ភ្នំពេញៈ ប្រមុខ​ការពារជាតិ​លោក​ ទៀ បាញ់ អះអាង​ថា​ក្រសួង​ការពារជាតិ​កំពុង​ត្រៀម​រៀបចំ​តំបន់​យោធា​នៅ​ទីតាំង​មួយចំនួន​ដែល​ធ្លាប់ជា​កន្លែង​ប្រយុទ្ធ​គ្នា ដើម្បី​ការពារ និង​រក្សា​ឲ្យ​បាន​នូវ​តឹកតាង​ប្រវត្តិសាស្ត្រ​ទាំងឡាយ​ឲ្យ​បាន​ស្ថិតស្ថេរ​សម្រាប់​ទុកជា​ភ័ស្តុតាង​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​បាន​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​។

ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ស្តីពី​ «​ការរៀបចំ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​» ​នា​ថ្ងៃទី​ ២២ កក្កដា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក​ ទៀ បាញ់ ថ្លែងថា ការរៀបចំ​ឲ្យ​មាន​តំបន់​ប្រវត្តិសាស្ត្រ​យោធា​នេះ​ដើម្បី​ធ្វើ​ជា​ខ្សែចង្វាក់​រៀបចំ​ឲ្យ​ទៅជា​រឿង​មួយ​ដែល​ពាក់ព័ន្ធ​សំខាន់​ក្នុង​វិស័យ ការពារជាតិ​ផង ការពារ​បូរណភាព​ដែនដី​ផង​។ លើស​ពី​នេះ​ការពារ​តឹកតាង​ទាំងឡាយ​ដែល​ប្រវត្តិសាស្ត្រ​បាន​បន្សល់ទុក​ឲ្យ​ស្ថិតស្ថេរ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​បាន​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​យើង​កំពុង​ជជែក​ពិភាក្សាគ្នា​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​ភាព​ពិត​ប្រាកដជា​ចំណុច​ស្នូល​ដែល​យើង​ហៅថា ទីតាំង​ប្រវត្តិសាស្ត្រ​ពិត គឺ​មាន​ន័យថា​ទីតាំង​ដែល​អាច​បញ្ជាក់​ពី​តឹកតាង​ប្រវត្តិសាស្ត្រ​ពិត​។ ឥឡូវនេះ​យើង​ទើបតែ​រកឃើញ និង​កំណត់​បាន​ទីតាំង​មួយ​ចំនួន​ទេ​។ ប៉ុន្ដែ​វា​មិនទាន់​អាច​រកឃើញ​ដូច​អ្វីដែល​យើង​ចង់​បាន​នៅឡើយ ពោល​គឺ​យើង​នៅ​បន្ត​ស្វែងរក​បន្ថែមទៀត​»​។

លោក​ថា​ក្រោយពី​រកឃើញ​ទីតាំង​សមរម្យ​ហើយ ក្រុម​ការងារ​ជំនាញ​ក្រសួង​ការពារជាតិ​នឹង​រៀបចំ​ចាត់ចែង​ទៅ​តាម​ផ្លូវច្បាប់ ឬ​នីតិវិធី​ក្នុង​ការកាន់កាប់ ត្រួតត្រា គ្រប់គ្រង ប្រើប្រាស់​តំបន់​នោះ​នាពេល​អនាគត​។ ទីតាំង​ភូមិសាស្ត្រ​ដែលមាន​ប្រតិបត្តិ​ការទាក់ទង​នឹង​សមរភូមិ​នៅ​គ្រប់​ដំណាក់កាល​ដែល​អាច​កំណត់​បាន​ថា​ជា​ទីតាំង​ប្រវត្តិសាស្ត្រ​យោធា​។ ជាពិសេស​ឯកសារ រូបថត និង​សម្ភារ​នានា ដើម្បី​ចងក្រង​រក្សា​ទុកជា​តឹកតាង​ប្រវត្តិសាស្ត្រ សម្រាប់​យោធិន​ជំនាន់​ក្រោយ​សិក្សា​។

ប្រមុខ​ការពារជាតិ​ថ្លែង​ថា ជុំវិញ​ការងារ​រៀបចំ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​នេះ​គឺ​ក្រុមការងារ​ត្រូវ​ស្រាវជ្រាវ​ពី​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ធំៗ​ជាច្រើន​ដែល​បាន​កើតឡើង​ដោយ​កំណត់​ទីតាំង ដែល​បាន​បន្សល់​ទុក​ស្វែងរក​សាក្សី​មក​បញ្ជាក់​ប្រវត្តិ​ និង​ព័ត៌មាន​ទាក់ទង​ទៅនឹង​ទីតាំង​នីមួយៗ​ឲ្យ​បាន​ច្បាស់លាស់​ផងដែរ​។

លោក​ ឡៅ ម៉ុងហៃ អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ​ថ្លែង​ពី​ម្សិលមិញ​ថា នេះ​ជា​គម្រោង​មួយ​សម្រាប់​លើកតម្កើង​តម្លៃ និង​កេរ្តិ៍ឈ្មោះ​របស់​កងទ័ព​ដែលមាន​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ជា​នាយឧត្តមសេនីយ៍​ផ្កាយ​មាស​ ៥ និង​ជា​មេបញ្ជាការ​ផុត​លេខ​ក្នុង​ជួរ​កងទ័ព​។ លោក​ថ្លែងថា​៖ «​ជាពិសេស ត្រូវ​ចារ​ផែនទី​កម្ពុជា​ដែល​កងទ័ព​បាន​ប្រើប្រាស់​សម្រាប់​ការពារ​ព្រំដែន​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទៀត និង​ទំហំ​នៃ​ថវិកាជាតិ​សម្រាប់​កងទ័ព​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​កងទ័ព​ផងដែរ​»៕