ភ្នំពេញៈ ត្រឹម​ត្រីមាស​ទី​ ១ ​ឆ្នាំ​ ២០២០ ក្រសួង​ព័ត៌មាន​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​លើ​ការប្រកប​អាជីវកម្ម​ខាង​វិស័យ​ព័ត៌មាន​ និង​សោតទស្សន៍​រួមមាន​សារព័ត៌មាន​ផ្សាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (​គេហទំព័រ​) ​ចំនួន​ ៥៣៦ ​អង្គភាព​ និង​សារព័ត៌មាន​បោះពុម្ពផ្សាយ​កាសែត​ចំនួន ៤៥១ ​អង្គភាព និង​ទស្សនាវដ្ដី​ចំនួន ១៩៦ អង្គភាព​ខណៈ​ក្រសួង​នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​អ្នកសារព័ត៌មាន​ដើម្បី​លើកកម្ពស់​សមត្ថភាព​របស់​ពួកគេ​។ នេះ​បើតាម​មន្ត្រី​ក្រសួង​ព័ត៌មាន​។

លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​ក្រសួង​ព័ត៌មាន​» ​ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃទី​ ៩ ​ខែ​មេសា​ថា ត្រឹម​ត្រីមាស​ទី​ ១ ​ឆ្នាំ​ ២០២០ ​នេះ​ក្រសួង​ព័ត៌មាន​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​លើ​ការប្រកប​អាជីវកម្ម​ខាង​វិស័យ​ព័ត៌មាន​ និង​សោតទស្សន៍​រួមមាន​ស្ថានីយទូរទស្សន៍​អាណាឡូក​ ១៩ ​ស្ថានីយ ​ទូរទស្សន៍​ឌីជីថល​ ៨ ​ ស្ថានីយ​ទូរទស្សន៍​ខ្សែកាប​ ២១២ (២ ​នៅ​ភ្នំពេញ​ ២១០ ​នៅ​តាម​បណ្ដា​ខេត្ដ​) ​ទូរទស្សន៍​តាម​ប្រព័ន្ធ (Over the Top) OTT ៧ និង​ទូរទស្សន៍​ផ្កាយរណប ២ (DTV, Sky One TV)​។ ដោយឡែក​ស្ថានីយ​វិទ្យុ FM ២២០ ​ស្ថានីយ​ (៨៣ ​នៅ​ភ្នំពេញ​ ១៣៧ ​នៅតាម​បណ្ដា​ខេត្ដ​) ស្ថានីយ​វិទ្យុ AM ១ ​ស្ថានីយ​។ ចំណែក​សារព័ត៌មាន​ផ្សាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (​គេហទំព័រ​) ៥៣៦ អង្គភាព​ (​ចាងហ្វាង​ខ្មែរ​ ៥១៨ និង​ចាងហ្វាង​បរទេស​ ១៨ ​អង្គភាព​)​។ រីឯ​សារព័ត៌មាន​បោះពុម្ពផ្សាយ​កាសែត​ ៤៥១ ​អង្គភាព (​ចាងហ្វាង​ខ្មែរ​ ៤២៤ និង​ចាងហ្វាង​បរទេស​ ២៧)​។ ទស្សនាវដ្ដី​ ១៩៦ ​អង្គភាព​ (​ចាងហ្វាង​ខ្មែរ​ ១៦៤ ​និង​ចាងហ្វាង​បរទេស​ ៦)​។

លោក​ថា​៖ «​តាមរយៈ​នៃ​ការពង្រីក និង​ការរីកចម្រើន​នៃ​វិស័យ​ព័ត៌មាន​ទាំង​វិសាលភាព​ និង​មធ្យោបាយ​នៃ​ការផ្សព្វផ្សាយ​នេះ​យើង​ឃើញ​ថា វិស័យ​ព័ត៌មាន​កម្ពុជា​កំពុងតែ​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​ការ​ពាំនាំ​ព័ត៌មាន​ពិត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​កាន់​ប្រជាជន​។ សម្ដេចតេជោ​នាយករដ្ឋមន្ត្រី​លោក​តែងតែ​ចាត់ទុក​អ្នកសារព័ត៌មាន​គឺជា​ដៃគូ​មិនអាច​ខ្វះ​បាន​ក្នុង​ការផ្ដល់ព័ត៌មាន​ពី​រដ្ឋ​ទៅ​ប្រជាជន​ក៏ដូចជា​ពី​ប្រជាជន​មក​រដ្ឋ​វិញ​ផងដែរ​»​។

លោក​ថា ទន្ទឹម​នឹង​នោះ​បច្ចុប្បន្ន​ក្រសួង​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​សមាគម​អ្នកសារព័ត៌មាន​ចំនួន​ ៤៥ ​គឺ​កើនឡើង បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០១៨ ​ដែល​កាលនោះ​មាន​សមាគម​អ្នកសារព័ត៌មាន​តែ​ចំនួន ៣៨ ​អង្គភាព​ប៉ុណ្ណោះ​។

បើ​តាម​លោក​ សុភ័ណ្ឌ កម្ពុជា​ក៏មាន​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ និង​បរទេស​ចំនួន ២២ អង្គភាព ​ដែល​កំពុង​តែមាន​ការិយាល័យ​អចិន្រៃ្តយ៍​នៅ​កម្ពុជា​ផងដែរ​។ ក្នុង​ចំណោម​ទីភ្នាក់ងារ​ព័ត៌មាន​ទាំង ២២ ​នេះ​មាន​ការិយាល័យ​តំណាង​ទីភ្នាក់ងារ​របស់​កាសែត​បរទេស​ ១៤ ដែល​កំពុងតែ​ប្រតិបត្ដិការ​វិជ្ជាជីវៈ​។

ក្រសួង​ព័ត៌មាន​ក៏បាន​ចេញ​បណ្ណព័ត៌មាន​ជូន​អ្នកសារព័ត៌មាន​ជាតិ​ចំនួន ៣ ៥៤៩ ​បណ្ណ​ រហូតដល់​ពេលបច្ចុប្បន្ន​ និង​ចេញ​បណ្ណ​ជូន​ដល់​អ្នក​សារព័ត៌មាន​អន្តរជាតិ​ចំនួន​ ៦២ ​បណ្ណ​។ «​ទាំងអស់​នេះ​គឺជា​វឌ្ឍនភាព​ការងារ​ទៅលើ​ការផ្សព្វផ្សាយ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ កម្ពុជា​ យើង​ដែលមាន​ទាំង​ស្ថាប័នរដ្ឋ​​ និង​ឯកជន​កំពុងតែ​ដើរតួនាទី​សំខាន់​នៅក្នុង​ការផ្ដល់​ព័ត៌មាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​របស់​យើង​ក៏ដូចជា​ទៅកាន់​តំបន់ និង​ពិភពលោក​ផងដែរ​»​។

លោក​ ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​បញ្ជាក់ថា ក្រសួង​ក៏​នឹង​រៀបចំ​វគ្គបណ្ដុះបណ្ដាល​អ្នកសារព័ត៌មាន​លើ​ជំនាញ​ផ្លូវច្បាប់​រដ្ឋបាល និង​ជំនាញ​គ្រប់គ្រង​ជាដើម​ដើម្បី​លើកកម្ពស់​សមត្ថភាព​របស់​ពួកគេ​ឱ្យ​កាន់តែ​មាន​ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ​បន្ថែម​ទៀត​នាពេល​ខាងមុខ​។

លោក​ថា​៖ «​ការបង្កើន​ការពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​អ្នក​សារព័ត៌មាន​នេះ​ដើម្បី​ឱ្យ​អ្នកសារព័ត៌មាន​ចៀសវាង​បាន​នូវ​ការបំពាន​សិទ្ធិ​អ្នកដទៃ​ និង​បំភ្លៃ​ការពិត​។ ជាពិសេស​ចូលរួម​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្កឱ្យមាន​ការបំពុល​សង្គម​»៕