ភ្នំពេញៈ ក្នុង​ត្រីមាស​ទី​១ ​ឆ្នាំ​នេះ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​ «​ក.ប.ប.» សង្កេតឃើញ​បទល្មើស​ពាក់ព័ន្ធ​នឹង​ការលក់ អាល់កុល និង​ជេល​ក្លែងក្លាយ​មាន​ការថយចុះ​គួរឱ្យកត់សម្គាល់​បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន​ហើយ​ការយល់ដឹង​ពី​ហានិភ័យ​ពាក់ព័ន្ធ​អាល់កុល និង​ជេល​ក្លែងក្លាយ​របស់​អាជីវករ​មាន​ការកើនឡើង​។

លោក​ ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ «​ក.ប.ប.» ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ពី​ម្សិលមិញ​ថា ក្នុង​ត្រីមាស​ទី​១ ​ឆ្នាំ​នេះ មន្ត្រី​ស៊ើបអង្កេត​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. បានចុះ​ស៊ើបអង្កេត​តាម​ទីតាំង​លក់ និង​ចែកចាយ​អាល់កុល និង​ជេល​នៅតាម​ទីផ្សារ​ និង​ឱសថស្ថាន​នានា ដោយបាន​យក​គំរូ​នៃ​អាល់កុល និង​ជេល​ចំនួន​ ៧៨ ​គំរូ​ដែល​បាន​ប្រមូល​វិភាគ ក្នុង​នោះ​មាន​តែ​ ២ ​គំរូ​ប៉ុណ្ណោះ​ដែលជា​អាល់កុល​ក្លែងក្លាយ​។

លោក​ថ្លែងថា ក្នុង​ចំណោម​អាល់កុល និង​ជេល​ក្លែងក្លាយ​ទាំងនេះ​មាន​បរិមាណ​ចំណុះ​ ៤៥,៥០ ​លីត្រ ​ត្រូវបាន​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. រឹបអូស និង​កម្ទេចចោល ហើយ​បានឱ្យ​ម្ចាស់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ខិលខូច​បែបនេះ​បន្តទៀត (​ព្រោះ​ជា​ករណី​លើក​ទី​ ១)​។ ដោយឡែក​កាលពី​ឆ្នាំ​​ ២០២០ មន្ត្រី​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. រឹបអូស និង​កម្ទេចចោល​អាល់កុល និង​ជេល​ក្លែងក្លាយ​ជាង​ ៩៤ ​តោន និង​សំណុំរឿង​មួយចំនួន​បាន​បញ្ជូន​ទៅ​តុលាការ​។

លោក​ ផាន អូន ថ្លែងថា​៖ «​យើង​សង្កេតឃើញ​ថា បទល្មើស​ពាក់ព័ន្ធ​នឹង​អាល់កុល និង​ជេល​មានការ​ចុះថយ​គួរឱ្យ​កត់សម្គាល់ បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំកន្លងមក ហើយ​ការយល់ដឹង​ពី​ហានិភ័យ​ពាក់ព័ន្ធ​អាល់កុល និង​ជេល​ក្លែងក្លាយ​របស់​អាជីវករ​ក៏មាន​ការយល់ដឹង​កើនឡើង​។ បច្ចុប្បន្ន​ការដាក់​តាំង​លក់​ជាទូទៅ គឺ​មាន​ស្លាក​សញ្ញា ដែល​ផ្ទុយស្រឡះ​ទៅនឹង​ពេលមុន​បង្ក្រាប​»​។

យោងតាម​របាយការណ៍​អំពី​យុទ្ធនាការ​នៃ​ការចុះ​ត្រួតពិនិត្យ​គុណភាព​អាល់កុល​ និង​ជេល​ក្លែងក្លាយ​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​នេះ បាន​ឱ្យ​ដឹងថា ចំពោះ​តំបន់​ដែល​ពុំទាន់​មាន​ការផ្ទុះ​ជំងឺ​កូវីដ​១៩ ចូលក្នុង​សហគមន៍​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. បាន​បន្ត​ចុះទៅ​ដល់​ទីតាំង​លក់ និង​ចែកចាយ​អាល់កុល និង​ជេល​នៅ​តាម​ទីផ្សារ ឱសថស្ថាន​ផ្ទាល់ ដើម្បី​ត្រួតពិនិត្យ​នូវ​គុណភាព​អាល់កុល និង​ជេល​។

ចំណែក​ទីតាំង​កំពុងមាន​ការផ្ទុះ​ឡើង​កូវីដ​១៩ ចូលក្នុង​សហគមន៍​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. ក៏​បាន​ចុះ​ឃ្លាំមើល​ទីតាំង​ដែល​ធ្លាប់បាន​បង្ក្រាប​ដល់​ឫសគល់​នា​ឆ្នាំ​កន្លងទៅ​។ ក.ប.ប. ឃ្លាំមើល​ពិនិត្យ​ទីតាំង​ថ្មី​បន្ថែមទៀត រួមទាំង​នៅ​បន្ត​តាម​អង្កេត​តាម​ទីផ្សារ​ឱសថស្ថាន​នានា​ផងដែរ​ដើម្បី​បង្ការ​ទប់ស្កាត់​ការកើត​ឡើងវិញ​នូវ​បទល្មើស​ការចរាចរ អាល់កុល និង​ជេល​ក្លែងក្លាយ​នៅលើ​ទីផ្សារ​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​ទាំងនេះ​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​នៃ​ការផ្សព្វផ្សាយ និង​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ធ្វើ​ឡើង​ជា​ប្រចាំ​ដោយ​អគ្គនាយកដ្ឋាន ក.ប.ប.។ ពិសេស​ក្រោម​ការចង្អុលបង្ហាញ​ដ៏ឈ្លាសវៃ និង​ការគិតគូរ​យកចិត្ត​ទុកដាក់​ខ្ពស់​អំពី​សុខុមាលភាព​របស់​អ្នក​ប្រើប្រាស់​ពី​សំណាក់​ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​»​។

បើតាម​លោក ផាន អូន បន្ទាប់ពី​កម្ពុជា​មាន​ការផ្ទុះ​ជំងឺ​កូវីដ​១៩​ក្នុង​សហគមន៍​ឡើងវិញ ពលរដ្ឋ​បន្ត​មាន​ការព្រួយបារម្ភ និង​ត្រូវការ​សម្ភារ​ការពារ​ខ្លួន ដូចជា អាល់កុល ជេលលាងដៃ និង​ម៉ាស់​សម្រាប់​ពាក់​ការពារ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ជាខ្លាំង​។ ក៏ប៉ុន្តែ​តម្រូវការ​នេះ​បាន​ធ្វើ​ឱ្យ​ជន​ឆ្លៀតឱកាស​មួយចំនួន​បាន​លក់​សម្ភារ​ទាំងនេះ​ដំឡើង​តម្លៃ និង​ក្លែងបន្លំ​សារធាតុ​អាល់កុល និង​ជេល​ជា​របស់​ក្លែងក្លាយ​គ្មាន​គុណភាព​។

ដូច្នេះ​ដើម្បី​ជា​មូលដ្ឋាន​ទប់ស្កាត់ ទង្វើ​របស់​ជនខិលខូច​អគ្គនាយកដ្ឋាន ក.ប.ប. បាន​ណែនាំ​ឱ្យ​មន្ត្រី ក.ប.ប. គ្រប់​សាខា រាជធានី-ខេត្ត ចុះ​ត្រួតពិនិត្យ​គុណភាព និង​តម្លៃ​នៅតាម​ទីផ្សារ​រួច​រាយការណ៍​មក​អគ្គនាយកដ្ឋាន​ជា​រៀងរាល់ថ្ងៃ​។

អគ្គនាយកដ្ឋាន ក.ប.ប. បន្ត​អំពាវនាវ និង​សំណូមពរ​ដល់​អាជីវករ​កុំ​ឆ្លៀតឱកាស​លក់​ផលិតផល​ម៉ាស់ អាល់កុល សម្រាប់ លាង​សម្អាត​ដៃ កិបកេង​យក​ផលចំណេញ ហួសហេតុ និង​អំពាវនាវ​ដល់​ពលរដ្ឋ កុំ​ទិញ​ផលិតផល​អាល់កុល ជេល​លាងដៃ​ដែល​គ្មាន​ស្លាក​សញ្ញា និង​ប្រភព​ច្បាស់លាស់ ដើម្បី​ចៀសវាង​ផលិតផល​ក្លែងក្លាយ គ្មាន​គុណភាព ហើយ​ពេល​ប្រើ​នាំឱ្យ​ប៉ះពាល់​សុខភាព និង​អាយុជីវិត​។

លោក មៀច សុផាន់ណា រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ.ប.ផ.ក​) នៃ​ក្រសួងមហាផ្ទៃ​ថ្លែង​ពី​ម្សិលមិញ​ថា គ.ប.ផ.ក បាន​សហការ​ជាមួយ​ក្រសួង និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការ​អង្កេត និង​បង្ក្រាប​ការចរាចរ​លក់ដូរ​ផលិតផល​ក្លែងក្លាយ ដូចជា អាល់កុល និង​ជេល​ក្លែងក្លាយ​នេះ ពិសេស​ក្នុងពេល​ដែល​ប្រជាពលរដ្ឋ​កំពុងមាន​តម្រូវការ​ប្រើប្រាស់​នៅ​សម្ភារ​សម្រាប់​ការពារ​មេរោគ​កូវីដ​ ១៩​ នេះ​។

លោក​ថ្លែងថា​៖ «​កន្លងមក គ.ប.ផ.ក. បានធ្វើការ​សម្របសម្រួល​ជាមួយ​គ្រប់​ក្រសួង ស្ថាប័ន​ទាំងអស់​ដើម្បី​ធ្វើការ​បង្ក្រាប​ការចរាចរ​លក់ដូរ ផលិតផល​អាល់កុល និង​ជេល​ក្លែងក្លាយ​ខុស​ស្ដង់ដា​នេះ​។ យើង​ដឹង​ហើយ​ថា ផលិតផល​ក្រោម​ស្ដង់ដា គឺជា​ផលិតផល​គ្មាន​ប្រសិទ្ធភាព​នាំឱ្យ​ប៉ះពាល់​ដល់​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​»​។

លោក​បាន​ឱ្យ​ដឹងថា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​នេះ​កងកម្លាំង​នៃ គ.ប.ផ.ក. បាន​បង្ក្រាប​បទល្មើស​ចរាចរណ៍ លក់ដូរ អាល់កុល និង​ជេល​ក្លែងក្លាយ​នេះ​ប្រមាណ​ ២០ ​ករណី​៕