ភ្នំពេញៈ ប្រជា​នេសាទ​សមុទ្រ​ត្រូវ បាន​ហាមឃាត់​នេសាទ​ត្រី​កា​ម៉ុង​ឬ ត្រី​ប្លាធូ ក្នុង​រយៈ ពេល ៧៦ ថ្ងៃ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី ១៥ ខែ​មករា​ដល់​ថ្ងៃទី ៣១ ខែ​មីនា ខាង​មុខ​នេះ​ដោយសារ រដូវ​ពង​កូន​របស់​វា​បាន​មក​ដល់។ នេះ បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​ជល​ផល​ចុះ ថ្ងៃទី ១៤ ខែ​មករា ឆ្នាំ ២០១៩ ដែល​ភ្នំពេញ​ប៉ុស្តិ៍ ទទួល​បាន​កាល​ពី​ម្សិលមិញ។

តាម​មន្ត្រី​ជំនាញ​ជលផល​បាន​ថ្លែងថា ត្រី​កា​ម៉ុង​ឬ​ត្រី​ប្លាធូ​ជា​ប្រភេទ​ត្រី​បំ​ផ្លាស់​ទី។ ពួកវា​ចូល​ចិត្ត​រស់​នៅ​ជា​ហ្វូង​ក្នុង​ជម្រៅ​ទឹកជា​មធ្យម​ចន្លោះ​ពី ៣០ ម៉ែត្រ ទៅ ៤០ ម៉ែត្រ ហើយ​ចូលចិត្ត​ស៊ី​រុក្ខជាតិ​សមុទ្រ​​ និង​ប្លុងតុង​ជាអាហារ។ ជាទូទៅ​នៅ​ចន្លោះ​ពាក់​កណ្ដាល​ខែ​មករា រហូត​ដល់​ដំណាច់​ខែ​មីនា ពួកវា​តែង​តែ​ឡើង​មក​តំបន់​ក្បែរ​មាត់​ឆ្នេរ​ដើម្បី​បង្កាត់​ពូជ​ពោល​គឺ​រយៈពេល​នេះ​ជា​រដូវ​ពង​កូន​របស់​វា។

លោក ហុង ហី ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​នៃ​រដ្ឋបាល​ជលផល​បាន​ថ្លែង​កាលពី​ម្សិល​ថា៖ «ដើម្បី​ធានា​នូវ​និរន្តរភាព​ធនធាន​ជល​ផល​សមុទ្រ​នៅ​កម្ពុជា ជា​រៀងរាល់​ឆ្នាំ​ក្នុង​ចន្លោះ​ពេល​នេះ​រដ្ឋបាល​ជល​ផល​តែង​ចេញ​សេចក្តី​ជូន​ដំណឹង​ស្ដីពី​ការ​ហាម​ឃាត់ នេសាទ​ត្រី​កាម៉ុង​ឬ​ត្រី​ប្លាធូ​នេះ​ដល់​ប្រជា​នេសាទ​សមុទ្រ»។

យ៉ាងណាក្ដី ប្រជា​នេសាទ​ខ្លះ​ថា ការនេសាទ​ត្រី​កា​ម៉ុង ត្រូវ​ចំណាយ​ទុន​ច្រើន​ដោយ​ត្រូវ​ប្រើប្រាស់​ទូក​អូស​គូ​កម្លាំង​ម៉ាស៊ីន​ខ្លាំង និង​ត្រូវ​ប្រើ​មង​ឬ​អួន​វែងៗ​និង​មាន​ជម្រៅ​ទឹក​ចាប់​ពី ១០ ម៉ែត្រ​ឡើង​ទៅ​ប៉ុន្តែ​អ្នក​នេសាទ​លក្ខណៈ​គ្រួសារ​មួយ​ចំនួន​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​ចាប់​វា​ទេ។

ប្រជា​នេសាទ​ក្នុង​សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ខេត្តកំពត​លោក​​ នាក់ សេន ដែល​ថា​មាន​តែ​លប​ក្ដាម និង​ឧបករណ៍​ឈឹប​សម្រាប់​នេសាទ​ត្រី​ប្រភេទ​ចម្រុះ​ក្នុង​តំបន់​ទឹក​រាក់​នោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា កាល​ពី ២០ ឆ្នាំ​មុន គាត់​អាច​នេសាទ​ត្រី​កាម៉ុង​បាន​យ៉ាង​តិច ២ គីឡូ ក្នុង ១ ថ្ងៃ ប៉ុន្តែ​ចាប់​តាំង​ពី​ឆ្នាំ ២០១០ មក ត្រី​កាម៉ុង​លែង​មាន​វត្តមាន​តាម​ឆ្នេរ​នៃ​ខេត្ត​កំពត​ដូច​មុន​ទៀត​ហើយ ដោយសារ​ព្រៃ​កោង​កាង​ត្រូវ​បាន​បំផ្លាញ​និង​ចាក់​ដី​លុប​ដើម្បី​អភិវឌ្ឍ​ជា​រោងចក្រ។

លោក សេន បាន​បញ្ជាក់ថា៖ «កាលពីមុន​នៅ​ខេត្តកំពត​យើង​ក៏មាន​ត្រី​កាម៉ុង​ដែរ ប៉ុន្តែ​បច្ចុប្បន្ន​ខ្ញុំ​មិន​ដែល​ឃើញ ឬ​ជួប​ប្រទះ​ហ្វូង​វា​ឡើង​មក​ដល់​ក្បែរ​មាត់​ឆ្នេរ​ខេត្ត​កំពត​យើង​ទេ​ហើយ​ពួក​យើង​ក៏​គ្មាន​លទ្ធភាព​ទិញ​ទូក​និង​ឧបករណ៍​នេសាទ​សម្រាប់​ចាប់​វា​ដែរ»។

ជុំវិញ​ករណីនេះ លោក ស សូ​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពត​បាន​ទទួល​ស្គាល់​ថា បច្ចុប្បន្ន​ត្រី​កាម៉ុង​ពិត​ជា​ពុំ​សូវ​មាន​ក្នុង​ដែន​សមុទ្រ​នៃ​ខេត្ត​នេះ​មែន ដោយសារ​ប្រជុំ​កោះ ១ ចំនួន​ស្ថិត​ក្នុង​ខ្សែ​ទឹក​ខាង​ក្នុងនិង​មាន​ជម្រៅ​ទឹក​រាក់​ជាង​ខ្សែ​ទឹក​ខាង​ក្រៅ​នៃ​បណ្ដា​ប្រជុំ​កោះ ១ ចំនួន​ក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង។

លោក​ថ្លែងថា៖ «ប្រជា​នេសាទ ១ ចំនួន​ក្នុង​ខេត្ត​កំពត​របស់​យើង ពួកគាត់​ចេញ​ទូក​ទៅ​នេសាទ​ត្រី​កាម៉ុង​ក្នុង​ខេត្ត​ព្រះសីហនុ​ ៤-៥ ថ្ងៃ​ម្ដង ទើប​ត្រឡប់​មក​វិញ ហើយ​ពួក​គាត់​នេសាទ​បាន​ប្រមាណ​ពី ១០-២០ គីឡូ។ប៉ុន្តែ​ចំពោះ​អ្នក​ព្យាយាម​នេសាទ​នៅ​ប្រជុំ​កោះ ១ ចំនួន​ក្នុង​ខេត្ត​កំពត និង​ខេត្ត​កែប ពួកគេ​អាច​ចាប់​បានត្រី​កាម៉ុង​ត្រឹម ៤-៥ គីឡូ​ប៉ុណ្ណោះ​ក្នុង​រយៈពេល​ដូច​គ្នា​នេះ»។

ចំណែក​លោក ឯក ភា នាយខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ព្រះសីហនុ ក៏បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា ត្រី​កាម៉ុង​មាន​ច្រើន​នៅ​តំបន់​កោះ​សេះ កោះ​ប៉ូលូវ៉ៃ​កោះ​ព្រីង និង​ប្រជុំ​កោះរ៉ុង។

លោក​បាន​បន្តថា ប្រជា​នេសាទ​សមុទ្រ​ស្ទើរ​ទាំងអស់​ក្នុង​ខេត្ត​នេះ​សុទ្ធ​តែ​ដឹង​ច្បាស់​ថា នេះ​ជា​រដូវ​ពង​កូន​របស់​ត្រី​កាម៉ុង និង​ជា​ពេល​ត្រូវ​ហាម​នេសាទ​ត្រី​ប្រភេទ​នេះ​បណ្ដោះ​អាសន្ន។

លោក ភា ថា៖ «យើង​បាន​ចុះ​ផ្សព្វផ្សាយ និង​បិទ​ប្រកាស​សេចក្ដី​ជូន​ដំណឹង​ស្ដី​ពី​ការ​បិទ​នេសាទ​ត្រី​កាម៉ុង​នេះ​ដល់​មូលដ្ឋាន​នៃ​សហគមន៍​នេសាទ និង​ទីតាំង​ប្រមូល​ផល​នេសាទ​ដើម្បី​ឲ្យ​ពួកគេ​បញ្ឈប់​ការ​ចាប់​ឬ​ប្រមូល​ផល​វា​ជា​បណ្ដោះ​អាសន្ន»។

បើតាម​លោក ភា ក្នុង ១ ឆ្នាំៗ​ខេត្ត​ព្រះសីហនុ​ប្រមូល​ផល​ត្រី​សមុទ្រ​ចម្រុះ​បាន​ជាង ៤០០០ តោន ក្នុង​នោះ​មាន​ត្រី​កាម៉ុង ប្រមាណ​ជាង ៥០០ តោន។

លោក ណុន ឌឿ​ន ប្រជា​នេសាទ​នៅ​ភូមិ​កោះ​ខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ថ្លែង​ថា ពេល​នេះ​ប្រជា​នេសាទ​ក្នុង​សហគមន៍​គាត់​កំពុង​មមាញឹក​រៀបចំ​ឧបករណ៍​ចាប់​បង្គា ក្ដាម និង​មឹក។

លោក​ថា៖ «ការពិត​រដូវ​នេះជា​រដូវ​ហាម​នេសាទ​ត្រី​កាម៉ុង តែ​ការ​នេសាទ​តែ​បង្គា​ក្ដាម មិនគ្រប់​គ្រាន់​ទេ គឺ​យើង​អាច​ចាប់​ត្រី​ចម្រុះ​មួយ​ចំនួន​ក្រៅ​ពី​ត្រី​កាម៉ុង ដើម្បី​ផ្គត់ផ្គង់​ដល់​គ្រួសារ»៕