ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​កងទ័ព​ដែល​ឈរជើង​នៅតាម​ព្រំដែន​កម្ពុជា-ថៃ​ក្នុង​តំបន់​ភូមិសាស្ត្រ ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​អាកាសធាតុ​ត្រជាក់​ដែល​តំបន់​ខ្លះ​នឹង​ធ្លាក់ចុះ​ដល់​ពី ១៦ ​ទៅ​ ១៨ ​អង្សាសេ ដែល​នឹង​ចាប់ផ្ដើម​នា​ចុង​សប្ដាហ៍​នេះ​។

យោងតាម​ការព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម ចាប់ពី​ថ្ងៃទី​ ៥ ​ដល់​ថ្ងៃ​ ៩ ខែធ្នូ ខេត្ត​ចំនួន​ ៦ ដែល​ស្ថិត​នៅ​តាម​ព្រំដែន​ក្នុង​តំបន់​ភូមិសាស្ត្រ​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​នៃ​ប្រទេស ​កម្ពុជា ​ដែល​រួមមាន ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន ស្ទឹងត្រែង រតនគិរី និង​ខេត្ត​មណ្ឌលគិរី អាកាសធាតុ​ត្រជាក់​នឹង​ធ្លាក់​ចុះ​ក្នុង​កម្រិត​អប្បបរមា​ចន្លោះ​ពី​ ១៦-១៨ អង្សាសេ​។

ក្រសួង​គូសបញ្ជាក់​ថា​៖ «​ការធ្លាក់ចុះ​នៃ​កម្រិត​សីតុណ្ហភាព​អប្បបរមា​ពី​ ១៦-១៨ ​អង្សាសេ ក្នុង​តំបន់​ភូមិសាស្ត្រ​ខាងលើ​នេះ​គឺ​បណ្ដាលមកពី​ប្រទេស​កម្ពុជា​កំពុង​ទទួលរង​នូវ​ឥទ្ធិពល​នៃ​ការធ្លាក់ចុះ​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន និង​ខ្យល់​មូសុង​ឦសាន​ខ្លាំង​»​។

បើ​តាម​ការព្យាករ​ខេត្ត​ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ក្រចេះ និង​ខេត្ត​កោះកុង សីតុណ្ហភាព​អប្បបរមា​នឹង​ធ្លាក់​ចុះមក​ក្នុង​កម្រិត​ពី​ ១៨ ​ទៅ​ ២០ អង្សាសេ ខណៈ​រាជធានី​ភ្នំពេញ កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និង​ខេត្ត​ស្វាយរៀង​សីតុណ្ហភាព​អប្បបរមា​នឹង​ធ្លាក់​ចុះមក​ក្នុង​កម្រិត​ពី​ ២១ ​ទៅ​ ២៣ ​អង្សាសេ​។ ចំណែក​នៅ​ខេត្ត​តាកែវ កែប កំពត​ និង​ខេត្ត​ព្រះសីហនុ​សីតុណ្ហភាព​អប្បបរមា​មាន​ពី​ ២២ ​ទៅ​ ២៤ ​អង្សាសេ​។

លោក សន ស៊ា មេបញ្ជាការ​កងពលតូច​លេខ ៤ ប្រចាំ​ទិស​ខេត្ត​ឧត្តរមានជ័យ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា នៅពេល​នេះ​អង្គភាព​របស់​លោក​កំពុង​ចុះ​ចែក​អាវ​រងា​ និង​ថ្នាំសង្កូវ​មួយចំនួន​ដល់​កងកម្លាំង​ដែល​ឈរជើង​នៅតាម​ជួរ​បន្ទាត់​ព្រំដែន​ និង​បាន​ណែនាំ​ដល់​ពួកគាត់​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​អំពី​សុខភាព​ដោយ​ត្រូវ​ពាក់អាវ​ក្រាស់ៗ ឬ​អាវរងា និង​ត្រូវ​ញ៉ាំ​ទឹក​ក្ដៅ​ពេល​មាន​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​។

លោក​ថ្លែងថា​៖ «​កងកម្លាំង​របស់​យើង​បាន​ត្រៀម​បង្ការ​ចំពោះ​អាកាសធាតុ​ត្រជាក់​នេះ​រួចរាល់​ហើយ​។ ទន្ទឹម​នឹង​នេះ​អង្គភាព​របស់​យើង​ក៏បាន​បង្កើន​កម្មវិធី​ចុះ​ល្បាត​តាម​ជួរ​ព្រំដែន ដើម្បី​ពង្រឹង​សុវត្ថិភាព សន្តិសុខ នៅ​តាម​ជួរ​បន្ទាត់​ព្រំដែន​ផងដែរ​»​។

ស្រដៀង​គ្នា​នេះដែរ​លោក បួន សេងសុពិសិដ្ឋ មេបញ្ជាការវរ​ការពារ​ព្រំដែន​លេខ ៦២៣ ប្រចាំ​ទិស​ខេត្ត​រតនគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សម្រាប់​ខេត្ត​​រតនគិរី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ម្សិលមិញ សីតុណ្ហភាព​បាន​ធ្លាក់​ចុះ​ក្នុង​កម្រិត ១៩ ​អង្សាសេ និង​មាន​ខ្យល់​បក់​ខ្លាំង​ខុសប្លែក​ពី​ប៉ុន្មាន​ថ្ងៃមុន​។ ទោះជា​បែបណា​ក្ដី លោក​បញ្ជាក់​ថា កងកម្លាំង​នៃ​អង្គភាព​របស់​លោក​បាន​ទទួល​អាវ​រងា គ្រឿងបរិភោគ​ឧបភោគ និង​ថ្នាំសង្កូវ​មួយ​ចំនួន​សម្រាប់​បង្ការ​ជំងឺ​គ្រុនផ្ដាសាយ​ដែល​ជា​អំណោយ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន តាំងពី​ ១ ​ខែ​មុន​មក​ម្ល៉េះ​។

លោក សុពិសិដ្ឋ បាន​ថ្លែងថា​៖ «​នៅពេល​នេះ​អាកាសធាតុ​បាន​ចាប់ផ្ដើម​ចុះ​ត្រជាក់​ជា​បណ្ដើរៗ​ហើយ ដោយ​សីតុណ្ហភាព​អប្បបរមា​នៅ​ព្រឹក​មិញ​នេះ [​ព្រឹក​ថ្ងៃ​ចន្ទ​] បាន​ធ្លាក់​មក​នៅក្នុង​កម្រិត​ ១៩ ​អង្សាសេ​។ ប៉ុន្តែ​វា​មិនទាន់​មាន​ផលប៉ះពាល់​ដល់​សុខភាព​កងកម្លាំង​របស់​យើង​នោះទេ​»៕

វីដេអូ៖