ភ្នំពេញៈ មន្ត្រី​ក្រសួង​ធន​ធានទឹក​បាន​ឲ្យ​ដឹង​ថា​ តំ​បន់​មួយ​ចំនួន​នៃ​ខេត្ត​ចំនួន ៦ កំពុង​ប្រឈម​ការ​ខ្វះខាត​ទឹក​ដើម្បី​ប្រើប្រាស់​ព្រោះ​តែ​រដូវ​ប្រាំង​ឈាន​ចូល​មក​ដល់​ និង​អាកាស​ធាតុ​មាន​ការ​ប្រែ​ប្រួល​ទៅ​ជា​​ក្ដៅ​ហួត​ហែង​ ប៉ុន្តែ​មិន​ទាន់​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ទេ។ ទន្ទឹម​​នឹង​នេះ​មន្ត្រី​ និង​អាជ្ញាធរ​ក៏មាន​វិធាន​ការ​ដោះ​ស្រាយ​ជា​បន្ត​បន្ទាប់។

​លោក​ ចាន់ ​យុត្ថា ​អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក​និង​ឧតុ​និយម ​បាន​ថ្លែង​ប្រាប់​​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ​ថាខេត្ដ​ ឧត្ដរ​មានជ័យ ​បាត់​ដំបង​ កំពង់​ធំ​ ព្រៃ​វែង ​ព្រះវិ​ហារ​ ​និង​ខេត្ដ​កោះកុង​ ​ដែល​តំបន់​ខ្លះ​នៃ​ខេត្ត​ទាំង​នោះ​ កំ​ពុង​ប្រ​ឈម​នឹង​ការ​ខ្វះ​ខាត​ទឹក​​​ប្រើប្រាស់។​

​លោក ​យុ​ត្ថា​ ​បាន​ថ្លែង​ថា​៖ «​កើត​ឡើង​ចំពោះ​​ ៦ ​ខេត្ដ​នេះ​ ប៉ុន្ដែ​ដូច​ខ្ញុំ​បាន​បញ្ជាក់​ហើយ​ថា​ មិន​មែន​មាន​បញ្ហា​ខ្វះ​ខាត​​ទឹក​នេះ​ទូ​ទាំង​ខេត្ដ​ទេ ​គឺ​កើត​ឡើង​ដោយ​តំបន់​នី​មួយ​ៗ​ក្នុង​ខេត្ដ​ប៉ុណ្ណោះ​​។​ក្រសួង​បាន​ត្រៀម​រួច​ហើយ​ ក្នុង​នោះ​មាន​​កញ្ចប់​ថវិកា​សម្រាប់​ដោះស្រាយ»។​

​លោក​បន្ដ​៖ «​ក្រសួង​បាន​ឲ្យ​​​ជីក​អណ្ដូង​ និង​ការ​បញ្ចូន​រថ​យន្ដ​ដឹក​ទឹក​ទៅ​តាម​ខេត្ដ​ដែល​មាន​បញ្ហា។ ​ប្រព័ន្ធ​ផ្លូវ​ទឹក ក៏​ដូច​ជា​ទឹក​ក្រោម​ដី ​យើង​បាន​សិក្សា​ហើយ ​កន្លែង​ណា​ដែល​មាន​ទឹក​ក្រោម​ដី ​យើង​ទាញ​យក​ទឹក​ក្រោម​ដី​ប្រើ​ កន្លែង​ណា​ដែល​អាច​បង្វែ​រទឹក​មក​បាន​ទោះ​បីនៅ​ឆ្ងាយ​យ៉ាង​ម៉េច​ក៏​យើង​បង្វែ​រទឹក​មក​ប្រើ​ប្រាស់​បាន​ដែរ​។​ក្រ​សួង​បាន​ដោះ​ស្រាយ​ ​យោង​ទៅ​តាម​ស្ថាន​ភាព​ជាក់​​ស្ដែង​នៃ​ភូមិសាស្រ្ដ​នីមួយៗ​ក្នុង​ខេត្ដ​ដែល​ជួប​បញ្ហា»។​

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​លោក​ យុត្ថា​ បាន​អះ​អាង​ថា​ នៅ​ស្រុក​គាស់ក្រឡ​ ​និង​ម៉ោងឬស្សី​ នៃ​ខេត្ត​បាត់​ដំបង​បាន​ឲ្យ​ដឹង​ថា​ប្រជា​ពល​រដ្ឋ​មាន​ ២៨ ០០០ ​គ្រួសារ កំ​ពុង​ប្រ​ឈម​មុខ​ខ្លាំង​ចំពោះ​​ផល​ប៉ះ​ពាល់​ ​ដែល​ត្រូវ​ជួយ​សង្គ្រោះ​ដោយ​​កាយ​ប្រឡាយ​ទឹក​បន្ថែម​ប្រហែល ​៦ ​គីឡូ​ម៉ែត្រ​ ដោយ​​នាំ​​ទឹក​មក​ពី​ទំនប់​ទឹក​ពហុ​បំណង​ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​រតន​មណ្ឌល។

​​លោក​ថ្លែង​ថា​បញ្ហា​កើត​មាន​ឡើង​នៅ​ក្រុងខេមរភូមិន្ទ​ ​នៅ​​ខេត្ដ​កោះកុង​។ ​ស្រុក​មេ​សាង​នៃ​ខេត្ត​ព្រៃ​វែង​ ស្រុក​ស្ទោង​នៃ​ខេត្ត​កំពង់​ធំ​​។​ ដោយ​ឡែក នៅ​ខេត្ដ​ឧត្ដរ​មាន​ជ័យ ​និង​ខេត្ដ​ព្រះវិហារ​ បញ្ហា​កង្វះ​ខាត​ទឹក​ប្រើ​ប្រាស់​នេះ ​បាន​កើត​ឡើង​តែ​នៅ​ក្នុង​ពន្ធ​នាគារ​ចំនួន ២ ប៉ុណ្ណោះ​។ ​ដំណោះ​ស្រាយ​ដំបូង​នៅ​ក្នុង​ខេត្ដ​ ២ ​នេះ​ ក្រសួង​បាន​ឲ្យ​អាជ្ញា​ធរ​ខេ​ត្ដ​ដឹក​ទឹក​ចែក​ជូន​​ប្រើ​ប្រាស់​បណ្ដោះ​អា​សន្ន​ បន្ទាប់​មក​លោក​រដ្ឋ​មន្រ្ដី​ក្រសួង​ធនធាន​ទឹក​ ក៏​បាន​បញ្ជា​ឲ្យ​ជីក​អណ្ដូង​ដើម្បី​ប្រើប្រាស់​វិញ។

​លោក ​ឡុង ​ផល្គុន​ ប្រធាន​មន្ទីរ​ធនធាន​ទឹក​និង​ឩតុ​និយម​ខេត្ត​បាត់​ដំបង​បាន​ឲ្យ​ដឹង​ថា ​ការ​ខ្វះខាត​ទឹក​នេះ​ គឺ​ពិត​ជា​មាន​ការ​ខ្វះ​ខាត​មែន​ ប៉ុន្ដែ​មិន​មាន​ការ​ប្រឈម​ជា​បញ្ហា​ធ្ងន់​ធ្ងរ​នោះ​ទេ។

​លោក​ ផល្គុន ​ថ្លែង​បន្ដ​ថា​៖ «​ខេត្ដ​យើង​មាន​អាង​ស្ដុកទឹក​ធំ​សម្រាប់​អន្ដរា​គមន៍​ជុំ​វិញ​បញ្ហា​នេះ​។ ​ជា​វិធាន​ការ​ជាក់​ស្ដែង​យើង​បាន​ប្រើ​ម៉ាស៊ីន​ធំៗ ​៦៥​ សេស​ ដើម្បី​បូម​ទឹក​បញ្ចូន​ទៅ​ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​តំបន់​ដែល​ខ្វះខាត​ទឹក​។​ យើង​ក៏​មាន​ជីក​ជា​អណ្ដូង​ដើម្បី​ជា​ប្រភព​ទឹក​ក្រោម​ដី។​ អ៊ីចឹង​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​ចំពោះ​បញ្ហា​ខ្វះទឹក​នេះ​យើង​បាន​ដោះស្រាយ​ហើយ»។

រដ្ឋា​ភិបាល​បាន​ឲ្យ​ពល​រដ្ឋ​ត្រៀម​ទឹក​ទុក​សម្រាប់​ប្រើ​ប្រាស់ ​នៅ​ក្នុង​រដូវ​ប្រាំង​ខាង​មុខ​ដោយ​កម្ពុជា​ នឹង​រង​ឥទ្ធិ​ពល​ដោយ​ប្រយោល​នៃ​បាតុ​ភូត​ អែល​ នីណូ ​(El Nino)៕