កំពង់ឆ្នាំងៈ យ៉ាង​ហោចណាស់​ត្រី​ចិញ្ចឹម​តាម​ដង​ទន្លេ​ស្ថិត​ក្នុង​សង្កាត់​ខ្សាម និង​ផ្សារឆ្នាំង ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​ជា​ ១២ ​ពាន់​គីឡួ​បាន​ងាប់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ព្រោះ​តែ​ទឹក​បាន​ស្រក​ចុះ​ជា​គំហុក និង​ក្ដៅ​ខ្លាំង​។ នេះ​បើ​យោង​តាម​ការរៀបរាប់​របស់​ប្រជានេសាទ​ក្នុង​តំបន់​នោះ​ដែល​មាន​ប្រមាណ​ជា​ ៧០ ​គ្រួសារ​។

អ្នកស្រី វ៉ាន ស្រីអែម បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា តំណាង​ប្រជាសហគមន៍​នេសាទ​ទាំង​នោះ​ដោយសារ​តែ​ជម្រៅ​ទឹកទន្លេ​បាន​ស្រក​ចុះ​មក​នៅក្នុង​ចន្លោះ​ពី​ ១,៥ ​ម៉ែត្រ​ទៅ​ ៣ ​ម៉ែត្រ​រួម​ជាមួយ​នឹង​អាកាសធាតុ​ក្ដៅ​ខ្លាំង​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​បាន​ធ្វើឲ្យ​ត្រី​ដែល​ពួកគាត់​ចិញ្ចឹម​នៅក្នុង​បែ​ត្រី​ក្នុង​ដង​ទន្លេ​នេះ​បាន​ពុល​ងាប់​ជា​បន្តបន្ទាប់ ដែល​យ៉ាង​ហោច​ណាស់​ក្នុង​មួយ​គ្រួសារ​ងាប់​ត្រី​អស់​ប្រមាណ​ពី​ ១០០ ​គីឡូក្រាម​ទៅ ២០០ ​គីឡូ​ហើយ​ត្រី​ដែល​ពួកគាត់​ចិញ្ចឹម​បាន​ប្រឈម​នឹង​ការងាប់​ជា​បន្តបន្ទាប់​នាពេល​ថ្មីៗ​នេះ​គឺជា​ប្រភេទ​ត្រី​ខ្យា ត្រីប្រា ត្រី​ព្រលូង និង​ត្រី​កាហែ ជាដើម ពោល​គឺជា​ប្រភេទ​ត្រី​ដែល​មាន​តម្លៃ​ខ្ពស់​នៅក្នុង​ទីផ្សារ​។

អ្នកស្រី​បាន​ថ្លែង​ថា​៖ «​ប្រភេទ​ត្រី​ទាំង​នេះ​អាច​លក់​ចេញ​នៅក្នុង​តម្លៃ​មិន​ក្រោម​ ៥ ​ដុល្លារ​ទេ​ក្នុង​មួយ​គីឡូក្រាម​។ ការពុល​ងាប់​ត្រី​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ បាន​ធ្វើឲ្យ​ពួកយើង​ខ្ញុំ​មាន​ការ​ខាតបង់​ប្រាក់​ចំណូល​យ៉ាងច្រើន​គឺ​ក្នុង​មួយ​គ្រួសារ​អាច​ខាតបង់​ចន្លោះ​ពី ៥០០ ​ដុល្លារ ទៅ​ ១ ០០០ ​ដុល្លារ​»​។

ប្រជានេសាទ​ម្នាក់​ទៀត​លោក ហេង អៀង រស់នៅ​ភូមិ-ឃុំ​ផ្សារឆ្នាំង អះអាង​ថា ត្រី​របស់​គាត់​ងាប់​អស់​រហូត​ដល់​​ ៣០០ ​គីឡូ ហើយ​សុទ្ធ​តែ​ជា​ប្រភេទ​ត្រីខ្យា និង ត្រី​ព្រលូង​ដែល​កាលពី​ឆ្នាំ​មុនៗ នៅពេល​រដូវ​ទឹក​សម្រក​ខ្លាំង​ដូចជា​ពេល​នេះ​ពួកគាត់​បាន​នាំ​គ្នា​ចល័ត​បែ​ត្រី​ និង​ផ្ទះ​បណ្ដែត​ទឹក​របស់​ពួកគាត់​ចុះ​មក​សំចត​ជា​បណ្ដោះអាសន្ន​នៅ​មុខ​កំពង់ផែ​ក្រុង​កំពង់ឆ្នាំង ជា​តំបន់​ដែល​មាន​ជម្រៅ​ទឹក​ជ្រៅ ប៉ុន្តែ​នៅ​ពេល​នេះ​អាជ្ញាធរ​មិន​អនុញ្ញាត​ទេ ដោយ​តំបន់​នោះ​កំពុង​ធ្វើការ​អភិវឌ្ឍ​ពង្រីក​កំពង់ផែ​។

លោក អៀង ថ្លែង​ថា​៖ «​ពេល​នេះ​ពួកយើង​គ្មាន​មធ្យោបាយ ដើម្បី​ការពារ​ ឬ​បង្ការ​ទប់ស្កាត់​មិន​ឲ្យ​ត្រី​ងាប់​នោះ​ទេ បើ​សិន​ជា​អាជ្ញាធរ​នៅ​តែ​ពុំ​អនុញ្ញាត​ឲ្យ​ពួកយើង​ធ្វើការ​ចល័ត​បែ​ត្រី​ទៅ​កាន់​តំបន់​ខាង​មុខ​កំពង់ផែ​ក្រុង​កំពង់ឆ្នាំង​ជា​បណ្ដោះអាសន្ន​នោះ​ទេ ហើយ​ពួកយើង​នឹង​ត្រូវ​ប្រឈម​ការខាតបង់​ច្រើន​ជាង​នេះ ខណៈ​អាកាសធាតុ​នៅ​តែ​បន្ត​ក្ដៅ​ហួតហែង ហើយ​ត្រី​នៅ​តែ​បន្ត​ងាប់​»​។

លោក សោម ភិរុណ នាយខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃ​ពុធ​ [​ម្សិលមិញ​] ​នេះ​ថា​ក្រុម​ការងារ​របស់​លោក​បាន​ចុះ​ទៅ​ពិនិត្យ​អំពី​ស្ថានភាព​របស់​ប្រជាសហគមន៍​នេសាទ​ដែល​មាន​បញ្ហា​ត្រី​ងាប់​ទាំង​នោះ​រួច​ហើយ និង​បាន​ជួយ​ពន្យល់​ណែនាំ​អំពី​វិធានការ​បង្ការ​ទប់ស្កាត់​មិន​ឲ្យ​ត្រី​ងាប់​បន្ត​ទៀត​ដល់​អ្នកភូមិ​ទាំង​នោះ​ផង​ដែរ​។ ហើយ​បញ្ហា​ដែល​បាន​បណ្ដាល​ឲ្យ​ត្រី​ក្នុង​បែ​របស់​ពួកគាត់​ងាប់​នា​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ គឺ បណ្ដាល​មកពី​អាកាសធាតុ​ក្ដៅ​ខ្លាំង គឺ​ឡើង​ដល់​កម្រិត​ជិត​ ៤០ ​អង្សាសេ ​ខណៈ​ជម្រៅ​ទឹកទន្លេ​នៅ​ក្នុង​តំបន់​របស់​ពួកគាត់​រស់នៅ​ និង​ចិញ្ចឹម​ត្រី​នោះ​បាន​ស្រក​មក​នៅ​ត្រឹម​ចន្លោះ​ពី​ ១,៥ ​ម៉ែត្រ​ទៅ ៣ ​ម៉ែត្រ​ប៉ុណ្ណោះ ដែល​នាំ​ឲ្យ​ទឹក​ឡើង​កំដៅ​ និង​កង្វះ​ខ្យល់​អុកស៊ីសែន​។

លោក​បាន​ថ្លែង​បញ្ជាក់​ថា​៖ «​យើង​បាន​ផ្ដល់​ដំណោះស្រាយ​ចំនួន​ ៣ ​ចំណុច​ដល់​ពួកគាត់ ដើម្បី​ទប់ស្កាត់​ និង​កាត់បន្ថយ​ការ​ងាប់​ត្រី​ក្នុង​បែរ​របស់​ពួកគាត់​ដែល​ក្នុង​នោះ​ពួកគាត់​ត្រូវ​ចាប់​ត្រី​លក់​ចេញ​ខ្លះ ឬ​ចាប់​រំលែក​ដាក់​បែ​ផ្សេង​ទៀត ដើម្បី​កុំ​ឲ្យ​ចង្អៀត​គ្នា និង​ត្រូវ​បង្កើត​អុកស៊ីហ្ស៊ែន ដោយ​បង្កើត​ជា​កង្ហារ​បក់​ទឹក​ឲ្យ​វិល​ដាក់​ទៅ​លើ​ត្រី និង​ត្រូវ​អូស​បែ​ទៅ​រក​ទឹក​ជ្រៅ​»​។ លោក​បន្ត​ថា​ភ្លៀង​មួយ​មេធំ​កាលពី​ម្សិលមិញ​រួច​ហើយ បើ​សិន​ជា​ភ្លៀង​អាច​បន្ត​ធ្លាក់​រហូត​ដល់​ថ្ងៃទី​ ២ ខែ​ឧសភា ត្រី​របស់​ពួកគាត់​នឹង​មិន​ងាប់​ទៀត​ទេ​៕