The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ត្រី​ប្រហុក​កំពុង​ចាប់​ផ្តើម​ត្រូវ

ត្រី​ប្រហុក​កំពុង​ចាប់​ផ្តើម​ត្រូវ

ត្រី​ប្រហុក​កំពុង​ចាប់​ផ្តើម​ត្រូវ

121219_04
ត្រីគេចាក់លក់ នៅគីឡូម៉ែត្រលេខ ៩ ក្នុងខណ្ឌឫស្សីកែវកាលពីពេលកន្លងមក

ភ្នំពេញៈ ក្រុម​ការងារ​ពិសេស​រដ្ឋ​បាល​ជល​ផល​ កាល​ពី​ម្សិលមិញ​បាន​ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ នៅ​តំបន់​កដប​នៃ​បឹង​ទន្លេសាប ស្ថិត​ក្នុង​ខេត្ដ​ចំនួន​៣ ខេត្ដ​កំពង់ឆ្នាំង ខេត្ដ​ពោធិ៍សាត់ និង​ខេត្ដ​កំពង់ធំ ខណៈ​រដូវ​ត្រី​ប្រហុក​កំពុង​ឈាន​មក​ដល់​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

លោក សេង ប៊ុនឈឿន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង ​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ត្រី​បាន​ធ្វើ​ចរាចរណ៍​ចុះ​ពី​ទន្លេ​សាប​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ​ជា បណ្ដើរ​ៗ​ហើយ​ដែល​ប្រជា​នេសាទ​អាច​ចាប់​ត្រី​បាន​ច្រើន​នៅ​ក្នុង​រយៈ​ពេល ៤-៥​ថ្ងៃ ខាង​មុខ​នេះ ជា​ពេល​វេលា​នៃ​រដូវកាល​ត្រី​ប្រហុក។

លោក​បាន បន្ត​ថា បច្ចុប្បន្ន នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​របស់​លោក​ត្រី​ប្រហុក​បាន​ចាប់​ផ្ដើម​ត្រូវ​យ៉ាង ​គំហុក​នៅ​ក្នុង​តំបន់​អតីត​ឡូត៍ នេសាទ​លេខ​១៥ ស្ថិត​ក្នុង​ស្រុក​ជល​គិរី និង​អតីត​ឡូត៍​លេខ​១០ ស្ថិត​ក្នុង​ចំណុច​ក្បាល​ក្រឡង់ ហើយ​ប្រជា​នេសាទ​ក្នុង​តំបន់​អតីត​ដែន​ឡូត៍​នេសាទ​ទាំង​ពីរ​នេះ កំពុង​រីក​រាយ​ក្នុង​ការ​ចាប់​ត្រី​ប្រហុក​ដោយ​ប្រើប្រាស់​ឧបករណ៍ នេសាទ​ជា​លក្ខណៈ​គ្រួសារ​មាន​ថ្នង មង និង​អញ្ចង ដើម្បី​ធ្វើ​ប្រហុក និងត្រី​ឆ្អើរ សម្រាប់​ជា ស្បៀង បម្រុង​ទុក​ពេល​ខ្វះខាត។

លោក​ថ្លែងថា ៖«ត្រី​ប្រហុក នៅ ពេល​នេះ​ត្រូវ​បាន គេ​លក់​ថ្លៃ ត្រឹម តែ​៣០០​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម​»។

ជាមួយ​គ្នា​នេះ​នៅ​ឯ​ខេត្ត​កណ្ដាល​និង ខេត្ត​កំពង់ចាម មាន​សេចក្ដី​រាយការណ៍​ពី​ប្រជា​នេសាទ​នៅ​តាម​ដង​ទន្លេ​សាប និង​ដង​ទន្លេ​មេគង្គ​ថា ត្រី​ប្រហុក បាន​ចាប់​ផ្ដើម​ត្រូវ​ជា​បណ្ដើរ​ៗ​ហើយ​។

អ្នក​ស្រី ចក់ សារ៉ាន់ អាយុ​៤៥​ ឆ្នាំ ប្រជា​នេសាទ​នៅ​ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ត្រី​ប្រហុក​បាន​ចាប់​ផ្ដើម​ត្រូវ​ហើយ​នៅ​ក្នុង​ខ្នើត​នេះ ប៉ុន្តែ​មិន​ទាន់​សម្បូរ​ខ្លាំង​ណាស់​ណា​ទេ។

លោក ណៅ ធួក ប្រតិភូ​រាជរដ្ឋាភិបាល​និង​ជា​ប្រធាន​រដ្ឋ​បាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា លោក​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ដែល​នៅ​តាម​តំបន់​ស្រែ​ចម្ការ​ ចុង​កាត់​មាត់​ញក​ឲ្យ​ត្រៀម​លក្ខណៈ​ដើម្បី​មក​ធ្វើ​ត្រី​ប្រហុក សម្រាប់​ជា​ស្បៀង​បម្រុង​ទុក​ផ្គត់​ផ្គង់​ជីវភាព​ក្នុង​ពេល​ជាប់​រវល់​ការងារ​ដាំ​ដុះ​ឬ​ប្រមូល​ផល​នា​ឆ្នាំ​ថ្មី​នេះ។

លោក មាន​ប្រសាសន៍​ថា៖ «បើ​យោង​តាម​ការ​រាយការណ៍​ពី​បណ្ដា​ខេត្ត​ជាប់​ដង​ទន្លេ​សាប ​មេគង្គ អំពី​ការ​ធ្វើ​ចរាចរណ៍​ត្រី​បាន​ឲ្យ​ដឹង​ថា​ក្នុង​រយៈពេល​បី​ថ្ងៃ​ទៀត​យ៉ាង ​យូរ ត្រី​ប្រហុក​នឹង​ចាប់​ផ្ដើម​ត្រូវ​នៅ​រាជធានី​ភ្នំពេញ​»។​

ទោះជា បែប​ណា លោក​នៅ​មិន​ទាន់​ប្រាកដ​ថា បរិមាណ​ត្រី​ឆ្នាំ​នេះ​នឹង​អាច​កើន​ឡើង​ឬ​ប្រហាក់​ប្រហែល​ទៅ​នឹង​ឆ្នាំ​មុន​ទេ បើ​ទោះ​ជា​ក្នុង​អំឡុង​ពេល​រដូវ​ទឹក​ឡើង ការ​វាស់​ស្ទង់​អំពី​បរិមាណ​កូន​ត្រី​មាន​ចំនួន​រហូត​៥៧​ក្បាល​ក្នុង​កម្រិត ​ទឹក​មួយ​ម៉ែត្រ​គូប ដែល​កើន​ឡើង​លើស ពី​ឆ្នាំ​មុនៗ​ប្រមាណ​ជា​ពីរ​ទៅ​បី​ដង​ក្ដី។

លោក​បាន​បញ្ជាក់​ថា៖ «​ដោយ​សារ​តែ​កម្ពស់​ទឹក​នៅ​ឆ្នាំ​នេះ​ទាប​ជាង​ឆ្នាំ​មុន​ជាង​ពីរ​ម៉ែត្រ ដូច្នេះ​យើង​មិន​ទាន់​ហ៊ាន​ថា​ទេ ប៉ុន្តែ​យើង​អាច​និយាយ​បាន​ថា​កុំភ័យ​រឿង​ត្រី​ប្រហុក​មិន​អត់​នោះ​ទេ បើ​អាកាស​ធាតុ​គ្មាន​ការ​ប្រែប្រួល​មាន​ភ្លៀង​ធ្លាក់​ទេ​នោះ យ៉ាង​យូរ​បី​ថ្ងៃ​ទៀត​នៅ​ភ្នំពេញ​ត្រី​ប្រហុក​នឹង​ត្រូវ​ហើយ»។

លោក​បាន​ ឲ្យ​ដឹង​បន្ថែម​ថា បើ យោង​តាម​ទិន្នន័យ​ត្រី​ប្រហុក​កាល​ពី​​ឆ្នាំ​មុន​ដែល​បាន​ប្រមូល​ពី​អាជីវកម្ម​តាម​ដាយ​នេសាទ មាន​ចំនួន​៤៦​ពាន់​តោន​ដែល​ជា​ចំនួន​មិន​ធ្លាប់​មាន​ក្នុង​ ប្រវត្តិសាស្ត្រ​ត្រី​ប្រហុក​នៅ​កម្ពុជា​តាំង​ពី​មុន​មក៕

អត្ថបទគួរចាប់អារម្មណ៍