មណ្ឌលគិរីៈ ​លោក​ ​សារូ​ រត​នា ​នាយ​រង​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌល​គិរី​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ដី​រដ្ឋ​ក្នុង​តំបន់​ចម្ការ​ស្រល់​ ​ដែល​មាន​ទី​តាំង​ស្ថិត​ក្នុង​ភូមិ​ពូ​ហ្យា​ម​ ​ឃុំ​សែ​ន​មនោ​រម្យ​ ស្រុក​អូររាំង​ ​ត្រូវ​បាន​ក្រុម​ជន​ខិលខូ​ច​មួយ​ចំនួន​លួច​ បោះ​បង្គោល​របង​ហ៊ុម​ព័ទ្ធ​យក​ដោយ​ខុស​ច្បាប់​ អស់​រាប់​សិប​ហិកតា។

​លោក ​រតនា ​បាន​និយាយ​ថា​ ​តំបន់​ចម្ការ​ស្រល់​មាន​ផ្ទៃ​ដី​សរុប​ ​២២៥ ហិក​តា ​និង​ត្រូវ​បាន​ចុះក្នុង​បញ្ជី​សារ​ពើ​ពន្ធ​របស់​មន្ទីរ​កសិ​កម្ម​ ​រុក្ខា​ប្រមាញ់​និង​នេ​សាទ​ ​ខេត្ត​មណ្ឌល​គិរី​ ​ហើយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌល​គិរី ​មាន​តួនាទី​គ្រប់​គ្រង​ និង​ការ​ពារ​ដី​នេះ។​ ប៉ុ​ន្តែ​ដោយ​សារ​ហាង​ឆេង​ដី​មាន​ការកើន​ឡើង​ខ្ពស់ ​ជន​ឱកាស​និយម​មួយ​ចំនួន​បាន​នាំ​គ្នា​លួច​បោះ​បង្គោល​​ទន្ទ្រាន​កាន់កាប់​ដី​ក្នុង​តំបន់​នេះ​ដោយ​ខុស​ច្បាប់​ជា​បន្ត​បន្ទាប់​។​ ​កាល​ពី​ថ្ងៃ​ទី​ ១៤​ ​ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៩ ​ក្រុម​ការងារ​​របស់​លោក ​បាន​សហការ​ជា​មួយ​ផ្នែក​សឹក​រង​ស្រុក​អូររាំង​រួម​ទាំង​អាជ្ញា​ធរ​ភូមិ​ឃុំ ​ចុះ​ពិនិត្យ​ទីតាំង​ដី​ក្នុង​តំបន់​ចម្ការ​ស្រល់ ​ហើយ​បាន​ប្រទះ​ឃើញ​មាន​ករណី​លួច​បោះ​បង្គោល​​របង​ហ៊ុមព័ទ្ធ​ដី​ក្នុង​តំបន់​នោះ​ដោយ​ខុស​ច្បាប់​ចំនួន​ ៤ ទីតាំង។

លោក​បាន​បញ្ជាក់​ថា៖ ​«យោង​តាម​ការចុះ​ពិនិត្យ​អង្កេត​របស់​យើង​នា​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ យើង​បាន​រក​ឃើញ​មាន​ករណី​លួច​បោះ​​បង្គោល​របង​ហ៊ុមព័ទ្ធ​ដី​ចំនួន ​៤ ​កន្លែង​ក្នុង​តំបន់​ចម្ការ​ស្រល់​​ដោយ​ខុស​ច្បាប់។​ ថ្វី​បើ​យើង​នៅ​មិន​ទាន់​បាន​វាស់​វែង​នៅ​លើ​ទី​តាំង​​​ទាំង​នោះ ​ប៉ុន្តែ​យើង​អាច​ប៉ាន់​ប្រមាណ​បាន​ថា​វា​មាន​ទំហំមិន​ក្រោម​ ៥០ ​ហិកតា​នោះ​ទេ»។

បើ​តាម​លោក​រតនា​ ​មក​ទល់​ពេល​នេះ​ក្រុម​ការ​ងារ​របស់​លោកកំពុង​បន្ត​ធ្វើ​ការ​ស្រាវ​ជ្រាវ​ស្វែង​រក​អត្ត​សញ្ញាណ ​ ក្រុម​ជន​ដែល​បាន​មក​បោះ​បង្គោល​របង​ហ៊ុមព័ទ្ធ​ដី​ដោយ​ខុស​ច្បាប់​ក្នុង​តំបន់​នេះ ​ដើម្បី​បង្ក​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់​វិធាន​ការ​បន្ត​តាម​នីតិវិធី​ច្បាប់។

​អ្នក​ស្រី​ ថ្វាន​ ​ត្រេល​ ​មេ​ឃុំ​សែនមនោ​រម្យ​ ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅ​ថ្ងៃម្សិល​មិញ​ថា​ ​មិនមាន​ពល​រដ្ឋ​ណា​ម្នាក់​ក្នុង​ឃុំ​របស់​អ្នក​ស្រី​​ទៅ​ចាប់​​ដី​ក្នុង​តំបន់​នោះ​ទេ។​

​អ្នក​ស្រីថ្លែង​​ថា​៖ ​«​ដីដែល​ត្រូវ​បាន​គេ​ហ៊ុមព័ទ្ធ​យក​ក្នុង​តំបន់​នោះ​មិនមែន​ក្នុង​ចំនួន​តិច​តួច​នោះ​ទេ។​ យ៉ាង​​ហោច​ណាស់ ​មាន​ទំហំ​មិន​ក្រោម​ពី​៣ហិក​តា​ឡើយ​ក្នុង​មួយ​កន្លែងៗ​​ ដូច្នេះ​ពល​រដ្ឋ​ក្នុង​ភូមិ​-ឃុំ​យើង​ខ្ញុំ​គ្មាន​លទ្ធ​ភាព​ទៅ​ហ៊ុមព័​ទ្ធ​ឡើយ។​ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ដឹ​ង​ថា​ពួក​គេ​មក​ពី​ណា​នោះ​ដែរ»។

លោក​ ញ៉ាង​ ​ម្យក់​ ​មេភូមិ​ពូហ្យាម​ ​និយាយ​ថា​ គេ​ជួល​កម្មករ​ចុះ​មក​ធ្វើ​ការ​បោះ​បង្គោល​ហ៊ុមព័ទ្ធ​ដី​ក្នុង​តំបន់​នោះ​ដែរ។

លោក​បាន​បន្ត​ថា​៖ «​ខ្ញុំ​ឃើញ​គេ​ដឹក​កម្មករ​ ​និង​សម្ភារ​មួយ​ចំនួន​រួម​មាន​បង្គោល​របង​ធ្វើ​ពីថ្ម ​និងលួស​បន្លា​​ម​ក​បោះ​បង្គោល​របង​ហ៊ុមព័ទ្ធ​ដី​ក្នុង​តំបន់​​ចម្ការ​ស្រល់​នេះ​ ​ប៉ុន្តែ​​ខ្ញុំ ​និង​អ្នកភូមិ​ស្មាន​ថា​ក្រុម​អាជ្ញា​ធរ​គេ​យក​កម្លាំង​ធ្វើ​ដើម្បី​ការពា​រដី​នោះ។​ ​ខ្ញុំ​យល់​ថា ​នៅ​ពេល​នេះ​ ​បើ​មន្ត្រី​ជំនាញ​ និង​អាជ្ញា​ធរ​ពាក់ព័ន្ធ​មិន​បង្ក្រាប​ និង​ដក​ហូត​ដី​ទាំង​នោះ​មក​វិញ​ទេ​ ​ដី​ក្នុង​តំបន់​នេះ​ នឹង​ត្រូវ​គេ​រំលោភ​យក​អស់​ជា​មិន​ខាន»៕