
មន្ត្រីជំនាញ និងសមត្ថកិច្ចចុះពិនិត្យរូងភ្នំមួយកន្លែងក្នុងតំបន់ភ្នំក្ងោកមាស ក្នុងខេត្តស្ទឹងត្រែង។ សហការី
ស្ទឹងត្រែងៈ មន្ទីរវប្បធម៌ និងវិចិត្រសិល្បះ រួមជាមួយមន្ទីរទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធមួយចំនួននៅក្នុងខេត្ដស្ទឹងត្រែងបានកំពុងរៀបចំឯកសារ និងភ័ស្តុតាង ដើម្បីដាក់បញ្ចូលតំបន់ក្ងោកមាស ដែលមានអាយុកាលតាំងពីមុនសម័យអង្គរ ដើម្បីចុះបញ្ជីទុកជាសម្បត្តិបេតិកភណ្ឌជាតិ។
លោកស្រី ញ៉ោច សារឿន ប្រធានស្តីទីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែងបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអង្គារម្សិលមិញថា ភ្នំក្ងោកមាសនេះជាសម្បត្តិមហាសាល ១ ដែលត្រូវតែរួមគ្នាថែរក្សា និងអភិរក្ស ព្រោះភ្នំក្ងោកមាសនេះសម្បូរទៅដោយប្រវត្ដិសាស្រ្ដ និងធនធានធម្មជាតិ ស្ថិតនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ការផ្ដួចផ្ដើមសិក្សា និងយកតំបន់នេះ ទៅជាតំបន់បេតិកភណ្ឌ ដើម្បីរក្សាទុកឲ្យក្មេងជំនាន់ក្រោយ និងភ្ញៀវទេសចរបានស្គាល់ពីធនធានទេសចរណ៍ ធម្មជាតិ និងវប្បធម៌ខ្មែរ។
លោកស្រីបន្ថែមថា៖ «បើកាលណាយើងមិនរក្សាតំបន់នេះទុកទេ ទៅថ្ងៃមុខ ប្រជាពលរដ្ឋ គាត់អាចចូលទៅកាប់ព្រៃ និងទន្រ្ទាន តំបន់នោះយកធ្វើជាកម្មសិទ្ធិ»។
អ្នកស្រីថា៖ «ការចុះភ្នំក្ងោកមាសនេះក្នុងបញ្ជីរក្សាទុកជាសម្បត្តិជាតិគឺកុំឲ្យជនខិលខូចមួយចំនួនឡើងទៅជីកកកាយរាវរកវត្ថុបុរាណ។ បន្ទាប់ពីបានទៅពិនិត្យជាក់ស្តែង យើងឃើញមានភ័ស្តុតាងបង្ហាញថា នៅក្នុងភ្នំនេះ ជាទីកន្លែងលាក់ខ្លួន ដែលយើងអាចចាត់ទុកថា ជាកន្លែងមនុស្សជំនាន់ដើម រស់នៅ»។
លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្ដស្ទឹងត្រែងបានឲ្យដឹងថា មន្ទីរទេសចរណ៍ បានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋបានដំណើរការរៀបចំតំបន់ភ្នំក្ងោកមាសទៅជា «សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ» ផងដែរ។
លោកបន្ដថា៖ «តំបន់នេះមានសក្ដានុពលខ្ពស់ណាស់។ តំបន់នេះមានព្រៃឈើ មានសត្វព្រៃ និងជួរភ្នំ រូងភ្នំ ដែលភ្នំទាំងនោះមានពាក់ព័ន្ធនឹងប្រវត្ដិសាស្រ្ដមួយចំនួន។នេះបើតាមការស្រាវជ្រាវរបស់ក្រសួងវប្បធម៌។ មន្ទីរវប្បធម៌ក៏បានសិក្សាបន្ថែម ដើម្បីរៀបចំតំបន់នេះដាក់ចូលជាបេតិកភណ្ឌជាតិដែរ»។
លោក ប៉ោសឿន ថ្លែងថាតំបន់សហគមន៍ទេសចរណ៍ ដែលកំពុងរៀបចំដាក់បញ្ចូលជាសម្បត្ដិបេតិកភណ្ឌជាតិនេះ មានផ្ទៃដីរាប់ពាន់ហិកតា ដោយមានធនធានធម្មជាតិ និងព្រៃឈើនៅល្អស្អាតច្រើនលើសលប់ និងមានសត្វប្រចៀវនៅក្នុងរូងភ្នំរាប់ម៉ឺនក្បាលផងដែរ។
លោកបានបន្ដថា៖ «តំបន់នេះ យើងត្រូវចូលរួមទាំងអស់គ្នាដើម្បីអភិរក្ស ដើម្បីបង្ហាញនូវ សក្ដានុពលសម្រាប់វិស័យទេសចរណ៍ប្រទេសយើង» ។
លោក ប៉ោសឿន ថ្លែងថានៅតំបន់ភ្នំក្ងោកមាសបន្ទាប់ពីបង្កើតជាសហគមន៍ទេសចរណ៍ បច្ចុប្បន្នមន្ទីរទេសចរណ៍បានបង្កើតជាសេវាកម្មទេសចរណ៍ផ្សេងៗដើម្បីទទួលភ្ញៀវទេសចរ និងកំពុងពង្រឹងបន្ថែមទៅលើការរៀបចំអភិរក្សតំបន់នេះ។
បើតាមអ្នកស្រី សារឿន តំបន់ភ្នំក្ងោកមាសមានល្អាងថ្មចំនួន ២៩ កន្លែង ដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដាក់បញ្ចូលក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌជាតិ ដើម្បីរួមគ្នាទុកឱ្យកូនចៅជំនាន់ក្រោយ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ បានឃើញ និងបានស្គាល់។
លោកប្រាក់ សុវណ្ណារ៉ា អគ្គនាយកបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ក្រសួងកាលណាកន្លែងប្រវត្ដិសាស្រ្ដ និងមានសក្ដានុពលលើវិស័យទេសចរណ៍ក្រសួងតែងតែគិតគូរ ចំពោះការដាក់បញ្ចូលតំបន់នោះទៅជាកន្លែងបេតិកភណ្ឌជាតិហើយ ដើម្បីយកប្រយោជន៍ពីវិស័យទេសចរណ៍មកអភិវឌ្ឍប្រទេស។
លោកបន្ដថា៖ «បើជាកន្លែងបុរាណដែលមានសក្ដានុពលនោះយើងនឹងអភិវឌ្ឍហើយ។ យើងអាចអភិវឌ្ឍបានហើយតំបន់ហ្នឹង»៕