កណ្តាលៈ រាជរដ្ឋាភិបាល​មាន​គម្រោង​កាត់​តំបន់​មួយចំនួន​ក្នុង​ទឹកដី​ស្រុក​ល្វាឯម ខេត្តកណ្ដាល ចូល​មក​ក្នុង​ការគ្រប់គ្រង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្រោយពី​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ចំនួន​ ២ ​ទៀត​រួច​។ នេះ​បើ​យោងតាម​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ស្រោចស្រព​ព្រះសុគន្ធវារី​ប្រគេន​សម្តេចព្រះ​សង្ឃនាយករង​ ៣ ​ព្រះអង្គ​ ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​ ២៨ ខែ​ កុម្ភៈ ឆ្នាំ​ ២០២០​។

សម្តេចព្រះ​សង្ឃនាយករង​ទាំង ៣ ​ព្រះអង្គ​ដែល​បានទទួល​ស្រោចស្រព​ព្រះ​សុគន្ធវារី​នៅ​ថ្ងៃ​នោះ​រួមមាន សម្តេច​ព្រះពោធិវង្ស អំ លីមហេង សម្តេចព្រះ​សង្ឃនាយករង​ទី​ ១ សម្តេចព្រះវ័នរ័ត ណយ ច្រឹក សម្តេចព្រះ​សង្ឃនាយករង​ទី​ ២ និង សម្តេចព្រះ​ឧត្តមវង្សា មួង រ៉ា សម្តេចព្រះ​សង្ឃនាយករង​ទី​ ៣​។

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែងថា ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ប្រជាពលរដ្ឋ​មាន​ជីវភាព​ល្អប្រសើរ​ធ្វើឲ្យ​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​មាន​ដំណើរការ​រីកចម្រើន​ទៅ​មុខ​ជា​បន្តបន្ទាប់​។ ជាមួយ​ដំណើរការ​រីកចម្រើន​នេះ ស្ពាន​ឆ្លងទន្លេ​មេគង្គ​ចំនួន​ ២ ​ខ្សែ​ទៀត​នឹង​ត្រូវ​សាងសង់​ក្នុង​ពេល​ដ៏ខ្លី​ខាង​មុខ​នេះ ដើម្បី​តភ្ជាប់​តំបន់​ជ្រោយចង្វារ និង​ច្បារអំពៅ​នៃ​រាជធានី​ភ្នំពេញ​ទៅ​កាន់​តំបន់​អរិយក្សត្រ​នៃ​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល​ដែល​នឹង​ផ្ដល់នូវ​សារៈប្រយោជន៍​បន្ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់​គម្រោង​អភិវឌ្ឍន៍​ស្ពាន​ទាំង​ ២ ​ខ្សែ​នេះ​។ លោក​ថ្លែងថា​៖ «​តំបន់​អរិយ​ក្សត្រ​នឹង​ក្លាយ​ជា​ខណ្ឌ​មួយ​ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោយពី​ស្ពាន​ត្រូវ​បាន​សាងសង់​ឆ្លង​ទៅ​ដល់​តំបន់​នោះ​»​។

កាល​ពេល​ថ្មីៗ​នេះ​លោក ហ៊ុន សែន បានស្នើ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង ដើម្បី​ជួយ​កសាង​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ពី​តំបន់​ជ្រោយចង្វារ​ឆ្ពោះ​ទៅ​កាន់​ស្វាយជ្រំ​នៅ​តំបន់​អរិយក្សត្រ​។ ក្រៅពី​នេះ​រាជរដ្ឋាភិបាល​ក៏​គ្រោង​សាងសង់​ស្ពាន​ពី​តំបន់​ក្តីតាកុយ ខណ្ឌ​ច្បារអំពៅ​ទៅ​កាន់​ស្រុក​ល្វាឯម​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល​ផងដែរ​។

ជុំវិញ​ការលើកឡើង​អំពី​គម្រោង​កាត់​តំបន់​អរិយក្សត្រ​ឲ្យ​មក​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នេះ​លោក ភឹម ភីរ៉ា អភិបាលស្រុក​ល្វាឯម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មក​ទល់​ពេល​នេះ​លោក​នៅ​មិនទាន់​ដឹង​ច្បាស់​អំពី​ចំនួន​ភូមិ​ឃុំ នៃ​ស្រុក​ល្វាឯម​ដែល​នឹងត្រូវ​កាត់​ចូល​ក្នុង​រាជធានី​ភ្នំពេញ​នោះទេ​។

លោក​ថ្លែង​ថា​៖ «​យ៉ាងណា​ក៏ដោយ​នៅពេល​នេះ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​មាន​លំនៅឋាន​ជាប់​តំបន់​អភិវឌ្ឍន៍​គម្រោង​សាងសង់​ស្ពាន​ទាំង​ ២ ​ខ្សែ​នោះ​មាន​ក្ដី​រីករាយ​ដោយ​រំពឹងថា ជីវភាព​រស់នៅ​របស់​ពួកគេ​នឹង​មាន​ភាព​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែម​មួយកម្រិត​ទៀត​នៅពេល​ស្ពាន​ទាំង​ ២ ​ខ្សែ​នោះ​ត្រូវ​បាន​ស្ថាបនា​រួច​»​។

លោក កាន់ ពេញ នាយនគរបាល​ប៉ុស្តិ៍​ឃុំ​អរិយក្សត្រ​ថ្លែង​ថា ការកាត់​តំបន់​អរិយក្សត្រ​ចូល​ក្នុង​រាជធានី​ភ្នំពេញ​ក្រោយ​ពី​ស្ពាន​ត្រូវបាន​ស្ថាបនា​រួច​នោះ​គឺ​ល្អ​បំផុត​ព្រោះ​តំបន់​អរិយក្សត្រ​នាពេល​នេះ​ក៏​មាន​ការអភិវឌ្ឍ​រីកចម្រើន​ជា​បន្តបន្ទាប់​ផងដែរ ខណៈ​តំបន់​នេះ​មាន​ភូមិសាស្ត្រ​យ៉ាង​ប្រកៀក​ទៅនឹង​រាជធានី​​ភ្នំពេញ​ដែល​ឈម​ជាមួយ​ខណ្ឌ​ជ្រោយចង្វារ​ផ្នែក​ខាង​ជើង​ឆៀង​ខាងលិច និង​ខាងត្បូង​ឆៀង​ខាងលិច​នៃ​ខណ្ឌ​ច្បារអំពៅ​។

លោក​ពេញ​ថ្លែង​ថា​៖ «​គ្រាន់តែ​សម្ដេចតេជោ​ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​នេះ [​សង់ស្ពាន និង កាត់​តំបន់​អរិយក្សត្រ​ចូល​រាជធានី​ភ្នំពេញ​] ភ្លាម​នោះ​អ្នកភូមិ​មួយ​ចំនួន​បានប្រកាស​ដំឡើងថ្លៃ​ដី​របស់​ពួកគាត់​តែម្ដង​»៕