ភ្នំពេញៈ ចាប់ពី​ម្សិលមិញ​រហូតដល់​ដើមខែ​កញ្ញា​ខាងមុខ តំបន់​មួយចំនួន​នៅជាប់​ជួរ​ភ្នំ​ និង​ខ្ពង់រាប​ភាគ​ខាងជើង​ និង​ភាគ​ឦសាន ជាពិសេស​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​អាង​ទន្លេមេគង្គ​លើ​នៃ​ប្រទេស​កម្ពុជា និង​តំបន់​មួយចំនួន​ទៀត នៅ​ជាប់​ព្រំដែន​វៀតណាម​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​។

អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម លោក​ ចាន់ យុត្ថា ឲ្យ​ដឹងថា ព្យុះ BAVI ដែល​វិវត្ត​ចេញពី​ប្រព័ន្ធ​សម្ពាធ​ទាប​សកម្ម​មួយ​នៅ​ហ្វីលីពីន គ្មាន​ឥទ្ធិពល​អ្វី​មកលើ​កម្ពុជា​នោះ​ទេ ដោយសារ​ព្យុះ​នេះ​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ឧបទ្វីប​កូរ៉េ និង​បាន​ស្រូបយក​កំណក​ទឹកភ្លៀង​មួយផ្នែក​ពី​លម្ហអាកាស​នៃ​តំបន់​ឈូង​សមុទ្រ​ចិន​ភាគខាងត្បូង​។

ប៉ុន្តែ​ប្រព័ន្ធ​សម្ពាធ​ទាប​សកម្ម​ថ្មី​មួយទៀត​ដែល​លាតសន្ធឹង​ពី​ប្រទេស​ភូមា​ ទៅ​ដល់​ឈូង​សមុទ្រ​ចិន​ខាងត្បូង​ដោយ​អូស​កាត់​លើ​ភាគ​ខាងជើង​ប្រទេស​ថៃ ឡាវ និង​ប្រទេស​វៀតណាម ​កំពុង​វិវត្ត​ខ្លួន​ទៅជា​ព្យុះ​ទីហ្វុង​ថ្មី​មួយ​ផ្សេងទៀត​ក្នុងពេល​ឆាប់ៗ​ខាងមុខ​ហើយ​ឥទ្ធិពល​របស់​វា​នឹង​គ្របដណ្ដប់​លើ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​អាង​ទន្លេមេគង្គ​ភាគ​ខាងលើ​ប្រទេស​កម្ពុជា​។ ​«​ស្ថានភាព​នេះ​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ទៀត​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​អាង​ទន្លេមេគង្គ​លើ​ និង​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ និង​ឦសាន​នៃ​ប្រទេស​កម្ពុជា ជាពិសេស​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​វៀតណាម​។ រីឯ​ទឹកទន្លេ​មេគង្គ​ក៏​នឹង​បន្ត​ហក់​ឡើង​ជា​លំដាប់​នៅ​គ្រប់​ស្ថានីយ​ជលសាស្ត្រ​»​។

បើ​តាម​លោក យុត្ថា ចាប់ពី​ដើមខែ​កញ្ញា ដល់​ចុងខែ​តុលា ភ្លៀង​នឹង​ធ្លាក់​រាយប៉ាយ​គ្របដណ្ដប់​លើ​ផ្ទៃ​ប្រទេស​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន និង​មាន​ខ្យល់​បក់បោក​ខ្លាំង ពិសេស​នៅ​តំបន់​មាត់សមុទ្រ​។ ដោយឡែក​បាតុភូត​ផ្គររន្ទះ នឹង​មាន​ការថមថយ​បន្តិច​វិញ​។

យ៉ាងណាក្តី​លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង​ដែល​នឹង​កើតមាន​នៅតាម​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​មួយចំនួន ពិសេស​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​ជួរ​ភ្នំ និង​ខ្ពង់រាប និង​តំបន់​ផ្ទៃ​រងទឹកភ្លៀង​នៃ​អាង​ទន្លេមេគង្គ​ភាគខាង​លើ​នៃ​ប្រទេស​កម្ពុជា​៕