ភ្នំពេញៈ អាជ្ញាធរថៃបានដោះលែងអ្នកកាប់ឈើកម្ពុជា ៥៨ នាក់បន្ទាប់ពីពួកគេបានជាប់ពន្ធនាគារពីបទឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីថៃដើម្បីកាប់ឈើ។ នេះបើយោងតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងកាលពីម្សិលមិញ។
យោងតាមលោក សុន្ទរី បានឲ្យដឹងថាអ្នកកាប់ឈើ ៥៨ នាក់ ក្នុងចំណោម ៩២ នាក់ ដែលបច្ចុប្បន្នជាប់ពន្ធនាគារនៅក្នុងខេត្ត Nokor Rajaseima ប្រទេសថៃត្រូវបានដោះលែង និងបញ្ជូនមកកម្ពុជាវិញតាមច្រកអូរស្មាច់ក្នុងខេត្តឧត្តរមានជ័យកាលពីថ្ងៃទី ១១ ខែកញ្ញា។
លោកបន្ថែមថាអ្នកកាប់ឈើទាំង ៥៨ នាក់ត្រូវបាននាំខ្លួនទៅតុលាការហើយបន្ទាប់ពីអន្តរាគមន៍ពីមន្រ្តីកម្ពុជាពួកគេត្រូវបានពិន័យជាប្រាក់ ៤២៥០ បាតក្នុងមួយនាក់ទើបត្រូវបានដោះលែង។ លោកថ្លែងថា៖ «យើងមិនមានព័ត៌មានលម្អិតអំពីរយៈពេលជាប់ពន្ធនាគាររបស់ពួកគេទេប៉ុន្តែពួកគេភាគច្រើនមកពីខេត្តបាត់ដំបង»។
អ្នកកាប់ឈើ ៣៤ នាក់នៅសល់កំពុងជាប់ពន្ធនាគារ និងរង់ចាំការជំនុំជម្រះ។
បន្ទាប់ពីបានវិលមកវិញអ្នកកាប់ឈើអះអាងថាពួកគេត្រូវមេខ្យល់បោកប្រាស់ឲ្យទៅធ្វើការត្រឹមត្រូវនៅថៃដោយគេសន្យាផ្តល់ប្រាក់ ១០០០ បាតក្នុងមួយថ្ងៃ។
លោក អ៊ុក គឹមលី ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃនៅច្រកអូរស្មាច់មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេប៉ុន្តែលោក ងូវ ជាង នាយរងនគរបាលអន្តោប្រវេសន៍នៅច្រកអូរស្មាច់បានថ្លែងថាមានអ្នកកាប់ឈើមួយចំនួនបានបញ្ជូនតាមច្រកអូរស្មាច់ប៉ុន្មានថ្ងៃនេះ។
លោកបន្តថា៖ «ប្រហែលអ្នកខ្លះមកតាមច្រកនេះអ្នកខ្លះមកតាមច្រកផ្សេងទៀត។ យើងមិនស្គាល់ពួកគេអស់ទេ»។
យោងតាមរបាយការណ៍រយៈពេល ៦ ខែរបស់ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា ថៃ បានបង្ហាញថាអ្នកកាប់ឈើ ៥ នាក់ត្រូវបានគេបាញ់សម្លាប់ដោយម្នាក់រងរបួស ១៥ នាក់បាត់ខ្លួន និង ២៩ នាក់ជាប់ពន្ធនាគារដោយសារតែឆ្លងដែនខុសច្បាប់ចូលទឹកដីថៃដើម្បីកាប់ឈើ។
ប្រជាពលរដ្ឋខ្មែរជាច្រើននៅតែបន្តលួចឆ្លងដែនទៅស្វែងរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់តាមរយៈមេខ្យល់ហើយជាញឹកញាប់តែងតែត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន៕ TK