ព្រៃវែង៖ ស្ថានភាព​សត្វ​ស្លាប​ក្នុង​តំបន់​អភិរក្ស​បឹង​ស្នេហ៍​ទួលពាន់តាឡី នៅ​ពេល​នេះ​បាន​វិល​ត្រឡប់​មក​រក​ភាព​ធម្មតា​ឡើង​វិញ​ហើយ ប៉ុន្តែ​ដើម្បី​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ អាជ្ញាធរ​ស្រុក​បាភ្នំ បាន​បន្ត​បិទ​ខ្ទប់​ទេសចរណ៍​ចូល​ទស្សនា​សត្វ​ស្លាប​ក្នុង​តំបន់​នោះ។ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រជាសហគមន៍​បឹង​ស្នេហ៍​ទួលពាន់តាឡី។

លោក ពុទ្ធ បូ ប្រធាន​សហគមន៍​អភិរក្ស​បឹង​ស្នេហ៍​ទួលពាន់តាឡី បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ នៅ​ព្រឹក​ថ្ងៃទី ២១ ខែ​មេសា​នេះ​ថា ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ចុង​ក្រោយ​នេះ​ចំនួន​សត្វ​ស្លាប​ងាប់​នៅ​ក្នុង​តំបន់​អភិរក្ស​សត្វ​ស្លាប​បឹង​ស្នេហ៍​ទួលពាន់តាឡី បាន​ប្រទះ​ឃើញ​ត្រឹមតែ ៣ ទៅ ៤ ក្បាល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ ចំនួន​នេះ​បាន​ថយចុះ​យ៉ាង​គំហុក​បើ​ធៀប​ទៅ​នឹង​ថ្ងៃ​ដំបូង​នៃ​ការ​ផ្ទុះ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី A/H5N1 ដែល​មាន​ចំនួន​រហូត​ដល់​ជាង ១០០ ក្បាល។

លោក​ថ្លែង​ថា៖ «ការ​ធ្លាក់​ចុះ​នៃ​អត្រា​ងាប់​សត្វ​ស្លាប​ព្រៃ​ក្នុង​តំបន់​អភិរក្ស​សត្វ​ស្លាប​បឹង​ស្នេហ៍​ទួលពាន់តាឡី​នាពេល​នេះ អាច​បណ្ដាល​មក​ពី​មេរោគ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី A/H5N1 ថយ​ចុះ​នូវ​ឥទ្ធិពល​របស់​វា ឬ​ត្រូវ​សាប​រលាប ព្រោះ​ប៉ុន្មាន​ថ្ងៃ​នេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន»។

លោក​បាន​បន្ត​ថា យោង​តាម​ទិន្នន័យ​ដែល​បាន​កត់ត្រា​ចាប់​តាំង​ពី​ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២១ រហូត​មក​ទល់​ថ្ងៃទី ១៩ ខែ​មេសា កន្លង​ទៅ​នេះ សត្វ​ស្លាប​ព្រៃ​ក្នុង​តំបន់​អភិរក្ស​បឹង​ស្នេហ៍​ទួលពាន់តាឡី ដែល​បាន​ងាប់​ដោយសារ​ជំងឺ​គ្រុន​ផ្ដាសាយបក្សី A/H5N1 មាន​ចំនួន ២០០៩ ក្បាល រួមមាន សត្វ​ចង្កៀល​ខ្យង ក្អែក​ទឹក កុក​គ្រោង ខ្វែក​ត្រយ៉ង​ខ្លួន​រលោង និង​សត្វ​អូដ្ឋ​ស្បូវ។ ក្នុង​ចំណោម​នោះ សត្វ​ចង្កៀល​ខ្យង​បាន​ងាប់​ច្រើន​ជាង​គេ គឺ​រហូត​ដល់ ២ ០០០ ក្បាល។

លោក កង ធឿង ប្រធាន​ក្រុម​ប្រជាការពារ​ភូមិ​កំពុង​ស្លែង ឃុំ​ធាយ ដែល​អះអាង​ថា នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច លោក​បាន​ដឹកនាំ​កម្លាំង​ប្រជាការពារ​ភូមិ និង​ប្រជាសហគមន៍ ចូលរួម​ជាមួយ​ក្រុម​មន្ត្រី​ជំនាញ​បសុសត្វ និង​មន្ត្រី​បរិស្ថាន ចុះ​រុករក និង​ប្រមូល​សត្វ​ដែល​បាន​ងាប់​ក្នុង​តំបន់​អភិរក្ស​បឹង​ស្នេហ៍​ទួលពាន់តាឡី ដើម្បី​ដុត​កម្ទេច​ចោល ហើយ​ពេល​យប់​ដឹកនាំ​ប្រជាការពារ​ចូលរួម​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ ល្បាត​ត្រួត​ពិនិត្យ​រក្សា​សន្តិសុខ​សង្គម និង​ហាម​ឃាត់​អ្នក​ដែល​ល្មើស​បម្រាម​របស់​អាជ្ញាធរ​ស្ដីពី​ការ​អនុវត្ត វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ ១៩ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា ក្នុង​រយៈពេល ២ ថ្ងៃ​ជាប់​គ្នា​នេះ [ថ្ងៃទី ២០-២១ ខែ មេសា ឆ្នាំ ២០២១] ក្រុម​ការងារ​របស់​លោក​មិន​ប្រទះ​ឃើញ​សត្វ​ស្លាប​ងាប់​ទៀត​នោះ​ទេ។

លោក​បាន​បញ្ជាក់​ថា៖ «ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អាជ្ញាធរ​ស្រុក​បាភ្នំ និង​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រៃវែង នៅ​មិន​ទាន់​ប្រកាស​បើក​ឲ្យ​ដំណើរការ​ទទួល​ភ្ញៀវ​ទេសចរណ៍​ចូល​មក​ទស្សនា​កម្សាន្ត​សត្វស្លាប​នៅ​ក្នុង​តំបន់​នេះ​ឡើង​វិញ​ទេ ព្រោះ​បារម្ភ​ពី​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩»។

សត្វស្លាបជាច្រើនពាន់ក្បាលត្រូវបានប្រមូលយកមកដុតចោល ដែលងាប់ដោយសារ​មេរោគ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី A/H5N1 នាពេលកន្លងមក។ រូបថត ហ្វេសប៊ុក

លោក ទេព ភារុន អភិបាល​ស្រុក​បាភ្នំ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ២១ ខែ​មេសា​ថា ការ​មិន​ប្រទះ​ឃើញ​វត្តមាន​សត្វ​ស្លាប​ព្រៃ​នៅ​ក្នុង​តំបន់​នេះ​ងាប់​តទៅ​ទៀត​នេះ គឺ​ជា​សញ្ញា​មួយ​បង្ហាញ​ថា មេរោគ​គ្រុន​ផ្ដាសាយ​បក្សី A/H5N1 បាន​អស់​ឥទ្ធិពល​មក​លើ​សត្វ​ស្លាប​ព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​សត្វ​ស្លាប​បឹងស្នេហ៍​ទួលពាន់តាឡី​ហើយ។ ប៉ុន្តែ ក្នុង​អំឡុង​ពេល​នេះ ការ​រីក​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ កំពុង​បង្ក​ហានិភ័យ​កាន់​តែ​ខ្លាំង​ឡើង ដែល​តម្រូវ​ឲ្យ​មាន​ការ​បិទ​ខ្ទប់​ការ​ហូរ​ចូល​ទេសចរណ៍​ទស្សនា​កម្សាន្ត​សត្វ​ស្លាប​ក្នុង​តំបន់​នេះ​ជា​បន្ត​ទៀត។

លោក ភារុន បាន​ថ្លែង៖ «យើង​ពិត​ជា​រីករាយ​ណាស់ នៅ​ពេល​ទទួល​ដំណឹង​ពី​មន្ត្រី​មូលដ្ឋាន និង​ប្រជាសហគមន៍​អះអាង​ថា សត្វ​ស្លាប​ព្រៃ​ក្នុង​តំបន់​អភិរក្ស​សត្វស្លាប​បឹង​ស្នេហ៍​ទួលពាន់តាឡី លែង​ងាប់​ទៀត​ហើយ។

ទោះ​យ៉ាងណា ខ្ញុំ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​អត់ធ្មត់ ហើយ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ បន្ត​ផ្អាក​ការ​នាំ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​សត្វស្លាប​ព្រៃ​ក្នុង​តំបន់​នេះ​មួយ​រយៈពេល​បន្ថែម​ទៀត ព្រោះ​ក្នុង​អំឡុង​ពេល​នេះ​ការ​រីក​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ កំពុង​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់»។

លោក​បាន​បន្ត​ថា នៅ​ពេល​នេះ​អាជ្ញាធរ​កំពុង​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ដោយ​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណា​ម្នាក់ ដែល​គ្មាន​ភារកិច្ច​ចាំបាច់ ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​នោះ​ទេ ជាពិសេស​ពី​តំបន់​ដែល​មាន​ការ​រក​ឃើញ​នូវ​វត្តមាន​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩។ អ្នក​ដែល​ល្មើស​នឹង​បម្រាម​នេះ​នឹង​ត្រូវ​ប្រឈម​ការ​​ផាក​ពិន័យ​អន្តរកាល ឬ​និង​ត្រូវ​ប្រឈម​ការ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី ​៦ ខែ​ទៅ ១ ឆ្នាំ។

ទន្ទឹម​ជាមួយ​គ្នា​នេះ លោក តូច វ៉ារដ្ឋា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រៃវែង បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ថា ក្រោយ​ស្ថានការណ៍​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ត្រូវ​បាន​ទប់​ស្កាត់​ដោយ​ជោគជ័យ​ហើយ​នោះ គណៈកម្មការ​ចម្រុះ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត នឹង​ចុះ​វាយ​តម្លៃ​អំពី​ស្ថានភាព​សត្វ​ស្លាប​ព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​សត្វស្លាប​បឹង​ស្នេហ៍​ទួល​ពាន់តាឡី​ជា​ថ្មី​ម្ដង​ទៀត។ ក្នុង​ករណី​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី A/H5N1 អស់​ឥទ្ធិពល​ដូច​អ្វី​ដែល​ក្រុម​មន្ត្រី​ប្រចាំការ​នៅ​ក្នុង​តំបន់​នោះ​បាន​សន្និដ្ឋាន គណៈកម្មការ​ជំនាញ​ថា្នក់​ជាតិ និង​ថ្នាក់​ខេត្ត នឹង​ប្រកាស​ឲ្យ​ដំណើរការ​ទទួល​ភ្ញៀវ​ទេសចរ​ចូល​ទៅ​ទស្សនា​កម្សាន្ត​សត្វ​ស្លាប​ព្រៃ​ក្នុង​តំបន់​នេះ​ឡើង​វិញ។

លោក​បាន​បញ្ជាក់​ថា៖ «ឥឡូវ​យើង​កំពុង​រវល់​រឿង​ទប់​ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ អ៊ី​ចឹង​ទេ យើង​ត្រូវ​រង់ចាំ​ដល់​ស្ថានការណ៍​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ត្រូវ​បាន​ដោះ​ស្រាយ​ចប់​ជា​ស្ថាពរ​សិន ទើប​អាច​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ទទួល​ភ្ញៀវ​ទេសចរ​ចូល​កម្សាន្ត​ក្នុង​តំបន់​អភិរក្ស​សត្វ​ស្លាប​បឹង​ស្នេហ៍​ទួលពាន់តាឡី​វិញ​បាន»៕