ភ្នំពេញ៖ ក្នុង​ត្រីមាសទី១ ​ឆ្នាំនេះ ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង ​និង​បង្ក្រាប​ការក្លែងបន្លំ «​ក.ប.ប.» សង្កេត​ឃើញ​បទ​ល្មើស​ពាក់​ព័ន្ធ​នឹង​ការ​លក់​អាល់កុល​ និង​ជែល​ក្លែង​ក្លាយ​មាន​ការ​ចុះ​ថយ​គួរ​ឱ្យ​កត់​សម្គាល់ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន​ ហើយ​ការ​យល់​ដឹង​ពីហា​និភ័យ​ពាក់​ព័ន្ធ​អាល់​កុល​ និង​ជែល​ក្លែង​ក្លាយ​របស់​អាជីវករ​មាន​ការ​កើន​ឡើង​។

លោក​ ផាន អូន​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន «​ក.ប.ប.» នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ពី​ម្សិលមិញ​ថា​ ក្នុង​ត្រី​មាស​ទី១​ ឆ្នាំ​នេះ មន្រ្តី​ស៊ើប​អង្កេត​នៃ​អគ្គ​នាយក​ដ្ឋាន​ ក.ប.ប.​ បាន​ចុះ​ស៊ើប​អង្កេត​ តាម​ទីតាំង​លក់ និង​ចែក​ចាយ​អាល់​កុល ​និង​ជែល​នៅ​តាម​ទីផ្សារ​និង​ឱសថ​ស្ថាន​នានា ​ដោយ​បាន​យក​គំរូនៃ​អាល់កុល ​និង​ជែល​ចំនួន​ ៧៨ ​គំរូ ដែល​បាន​ប្រមូល​វិភាគ ក្នុង​នោះ​មាន​តែ ២​ គំរូ ប៉ុណ្ណោះ​ដែល​ជា​អាល់​កុល​ក្លែង​ក្លាយ។

លោក​បាន​ថ្លែង​ថា ក្នុង​ចំណោម​អាល់កុល ​និង​ជែលក្លែង​ក្លាយ​ទាំង​នេះ ​មាន​បរិមាណ​ចំណុះ ​៤៥.៥០ លីត្រ ​ត្រូវ​បាន​មន្រ្តីនៃ​អគ្គ​នាយក​ដ្ឋាន​ ក.ប.ប.​ រឹប​អូស ​និង​កម្ទេច​ចោល។​ ជាមួយ​គ្នានេះ ​តម្រូវ​ឱ្យ​ម្ចាស់​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​សកម្មភាព​ខិល​ខូច​បែបនេះ​បន្ត​ទៀត​ (ព្រោះ​ជា​ករណី​លើក​ទី១​)។ ​កាលពី​ឆ្នាំ​ ២០២០ ​មន្រ្តី​នៃ​អគ្គ​នាយក​ដ្ឋាន​ ក.ប.ប.​ ​រឹប​អូស​និង​កម្ទេច​ចោល ​អាល់​កុល និង​ជែល​ក្លែង​ក្លាយ​ជាង ៩៤ តោន​ និង​សំណុំ​រឿង​មួយ​ចំនួន​បាន​បញ្ជូន​ទៅ​តុលាការ៕