ភ្នំពេញៈ ក្រសួងបរិស្ថានគ្រោងដាក់លិខិតទៅទីស្តីការគណៈរដ្ឋមន្រ្តីក្រោយពិធីបុណ្យអុំទូក ដើម្បីសុំការទទួលស្គាល់ជាសំណើផ្លូវការទៅកាន់ប្រទេសជាសមាជិកនៃតំបន់រ៉ាំសារ (Ramsar) ដាក់បញ្ចូលតំបន់ព្រែកទាល់ ស្ថិតក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាតំបន់អភិរក្សសំខាន់ (International Protection Importance) ដោយសារតំបន់នេះ ជាជម្រកសត្វស្លាប ជម្រកត្រីពង និងមានព្រៃលិចទឹក ជាច្រើនកន្លែង។
ប្រធាននាយកដ្ឋានតំបន់ដីសើមនិងតំបន់ឆ្នេរនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថានលោក ស្រី ស៊ុនលាង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញនេះថា គម្រោងស្នើនេះ គឺទាមទារការឆ្លើយតបពីប្រមុខរដ្ឋាភិបាលកម្ពុជា ជាមុនសិន ដើម្បីរៀបចំជាប្រកាសស្នើទៅកាន់ប្រទេសជាសមាជិករ៉ាំសារពិចារណា។
លោកបានប្រាប់ថា៖ «ការដែលយើងស្នើនេះ ព្រោះតំបន់ព្រែកទាល់នេះជាតំបន់ស្នូល ជាប់គ្រប់លក្ខខណ្ឌទាមទាររបស់រ៉ាំសារ ហើយត្រូវបានអ្នកជំនាញបច្ចេកទេសរបស់រ៉ាំសារ និងអ្នកជំនាញរបស់ក្រសួងបរិស្ថានចុះសិក្សាផ្ទាល់ម្តងរួចមកហើយ។»
បើតាមលោក ស្រី ស៊ុនលាង នៅប្រទេសកម្ពុជា តំបន់ចំនួន ៣ ត្រូវបានដាក់ចូលក្នុងតំបន់រ៉ាំសារ។ ទីមួយតំបន់ បឹងឆ្មារ និងប្រព័ន្ធព្រែក ស្ថិតនៅបឹងទន្លេសាប ខេត្តកំពង់ធំ មានផ្ទៃដីសរុប ២៨ ពាន់ហិកតា ជាតំបន់សម្បូរដោយព្រៃលិចទឹក ដើមរាំង ជាទីចំណីសត្វស្លាបទឹកសំខាន់ៗ ត្រី និងពពួកសត្វល្មូន។ ទីពីរ តំបន់កោះកាពិ ខេត្តកោះកុង មានផ្ទៃដីសរុប ១២ ពាន់ហិកតា ជាតំបន់តែមួយគត់ ដែលសម្បូរព្រៃកោងកាងមានគុណភាព និង ទី៣ តំបន់រ៉ាំសារស្ទឹងត្រែង ស្ថិតនៅប៉ែកខាងជើង ខេត្តស្ទឹងត្រែង តាមដងទន្លេមេគង្គ មានផ្ទៃដីសរុប ១៤ ពាន់ ៦ រយហិកតា ជាតំបន់ចរន្តទឹកហូរខ្លាំងប្រកបដោយផ្លូវទឹកតូចជាច្រើន នៅចន្លោះជួរ ថ្ម កោះតូចធំ ហើយមានអន្លង់ជ្រៅៗ ខ្សាច់ និងផ្ទាំងថ្មធំៗ។
លោក ឈិត សំអាត នាយកមូលនិធិសកលសម្រាប់ការអភិរក្សធនធានធម្មជាតិបានឲ្យដឹងតាមការសិក្សាឃើញថា តំបន់នេះសម្បូរទៅដោយជីវចម្រុះ។
លោកថ្លែងថា៖ «បើក្លាយជាតំបន់រ៉ាំសារ (តំបន់ព្រែកទាល់) នឹងទទួលបានការការពារខ្ពស់ ព្រោះតំបន់អភិរក្សភាគច្រើនរងការគំរាមកំហែងច្រើនដោយសារការកសាងទំនប់វារីអគ្គិសនី និងសកម្មភាពខុសច្បាប់ ម្លោះហើយបើយើងបានដាក់បញ្ចូលនឹងជួយឲ្យមានការការពារ»។
រ៉ាំសារ គឺជាអនុសញ្ញារួម និងជាសន្ធិសញ្ញាអន្តរជាតិ ស្តីពីការអភិរក្សនិងការប្រើប្រាស់តំបន់ដីសើមប្រកបដោយនិរន្តរភាព ផ្តោតលើបរិស្ថាននិងប្រព័ន្ធអេកូឡូស៊ី។ បើតាមតួលេខគិតត្រឹម ឆ្នាំ២០០៦ អនុសញ្ញា រ៉ាំសារ នេះមានប្រទេសជាសមាជិកចំនួន ១៥៣ ដែលមានចំនួន ១ ៦៣៤ តំបន់ លើផ្ទៃរាប់សិបម៉ឺនហិកតា ដែលជាតំបន់អភិរក្សសំខាន់ៗ៕