ឧត្តរមានជ័យៈ ក្នុង​រយៈ​ពេល​ជាង​ ១ ខែ​ដើម​ឆ្នាំ ២០១៩ នេះ អាជ្ញាធរ​ថៃ​ បាន​ចាប់​ឃាត់ខ្លួន​ពល​រដ្ឋ​ខ្មែរ​ចំនួន ៨ ​នាក់​ដែល​លួច​ឆ្លង​ដែន​ខុស​ច្បាប់ ​តាម​ច្រក​​របៀង​តូចៗ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ បើ​ទោះបី​ជា​កម្លាំង​​សមត្ថកិច្ច​ការ​ពារ​ព្រំដែនកម្ពុជា​ បានពង្រឹង​ការល្បាត​ ដើម្បី​​​ទប់​​ស្កាត់​ការ​លួច​​ឆ្លង​ដែន​ក៏ដោយ។

លោក វឹក ពិសី មេភូមិ​អូរ​ខ្លា​ឃ្មុំ សង្កាត់​អូរស្មាច់ ក្រុង​សំរោង បានឲ្យដឹង​ពី​ម្សិលមិញថា កា​ល​ពី​ដើម​ខែ​មក​​រាមាន​​អ្នក​ភូមិ​ម្នា​ក់ ឈ្មោះរឿន សិលាត្រូវ​បាន​ក្រុម​ទា​ហាន​ព្រំដែន​ថៃ​ចាប់​ខ្លួនពា​ក់​​​ព័ន្ធករណី​លួចឆ្លង​ដែន​កាប់​ឈើ​គ្រញូង​ក្នុង​ទឹក​ដី​ថៃ។

ចំណែកមន្ត្រី​នគរ​បាល​ទំនា​ក់ទំនង​កិច្ច​ការព្រំដែន​ កម្ពុជា-ថៃ ប្រចាំ​ច្រក​អូរស្មាច់​ម្នាក់ ដែល​ស្នើ​សុំ​មិន​បញ្ចេញឈ្មោះ​បាន​ប្រាប់​​ភ្នំពេ​ញ​ប៉ុស្តិ៍​ថា ​កាលពី​ថ្ងៃ​ទី​ ៩ ខែកុម្ភៈ​ ឆ្នាំ ២០១៩ មាន​ពលរដ្ឋខ្មែរ​ ២ ​នាក់​ ត្រូវបាន​ក្រុម​មន្ត្រី​យោធា​ព្រំដែន​​ថៃ ចាប់​ខ្លួន​នៅ​ចំណុច​ចន្លោះ​បង្គោល​ព្រំដែន​លេខ​ ១៣ និង ១៤ ខណៈ​ពួកគេ​កំពុងឆ្លង​ដែន ​ចូល​ទៅ​កាប់​ឈើ​​ក្នុង​ទឹកដី​ថៃ​។

ពួកគេ​ឈ្មោះ ​ធី លីន អាយុ​ ៣៦ ឆ្នាំ និង ម្នាក់​ទៀត ឈ្មោះ ​រ៉ន សារុំ​ អាយុ​ ២៨ ​ឆ្នាំ ជាអ្នក​រស់​នៅ​​ស្រុក​ចំការ​លើ ខេត្ត កំពង់​ចាម​។ ​«​តាម​របាយ​ការណ៍​ពី​តម្រួត​ការ​ពារ​ព្រំដែន​ថៃ នៅ​ពេល​នេះ ពួក​គេ​ត្រូវ​បាន​តុលា​ការ​ខេត្ត​សុរិន ចោ​ទ​ប្រកាន់​ពីបទ​លួច​ឆ្លង​ដែន​និង​កាប់​ឈើ​ក្នុង​តំបន់​អភិរក្ស​ដោយ​ខុស​ច្បាប់​ និង បាន​បង្គាប់​ឲ្យ​កង​តម្រួត​នាំទៅ​ឃុំ​ខ្លួន​ក្នុង​​ពន្ធនាគារ»។

បើ​តា​ម​​មន្ត្រី​រូបនោះ ក្នុង​រយៈ​ពេល​ជាង​ ១ ខែដើម​ឆ្នាំ ២០​១​៩ ​នេះ​ពលរ​ដ្ឋ​ខ្មែរ​ ៨ នាក់​ ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​ពាក់​ព័ន្ធ​ករ​ណី​លួច​ឆ្លង​ដែននិង​កាប់​ឈើ​ខុស​ច្បាប់។

ជុំវិញ​ករណី​នេះ លោក គង់ សុខាន់ មេ​បញ្ជាការ​នគរ​បាល​វរៈ​ការពារ​ព្រំដែន​លេខ​ ៧០២ បាន​ថ្លែង​ដោយ​ទទួល​ស្គាល់​​ថា បទ​ល្មើស​កាប់​ឈើ​នៅ​តាម​ជួរ​ព្រំដែន​ កម្ពុជា-ថៃ ​ពិតជា​កើត​មាន​ដោយ​អន្លើ។

លោក​ សុខា​ន់ បន្ត​ថា៖ «កម្លាំង​កង​ល្បាត​របស់​យើង​ ចុះ​ល្បាតកា​រពារ​សន្តិ​សុខនិងទប់​ស្កាត់​រាល់​បទ​ល្មើ​ស​ តាម​ជួរ​បន្ទាត់​​ព្រំដែន​ជាប្រចាំ តាម​កាលវិភាគ​ដែល​បាន​កំណ​ត់​ ប៉ុន្តែ​ក្រុម​ជន​ល្មើស​តែង​តែ​លួច​​ធ្វើ​សកម្មភាព​តាម​ក្រោយ​យើង​ជានិច្ច។ ម្យ៉ាង​ទៀត​ដោយ​សារ​តំបន់​ដែល​យើង​គ្រប់​គ្រង​ ជា​តំបន់​ព្រៃ​ភ្នំ​និង​មាន​ជ្រលង​ដង​អូរ​ច្រើន ដែល​ក្រុម​ជន​ល្មើស​ងាយ​នឹង​លួច​ឆ្មក់​ឱកាស»។

ស្រដៀង​គ្នា​នេះ លោក ប៉ុក សុផល​ មេ​បញ្ជាការ​នគរ​បាល​វរៈ​ការពារ​ព្រំដែន​លេខ ​៤០២ ថ្លែង​ថា​ ជារឿយៗ​ កម្លាំង​របស់​លោក បាន​ទប់​ស្កាត់​ទាន់​ពេល​វេលា​នូវ​ករណី​ពលរដ្ឋ​ចំណាក​ស្រុក​ លួច​ឆ្លង​ដែន​ចូល​ទៅ​រក​ការងារ​និងកាប់​ឈើ​នៅ​​ថៃ​និង​ បាន​ធ្វើ​ការ​អប់​រំណែនាំ​ឲ្យ​បញ្ឈ​ប់​ការ​ប្រព្រឹត្តបទ​ល្មើស​បែប​នេះ​តទៅ​ទៀត។ ភាគ​ច្រើន​នៃ​ជន​ចំណាក​​ស្រុក​ទាំង​នោះ មក​ពី​ខេត្ត​ព្រៃ​វែង ស្វាយ​រៀង ត្បូង​ឃ្មុំ និង​ កំពង់ចាម។

លោក សុផល ថ្លែង​បន្ត​ថា៖​ «​ទោះ​ជាមាន​ការ​បង្ក្រាប​ចាប់​បាន​ជាបន្ត​បន្ទាប់​ក្តី​ ក៏យើង​នៅមាន​ភាព​ខ្វះ​ចន្លោះ​ផង​ដែរ​ ខណៈ​ពល​រដ្ឋ​ចំណាក​ស្រុក​ទាំង​នោះ នៅ​តែ​បន្ត​លួច​ចូល​ទៅ​ទឹក​ដី​ថៃ​ តាម​ការ​ញុះ​ញង់​របស់​ក្រុម​ឈ្មួញ​ទុច្ចរិត»៕