បាត់ដំបងៈ ដីព្រៃនៅក្នុងតំបន់ការពារធនធានធម្មជាតិប្រើប្រាស់ច្រើនយ៉ាងសំឡូតត្រូវបានគេរាយការណ៍ថាមានការលួចឈូសឆាយនិងកាប់ទន្ទ្រានយកដីជាកម្មសិទ្ធិពីក្រុមឈ្មួញខិលខូចនិងមន្ត្រីមានឥទ្ធិពលមួយចំនួន ប៉ុន្តែ ត្រូវបានក្រុមមន្ត្រីឧទ្យានុរក្សចុះបង្ក្រាបបានទាន់ពេល។
លោកយូ សុជាតិ ប្រធានតំបន់ការពារធានធានធម្មជាតិប្រើប្រាស់ច្រើនយ៉ាងសំឡូតបានឲ្យដឹង នៅថ្ងៃទី ២៩ ខែសីហានេះ ថា ថ្មីៗនេះ មានអ្នកភូមិ និងឈ្មួញខិលខូចមួយចំនួនបានលួចទន្ទ្រានចូលទៅឈូសឆាយដីក្នុងតំបន់ការពារខាងលើនេះ ដោយខ្លះមានលួចដាំដើមទុរេននិងដើមមង្ឃុតធំៗ ឯខ្លះបានលួចដាំបង្គោលឈើហ៊ុមព័ទ្ធធ្វើជារបង ដើម្បីរំលោភយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនថែមទៀត។
លោកបានបន្តថា៖«សកម្មភាពនេះត្រូវបានកម្លាំងមន្ត្រីឧទ្យានុរក្សយើងបានចុះបង្ក្រាបទាន់ពេលវេលានិងកំពុងបន្តល្បាតតាមឃ្លាំមើលជាប្រចាំដើម្បីទប់ស្កាត់សកម្មភាពល្មើសច្បាប់ទាំងនេះ»។
បើតាមលោក សុជាតិ កន្លងមកដីព្រៃក្នុងតំបន់ការពារនេះប្រមាណជាង៣០ហិកតាត្រូវបានឧត្តមមន្ត្រីម្នាក់រំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយបានដាំដុះដំណាំហូបផ្លែចម្រុះប្រភេទ ដូចជា ទុរេន មង្ឃុត មៀន សាវម៉ាវ និង ក្រូច ព្រមទាំងបានលួចសង់ផ្ទះ និងកសិដ្ឋានថែមទៀត។
ជាមួយគ្នានេះដែរ មន្ត្រីយោធាការពារព្រំដែនកម្ពុជា-ថៃ ដែលបានចូលរួមចុះល្បាតជាមួយក្រុមមន្ត្រីបរិស្ថានបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅថ្ងៃទី ២៩ សីហានេះថា កាលពីថ្មីៗនេះ មានឧកញ៉ាម្នាក់ឈ្មោះ ប៉ូ គឹមផេង បានឲ្យកម្មករចល័តគ្រឿងចក្រចូលទៅលួចឈូសឆាយដីក្នុងតំបន់ទឹកធ្លាក់អូរត្របែកជូរ ខណៈ នៅចំណុចអូរកាក្បែរតំបន់សជាប់ព្រំដែនថៃមានអ្នកភូមិមួយចំនួនបានឃុបឃិតជាមួយក្រុមឈ្មួញលួចឈូសឆាយព្រៃនិងដាំដើមទុរេន ដើមស្វាយ មង្ឃុត ធំៗរាប់សិបដើម ដើម្បីរំលោភយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ប៉ុន្តែក្រុមមន្ត្រីល្បាតនាំគ្នាដកដើមឈើទាំងនោះចេញ និងនាំយកទៅរក្សាទុកនៅស្នាក់ការប៉ុស្តិ៍បរិស្ថានច្រក ៤០០។
ពាក់ព័ន្ធនឹងករណីនេះ លោកឧកញា ប៉ូ គឹមផេង នៅថ្ងៃទី២៩សីហានេះបានបដិសេធថាក្រុមហ៊ុនលោកពុំមានគម្រោងអភិវឌ្ឍន៍ក្នុងតំបន់នោះទេហើយក៏ពុំធ្លាប់បញ្ជូនគ្រឿងចក្រសូម្បីតែ១គ្រឿងទៅកាន់តំបន់នោះដែរ។
លោកបានថ្លែងទាំងអស់សំណើចថា៖«ខ្ញុំឯណាថ្លើមធំពាសមេឃហ៊ាននាំគ្រឿងចក្រទៅឈូសឆាយដីក្នុងតំបន់ការពារនិងអភិរក្សធនធានធម្មជាតិនោះ ហ៊ានតែចូលទៅ មន្ត្រីឧទ្យានុរក្សគេចាប់ទាំងគ្រឿងចក្រទាំងមនុស្សឥឡូវ ហ្នឹង។ ម្យ៉ាងទៀតក្រុមហ៊ុនខ្ញុំពុំមានដីឬគម្រោងអភិវឌ្ឍន៍ណាមួយនៅក្បែរតំបន់នោះទេ»។
យ៉ាងណាក៏ដោយ លោក កើត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា សកម្មភាពកាប់រាន និង ឈូសឆាយដីព្រៃក្នុងតំបន់ការពារធនធានប្រើប្រាស់ច្រើនយ៉ាងសំឡូតពីសំណាក់ពលដ្ឋមួយចំនួនដែលឃុបឃិតជាមួយ ក្រុមឈ្មួញដីពិតជាកើតមានច្រើននៅក្នុងតំបន់ក្បែរច្រកព្រំដែន ពិសេសច្រក ៤០០ ប៉ុន្តែសកម្មភាពទាំងនេះត្រូវបានកម្លាំងសមត្ថកិច្ចបរិស្ថានសហការជាមួយកម្លាំងប្រដាប់អាវុធចម្រុះចុះបង្ក្រាបបានជាបន្តបន្ទាប់។
លោក បូរ៉ាន់ បានបញ្ជាក់ថា៖«នៅពេលនេះក្រុមមន្ត្រីបរិស្ថានយើង កំពុងដាក់ពង្រាយកម្លាំងបន្ថែមនៅក្នុងតំបន់ ដែលកំពុងប្រឈមនេះ និងបានបន្ថែមកម្លាំងចុះល្បាតនៅក្នុងតំបន់ព្រៃជ្រៅ និងតំបន់ជាប់ព្រំដែន ដើម្បីទប់ស្កាត់ការលួចឆ្មក់ចូលកាប់បំផ្លាញព្រៃឈើពីសំណាក់ជនឱកាសនិយមទាំងនោះ»៕