កំពតៈ លោក សុខ សុវណ្ណ​វ​ឌ្ឍ​នា សារ​ពង្ស ប្រធាន​គណ​បក្ស​ខ្មែរ​ក្រោក​បាន​រកឃើញ​ថា សក​ម្មភា​​ព​ចាក់ដី​ចូល​សមុទ្រ​កំពុង​កើតឡើង​នៅ​ដែនសមុទ្រក្នុ​ង​ភូមិ​បឹង​តា​ព្រាម សង្កាត់​ត្រើយ​កោះ ក្នុង​ក្រុង​កំពត ជា​តំបន់​ដែល​កំពុង​មាន​ភាព​ចម្រូង​ចម្រាស​ ខណៈ​ដែល​អាជ្ញា​ធរ​ខេត្ត​កំពត​ កំពុង​តែ​សិក្សា​ថា​ តើ​គួរ​ដក​ហូត​ដី​ក្នុង​សមុទ្រ​ ដែល​មាន​ប្លង់​កម្មសិទ្ធិ​​ចេញ​ដោយ​អាជ្ញា​ធរ​នេះ ​មក​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​ឬ​យ៉ាងណា?។

លោក សុខ សុវណ្ណ​វ​ឌ្ឍ​នា សារ​ពង្ស សមាជិក​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោ​ប​ល់​មកពី​គណបក្ស​ខ្មែរ​ក្រោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ កាល​ពី​ម្សិល​​មិញ​ថា ការ​ចុះទៅ​ពិនិត្យ​ផ្ទាល់​ លើ​ទីតាំង​មានការ​បោះ​បង្គោ​ល​​ចូល​សមុទ្រ​ស្ថិតក្នុង​ខេត្ត​កំពត គឺ​លោក​បាន​សង្កេត​ឃើញ​ថា ត្រឹម​តែ​រយៈពេល​ជាង ១ ម៉ោង គឺមាន​រថយន្ត​ប្រហែល ៥០ ​គ្រឿ​ង បាន​ដឹក​ដី​មកចាក់​លុប​លើ​ទីតាំង​​នោះ ហើយ​តាម​ការ​សន្និដ្ឋាន គឺ​គេ​បាន​ចាក់ដី​លុប​បាន​ចំនួន​ជាង ២០ ហិកតា​ហើយ។

លោក​បន្ត​ថា៖ «មិន​ក្រោម​ពី​ជិត ១ លាន​ដុល្លារ​ទេ ព្រោះ​ដី​វា​ច្រើន​ចូលដល់​ម៉ឺន​ឡាន​ហើយ​បាន​ចាក់​បាន​ប៉ុនហ្នឹង»​។ មេ​ប​ក្ស​រូប​នេះ ក៏​សង្កេតឃើញ​ទៀតថា មាន​ស្លាក​ស្នាម​ការកាប់​ដើម​កោង​កាង​នៅ​ទីតាំង​ដែល​កំពុ​ង​មាន​ការចាក់​ដី និង​បើតាម​ការ​ចុច​ប្រព័ន្ធ GPS មើល​បាន​បង្ហា​ញថា តំបន់​មានការ​បោះ​បង្គោល​ដ៏​ស្អេក​ស្កះ​នេះ​គឺជា​ឆក​សមុទ្រ។

ប៉ុន្តែ​លោក ជាវ តា​យ អភិបា​ល​​ខេត្តកំពត​ ធ្លាប់​បំភ្លឺថា បង្គោល​ដែល​បាន​បោះ​ចូល​សមុទ្រ​​លើ​ផ្ទៃ ​៤៥ ហិកតា គឺជា​ដី​ធ្លាប់​កាន់​​​​កាប់​ដោយ​ប្រជាពលរដ្ឋ​ និង​មាន​ការចេញ​ប្លង់​កម្ម​សិទ្ធិ​ទទួ​ល​ស្គាល់​ត្រឹមត្រូវ​តាមច្បាប់​ដោ​យ​រដ្ឋាភិបាល​កាលពី​ឆ្នាំ ២០០៨ ប៉ុន្តែ​ក្រោយមក​ដី​នោះ ត្រូវបាន​ពលរដ្ឋ​នាំគ្នា​លក់​ទៅ​ឱ្យ​ឈ្មួញ។

កាលពី​ថ្ងៃទី ២៨ ខែ​ ឧសភា លោក ជាវ តា​យ ​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ថា លោក​កំពុង​ពិចារណា ក្នុងការ​សម្រេចចិត្ត​ថា​ តើ​គួរ​ឬ​ពុំគួរ​​ដកយក​ដី​នោះមក​ធ្វើជា​ដី​រដ្ឋ​វិញ ហើយ​អាជ្ញា​ធរ​កំពុង​តែ​ធ្វើ​ការ​សិក្សា​លើ​បញ្ហា​នេះ។

នៅក្នុង​ការចុះពិនិត្យ​ផ្ទាល់ លោកសារ​ពង្ស ក៏​សង្ស័យ​ដែ​ល​​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត បាន​ស្នើឱ្យ​រដ្ឋាភិបាល​ចេញ​ប្លង់​កម្ម​​សិទ្ធិ​លើ​សមុទ្រ​បែបនេះ ព្រោះ​លោក​យល់ថា ការស្នើសុំ​នោះ​ អាច​មិន​ត្រឹមត្រូវ​តាម​នី​តិ​វិធី និង​ខុស​ទៅ​នឹង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ។

សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់យោបល់​រូប​នេះ​​បន្តថា លោក​បាន​ទូរ​ស័ព្ទ​សុំ​ជួប​ជាមួយ​អភិបាលខេត្ត​កំពត​លោក ជាវ តា​យ ដើម្បី​សុំ​ការបំភ្លឺ​បន្ថែមនូវ​អ្វីដែល​លោក​បាន​ចុះ​ពិនិត្យឃើញ​ផ្ទាល់ ប៉ុន្តែ​ត្រូវបាន​លោក ជាវ តាយ ឆ្លើយ​យ៉ាងខ្លី​ថា ​ជាប់​រវល់។

ភ្នំពេញ​ប៉ុស្ដិ៍​ ក៏​មិនអាច​សុំ​ការបកស្រាយ​បន្ថែម​ ពី​លោក ជាវ តា​យ បានដែរ​​កាលពី​ថ្ងៃ​ម្សិលមិញ ដោយសារ​ទូរស័ព្ទ​ហៅចូល​ច្រើនដង​ ប៉ុន្តែ​គ្មាន​អ្នក​ទទួល។

​លោក ម៉ម ស៊ា​ប មេភូមិ​តា​ព្រាម​ទទួលស្គាល់ថា ពិត​ជា​មា​ន​សកម្មភាព​ចាក់ដី​លុប​សមុទ្រ​ ក្នុង​តំបន់​ដែល​គេ​បោះ​បង្គោល​នោះ​មែន ប៉ុន្តែ​មិន​មែន​ច្រើន​ឡាន​ ដូច​ការអះអាង​របស់​លោ​ក សារ​ពង្ស ឡើយ។ លោក​មេភូមិ​បញ្ជាក់ថា មកដល់​ពេល​នេះ លោក​ពុំទាន់​ទទួលបាន​ការ​ណែនាំ​ណាមួយ​ពី​ថ្នាក់លើដើ​ម្បី​ចុះ​ទប់ស្កាត់​ការ​ចាក់ដី​នេះ​នៅ​ឡើយ​ទេ។

លោក​​ថា៖​ «គេ​ចាក់​ហ្នឹង​ជា​ហូរហែពិបាក​ចាំ​ថា​ ចា​ប់​​ផ្ដើម​ពី​ពេល​ណា​​ដែរ​ហ្នឹង»។

ជុំវិញ​បញ្ហា​នេះមន្ត្រី​អង្គ​ការ​សង្គម​ស៊ីវិល​បានស្នើ​ឱ្យ​អាជ្ញា​​ធរ​ គួរតែ​ដកហូត​សមុទ្រ​មក​គ្រប់គ្រង​ជា​សម្បត្តិ​រដ្ឋ​វិញស្រ​បពេល​លោក សារ​ពង្ស ​អះអាង​ថា លោ​ក​​នឹង​ស្រាវជ្រាវ​អំពី​ផ្លូវច្បាប់​បន្ថែមទៀត រួចហើយ​ធ្វើ​របាយការណ៍​ដាក់​ទៅរដ្ឋា​​ភិបា​ល​ឲ្យ​ពិនិត្យ​ជុំវិញ​ករណី​បោះបង្គោល​វាត​ចូល​សមុទ្រ​​យក​ធ្វើ​ជា​កម្មសិទ្ធិ​ក្នុង​ខេត្ត​កំពត​នេះ៕