បន្ទាយមានជ័យៈ អាជ្ញាធរថៃក្នុងខេត្តស្រះកែវនៃប្រទេសថៃ កាលពីម្សិលមិញនៅតែបន្តបដិសេធសំណើរបស់អាជ្ញាធរកម្ពុជានៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងការបើកច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតឡើងវិញ ក្រោយពីភាគីទាំង ២ បានបិទច្រកក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ ១៩។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានជួបប្រជុំជាមួយលោក វរ៉ាផាន់ សុវាណុន (WORAPHAN SUWANNUN) អភិបាលខេត្តស្រះកែវ តាមរយៈប្រព័ន្ធបញ្ជូនសារសំឡេងរូបភាព (Video Conference) នៅថ្ងៃទី ២៣ ខែមិថុនា ដើម្បីស្នើសុំទៅភាគីថៃឱ្យបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតឡើងវិញ និងអនុញ្ញាតឱ្យពលរដ្ឋខ្មែរ ជាពិសេសក្រុមអាជីវករខ្មែរអាចចេញចូលប្រទេសថៃទៅប្រកបមុខរបរលក់ដូរនៅក្នុងផ្សាររុងក្លឿនៅក្នុងខេត្តស្រះកែវដូចមុន។ ប៉ុន្តែភាគីថៃបានអនុញ្ញាតត្រឹមឱ្យអាជីវករខ្មែរអាចចូលទៅពិនិត្យអីវ៉ាន់ស្ថិតនៅក្នុងផ្សាររុងក្លឿបាន។
ភាគីថៃក៏បានបញ្ជាក់ថា ច្រកទ្វារព្រំដែននេះនឹងមិនត្រូវបើកវិញឆាប់ៗនោះទេ។ យោងតាមទំព័រហ្វេសប៊ុករដ្ឋបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងកាលពីថ្ងៃទី ២៣ មិថុនា ថា កិច្ចប្រជុំនោះបានពិភាក្សាលើរបៀបវារៈដូចជាការបើកច្រកនៅថ្ងៃទី ១ ខែកក្កដាខាងមុខ ឬបន្តបិទ ការពិភាក្សាសុំឲ្យមានការចេញចូលលក់ដូរត្រឹមផ្សាររុងក្លឿ ការពិភាក្សាករណីពលករចេញចូល និងបញ្ហាផ្សេងៗទៀត។
យោងតាមទំព័រហ្វេសប៊ុកដដែលនេះបានឲ្យដឹងថា៖ «នៅក្នុងកិច្ចប្រជុំនេះ មន្ត្រីថៃប្រចាំខេត្តស្រះកែវសម្រេចរក្សាឱ្យច្រកប៉ោយប៉ែតបន្តបិទ ហើយមិនអនុញ្ញាតឱ្យអាជីវករខ្មែរចូលទៅលក់ដូរក្នុងផ្សាររុងក្លឿឡើយ។ ភាគីថៃគ្រាន់តែឯកភាពជាគោលការណ៍ឲ្យអាជីវករខ្មែរចូលទៅផ្សាររុងក្លឿដើម្បីពិនិត្យទំនិញ និងដឹកទំនិញមកកម្ពុជាវិញតាមរយៈរថយន្តចំនួន ៥០ គ្រឿង ដោយក្នុង ១ គ្រឿងត្រូវមានមនុស្សតែ ២ នាក់ប៉ុណ្ណោះ ហើយត្រូវបំពេញបែបបទ និងពិនិត្យសុខភាពតាមការណែនាំ និងវិធានការក្រសួងសុខាភិបាលជាមុន»។
ទំព័រហ្វេសប៊ុកដដែលនេះបានសរសេរឲ្យដឹងទៀតថា៖ «រយៈពេលនៃការចូលទៅផ្សារនោះគឺចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ១០:០០ នាទីព្រឹកឲ្យចូលឲ្យអស់នៅវេលាម៉ោង ១៣:០០ នាទីរសៀលត្រូវចេញពីទឹកដីថៃវិញ ហើយចំពោះការអនុញ្ញាតឲ្យចូលទៅ (ពិនិត្យទំនិញ) នៅថ្ងៃណា ពេលណានោះមិនទាន់កំណត់នោះទេ រង់ចាំការជូនដំណឹងពីរាជរដ្ឋាភិបាលថៃ»។
មន្ត្រីខេត្តស្រះកែវក៏បញ្ជាក់ថា ការបើក ឬបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតខ្លងលឹក គឺមិនត្រូវបើកនាពេលឆាប់ៗនោះទេ ហើយប្រជាពលរដ្ឋខ្មែរដែលចេញពីថៃមកកម្ពុជាវិញនៅអំឡុងជំងឺកូវីដ១៩ គឺបន្តឲ្យចេញតាមច្រកអូរបីជាន់ដដែល។ នៅពេលទាក់ទងតាមរយៈទូរស័ព្ទកាលពីថ្ងៃម្សិលមិញ ភ្នំពេញប៉ុស្ដិ៍មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក លី សារី អភិបាលរង និងជាអ្នកនាំពាក្យរបស់ខេត្តនេះបានទេ។
ប៉ុន្តែកាលពីថ្ងៃទី ២២ មិថុនា លោក លី សារី បានបញ្ជាក់ថាការស្នើសុំជួបពិភាក្សាជាមួយមន្ត្រីថៃប្រចាំនៅខេត្តស្រះកែវ ដើម្បីឱ្យបើកច្រកព្រំដែនប៉ោយប៉ែតនេះ គឺធ្វើឡើងតាមសំណូមពររបស់អាជីវករខ្មែរដែលមានតូបលក់ដូរនៅក្នុងផ្សាររុងក្លឿដែលពួកគាត់អះអាងថា កំពុងមានផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពចាប់តាំងពីថៃបានបិទព្រំដែនតាំងពីខែមីនាមក។
លោក លី ម៉េងហ៊ុយ អាជីវករលក់ដូរនៅផ្សាររុងក្លឿបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា មូលហេតុដែលក្រុមអាជីវករចង់ចេញចូលទៅលក់ដូរនៅក្នុងប្រទេសថៃឡើងវិញនៅពេលនេះគឺដោយសារមើលឃើញស្ថានភាពឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសថៃចាប់ផ្ដើមធូរស្រាលជាងមុន ហើយម្យ៉ាងទៀតក្រុមអាជីវករខ្មែរព្រួយបារម្ភអំពីទំនិញដែលបានទុកចោលនៅក្នុងតូបនៅផ្សាររុងក្លឿដែលពុំបានមើលការខុសត្រូវតាំងពីខែមីនាមក ហើយកាលពីពេលថ្មីៗនេះ ថែមទាំងឮដំណឹងថា មានតូបរបស់ខ្មែរចំនួន ៣ ត្រូវបានភ្លើងឆេះ។
លោក ម៉េងហ៊ុយ ថ្លែងថា៖ «គួរតែសម្រួលឱ្យពលរដ្ឋខ្មែរចេញចូលលក់ដូរដូចធម្មតាវិញ ព្រោះអីពលរដ្ឋខ្មែរគិតថា ការបិទព្រំដែនហ្នឹងគឺអាចត្រឹម ១ ខែ ឬកន្លះខែអីទេ។ អ៊ីចឹង! ពួកគាត់មិនបានរៀបចំទុកដាក់អីវ៉ាន់ឱ្យបានស្រួលបួលអីទេ។ អ៊ីចឹង នៅពេលមានភ្លៀងធ្លាក់ វាអាចមានការលិចដំបូលផ្សារ ហើយធ្វើឱ្យខូចខាតអីវ៉ាន់។ អីវ៉ាន់ទាំងហ្នឹង មិនមែនមានតម្លៃ ១ ម៉ឺន ២ ម៉ឺនបាតអីទេ។ អ្នកលក់ដូរនៅហ្នឹង គឺចំណាយអស់លុយច្រើនណាស់ ហើយអ្នកខ្លះលក់គោក្របី ដើម្បីទិញអីវ៉ាន់ទៅលក់ដូរនៅទឹកដីថៃ»។
ប្រទេសថៃ បានប្រកាសពន្យារបិទប្រទេសរហូតដល់ចុងខែមិថុនានេះ ហើយកាលពីថ្ងៃម្សិលមិញ កាសែតបាងកកប៉ុស្ដិ៍របស់ថៃបានចុះផ្សាយថា ពុំមានករណីឆ្លងជំងឺកូវីដ ១៩ ថ្មីនៅក្នុងស្រុកឡើយ និងមានតែករណីនាំចូលជំងឺចំនួន ៥ ករណីពីតំបន់មជ្ឈិមបូព៌ា។
ប្រទេសថៃ បានរាយការណ៍ថា អ្នកជំងឺកូវីដ ១៩ មានចំនួន ៣ ១៥៦ ករណី ចាប់តាំងពីខែមករា មក ហើយក្នុងនោះស្លាប់ចំនួន ៥៨ នាក់ ជាសះស្បើយមានចំនួន ៣ ០២៣ នាក់ និង អ្នកជំងឺនៅសល់សម្រាកនៅមន្ទីរពេទ្យមានចំនួន ៧៥ នាក់។
កាលពីថ្ងៃម្សិលមិញកម្ពុជាបានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ ១៩ ម្នាក់ទៀត ជាពលរដ្ឋខ្មែរអាមេរិកាំង ដែលទើបធ្វើដំណើរមកពីសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២១ មិថុនា និងធ្វើឱ្យករណីឆ្លងសរុបកើនដល់ ១៣០ នាក់ ក្នុងនោះជាសះស្បើយ ១២៧ នាក់ និងគ្មានករណីស្លាប់។
កម្ពុជាពុំទាន់បានរាយការណ៍ករណីឆ្លងក្នុងសហគមន៍នៅឡើយទេ ហើយករណីឆ្លងភាគច្រើនលើសលប់ គឺជាករណីនាំចូលពីក្រៅប្រទេស ខណៈដែលក្រសួងសុខាភិបាលកំពុងរឹតបន្តឹងវិធានការនៅតាមច្រកចេញចូលតាមព្រលានយន្តហោះ ដើម្បីការពារកុំឱ្យមានការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនៅក្នុងប្រទេស៕