយ​តាម​រយៈ​ការដុត​រា​ន​ដី​ព្រៃ​ពង្រីក​ផ្ទៃ​ដី​កសិ​កម្ម​។​ ទី​តាំង​ដែល​មាន​ការលួច​កាប់​ និង​ដុតរាន​ដី​ព្រៃ​ដើម្បី​ទន្ទ្រាន​យក​មក​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​ដោយ​ខុស​ច្បាប់​នោះ​រួម​មាន​នៅ​​ចំណុច​អូរ​អាច​ម៍​ក្របី អូរ​ស្លេវ អូរ​ត្របែក​ជូរ អូ​រ​ឆ្នាំង​ធ្លុះ ​អូរ​តា​តឹង​ និង​អូរ​សម្រិល ​ឬ​អូរ​ថ្ម ​ដែល​ស្ថិត​នៅ​ក្នុង​ឃុំ-ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង។​ ​

​លោក​ ​នាង​ ថ្លែង​ថា៖ «អ្នក​ដែល​ចូល​ទៅ​កាប់​ ឈូស​ឆាយ ​និង​ដុត​រាន​ដី​ព្រៃ​ក្នុង​តំបន់​នោះ ​ភាគ​ច្រើន​ជា​មន្ត្រី​កង​កម្លាំង​ និងជា​អ្នក​មាន​លុយ​មាន​អំណាច»។

​​អ្នក​ស្រី​ ម៉ឹង​ មឿន​ ប្រធាន​សហ​គមន៍​ព្រៃ​ឈើ​អូ​រ​តា​តឹង​ បាន​និយាយ​ស្រ​ដៀង​គ្នា​នេះ​ថា​ សកម្ម​ភាព​នៃ​ការ​កាប់​រាន​ដី​ព្រៃ​ក្នុង​តំបន់​ការ​ពារ​ធម្ម​ជាតិ​ប្រើ​ប្រាស់​ច្រើន​យ៉ាង​សំឡូត​នា​ពេល​ថ្មីៗ​នេះ​ ភាគ​ច្រើន​ធ្វើ​ឡើង​ដោយ​ក្រុម​មន្ត្រី​យោ​ធា​វរ​ការ​ពារ​​ព្រំ​ដែន​លេខ ៥០២។ ​

អ្ន​ក​ស្រី​​បាន​និយាយ​ថា​៖ «​ពួកគេ​ថា​ដី​ព្រៃ​នេះ​ជា​របស់​រដ្ឋ​និង​មាន​ទីតាំង​ស្ថិត​នៅ​តាម​ជួរ​ព្រំ​ដែន​ ដែល​កង​ទ័ព​មាន​សិទ្ធិ​បង្កើត​ស្នាក់​ការ​យុទ្ធ​សាស្ត្រ​សម្រាប់​ដាក់​ពង្រាយ​កង​ល្បាត​ សម្រាប់​ការ​ពារ​ និង​​ត្រួត​ពិនិត្យ​អំពី​សុវត្ថិ​ភាព​សន្តិសុខ​នៅ​តាម​ជួរ​បន្ទាត់​ព្រំ​ដែន​ ហើយ​កិច្ច​កា​រ​នេះ​ ប្រជា​ពល​រដ្ឋ​ធម្ម​តា​មិន​គួរ​ត្រូវ​ចង់​ដឹង​ច្រើន​ពេក​នោះ​ទេ»។

អ្ន​ក​ស្រី​មឿន​ អះ​អាង​ថា​ ក្រុម​កង​កម្លាំង​យោធា​ ប្រជា​ពល​​រដ្ឋ​​ក្នុង​សហ​គមន៍​របស់​អ្នក​ស្រី​ ​រួម​ទាំង​អាជ្ញា​ធរ​ភូមិ​ឃុំ​ បាន​រាយ​ការណ៍​ទៅ​អាជ្ញា​ធរ​ស្រុក​ និង​ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់​ដំបង ដើ​ម្បី​ចុះ​ត្រួត​ពិនិត្យ​ និង​សាក​សួរ​ឲ្យ​ច្បាស់លាស់​អំពី​ករណី​សកម្ម​ភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​ការពារ​នេះ។

​លោក ​ធឹ​ម ព្រឿ​ង​ ​មេ​ឃុំ​សំឡូត​ បាន​និយាយ​ថា​ បើ​មាន​ការ​សាង​សង់​​លេណ​ដ្ឋាន​កង​ទ័ព​មែន​នោះ​ វា​ប្រាកដ​ជា​ មាន​ការ​ប្រកាស​​ឲ្យ​ដឹង​ពី​ថ្នាក់​ជាតិ​ ​ឬ ​ថ្នាក់​ខេត្ត ​និងស្នើ​ឲ្យ​មាន​ការ​ចូល​រួម​សហ​ការ​ពី​អាជ្ញា​ធរ​ពាក់​​ព័ន្ធ ពិសេស​អាជ្ញា​ធរ​មូល​ដ្ឋាន និង​មន្ត្រី​​ជំ​នាញ​បរិស្ថាន​ក្នុង​តំបន់​នេះ​ ប៉ុន្តែ​ វា​គ្មាន​ការ​ផ្ដល់​ដំណឹង​ជា​មុន​អំពី​ករណី​នេះ​ទេ​។​

​លោក​បាន​បញ្ជាក់​ថា​៖ ​«​ខ្ញុំ​គិត​ថា​ ពួក​គេ​កាប់​​ទន្ទ្រាន​ដី​ព្រៃ​ក្នុង​តំបន់​នេះ​ ក្នុង​គោល​បំណង​ដើ​ម្បី​ចាប់​យក​ដី​ទុក​លក់​ឲ្យ​ក្រុម​ឈ្មួញ​​​ជួញ​ដូរ​ដី​ធ្លី​ ​ព្រោះ​បច្ចុ​ប្បន្ន​ មាន​ពាក្យ​ចចាម​អារ៉ាម​លេច​ឮ​ពេញ​ក្នុង​ភូមិ​ឃុំ​យើង​​ខ្ញុំ​ថា​ មាន​ក្រុម​ចិន​មួយ​ ​គេ​ចាំ​ទទួល​ទិញ​​ដី​ដែល​កាប់​ឆ្ការ​ហើយ»។

លោក​ព្រឿង ​បាន​បន្ត​ថា ​ករណី​នេះ​ បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​ហើយ។​​ លោក កត់ ​បូរ៉ាន់ ប្រធា​ន​មន្ទី​រ​បរិ​ស្ថាន​​ខេត្ត​បាត់​ដំបង​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា​ បាន​ចេញ​លិខិត​មួយ​ច្បាប់​​​​ជម្រាប​ជូន​ដំណឹង​ដល់​សាមី​អង្គ​ភាព​យោធា​វរៈ​ការ​ពារ​ព្រំ​ដែន​លេខ​ ៥០២ ​​នោះ​​ស្ដី​ពី​ការ​ហាម​ឃាត់​និង​ទប់​ស្កាត់​ជា​ការកាប់​បំផ្លាញ​ព្រៃឈើ។

លោក​ ​ហុក​ ​ហ៊ុន​ហ៊ត​ មេ​បញ្ជា​ការ​យោ​ធាវ​រៈ​ការ​ពារ​ព្រំ​ដែន​លេខ ​៥០២​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ម្សិល​មិញ​ថា ​មិន​ទាន់​ទទួល​បាន​ចំណា​រ​ឯក​ភាព​ពី​ក្រសួង​ការពារ​ជាតិ​ ស្ដី​ពី​ការ​សាង​សង់​បន្ទាយ​ទ័ព​ ឬ​ ស្នាក់​ការ​សម្រាប់​កង​ល្បាត​ទេ៕