បន្ទាយមានជ័យៈ ពលរដ្ឋខ្មែរម្នាក់ ត្រូវបានទាហានថៃបាញ់របួសជើង ចំណែកពីរនាក់ទៀត ត្រូវបានចាប់ឃុំខ្លួន ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនប្រមាណ ២០០ គ្រាប់នៅក្នុងប្រតិបត្តិការបង្រ្កាបរបស់ទាហានថៃ ក្នុង ស្រុកគោកស៊្យូង ខេត្តស្រះកែវ ប្រទេសថៃ ឈមនឹង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែននៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ហ៊ូ សាគុណ បានឲ្យដឹងថា ហេតុការណ៍នោះ បានកើតឡើងនៅម៉ោង ៥ ល្ងាច ថ្ងៃ ទី២៥ ខែកុម្ភៈ ត្រង់ចំណុច ភូមិគោកស៊្យូង ឃុំគោកស៊្យូង ស្រុកគោកស៊្យូង ខេត្តស្រះកែវ ប្រទេសថៃ ឈមនឹង ភូមិព្រែកចន្ទន៍ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ខណៈដែលពលរដ្ឋខ្មែរទាំងបីនាក់នោះ បានឆ្លងដែនទៅជួញដូរគ្រឿងញៀននៅប្រទេសថៃ។
លោកថា៖ «ក្រោយទាហានថៃប្រទះឃើញ ក៏បានដេញចាប់ និងបានបាញ់ត្រូវពលរដ្ឋម្នាក់បណ្តាលឲ្យរបួសជើង និងចាប់ខ្លួនបានពីរនាក់ ហើយបច្ចុប្បន្ននេះ ពលរដ្ឋរងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខេត្តស្រះកែវ ចំណែកពលរដ្ឋខ្មែរពីរនាក់ទៀតនោះ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅ ខេត្តស្រះកែវ ប្រទេសថៃ»។
បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា បុរសដែលត្រូវបានទាហានថៃ បាញ់ឲ្យរងរបួសនោះ មានឈ្មោះ រ៉េត រិទ្ធិ អាយុ ៣៧ឆ្នាំ ជាម្ចាស់គ្រឿងញៀន ចំណែកពីរនាក់ទៀត ដែលថៃចាប់បាននោះ មានឈ្មោះ ប៊ុន យ៉ុង អាយុ ៥៤ឆ្នាំ និងឈ្មោះ ប៊ុន សុវាត អាយុ ២៦ឆ្នាំ ជាអ្នកស៊ីឈ្នួលកាន់ថ្នាំញៀន ហើយអ្នកទាំងបី មិនមានលំនៅច្បាស់លាស់ទេ។ ក្នុងប្រតិបត្តិការនោះ ទាហានថៃ រឹបអូសបានថ្នាំញៀន ចំនួន ២០០ គ្រាប់និងម៉ូតូ ២ គ្រឿងជាវត្ថុតាង។
លោកបញ្ជាក់ថា៖ «ការងារនេះ ជាធម្មតាទាក់ទិននឹងរឿងបាញ់នេះ បន្ទាប់ពីទទួលបានព័ត៌មាន គឺយើងរាយការណ៍ទៅក្រសួងការបរទេស ហើយទាល់តែក្រសួងការបរទេសទើបបានដឹងថាយ៉ាងម៉េច ព្រោះគាត់ជាអ្នកទាក់ទងផ្នែកការទូត សម្របសម្រួល និងដោះស្រាយរឿងនេះ»។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានទេ កាលពីម្សិលមិញ។ បើតាមប្រធានការិយាល័យទំនាក់ទំនងការងារព្រំដែនកម្ពុជា ថៃ លោក ពេជ្រ វណ្ណា ករណីនេះ ភាគីថៃនឹងចាត់វិធានការផ្លូវច្បាប់របស់ខ្លួនលើអ្នកទាំងនោះ។ លោកថា៖ «យើងសុំយកមកដាក់នៅស្រុកយើង គឺអត់បានទេ លុះណាតែគេ (ថៃ) មានគម្រោងបញ្ជូនមក»។
ដោយឡែក ករណីបុរសពីរនាក់ ដែលត្រូវបានទាហានថៃចាប់ដុតទាំងរស់ កាលពីថ្ងៃ ទី៧ ខែមករា នៅក្នុង ស្រុកខ្លងហាត ខេត្តស្រះកែវ ជាប់នឹង ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលទាំងភាគីខ្មែរ និងថៃ អះអាងថា ជាពលរដ្ឋរបស់ខ្លួននោះ នៅមិនទាន់មានសញ្ញាណណាមួយនៃវិធានការដោះស្រាយនោះទេ ខណៈដែលកម្ពុជា នៅបន្តរង់ចាំលទ្ធផលនៃកោសល្យវិច័យលើសាកសពដើម្បីកំណត់អត្តសញ្ញាណ។
លោក ពេជ្រ វណ្ណា បានឲ្យដឹងថា៖ «យើងបានបន្ទាន់ដែរ តែគេថា ថ្នាក់លើគេអត់ទាន់ប្រាប់មកដែរ ចំណែកខាងកម្ពុជាយើង ក៏អត់មានបណ្តឹងថា គ្រួសាររងគ្រោះណា ដល់អ៊ីចឹងយើងអត់អាចមានវិធានការអីទេ ព្រោះមិនច្បាស់ថា ជាខ្មែរ ឬថៃ បើមានបណ្តឹង យើងនឹងស្រាវជ្រាវ»។
កាលពីថ្ងៃ ទី៥ ខែកុម្ភៈ ពលរដ្ឋខ្មែរ ៣នាក់ ត្រូវបានទាហានថៃបាញ់ស្លាប់ និងម្នាក់របួសធ្ងន់ ខណៈលួចឆ្លងដែនខុសច្បាប់ចូលទៅក្នុងទឹកដីថៃដើម្បីកាប់ឈើគ្រញូងលក់ ហើយករណីនេះ ក្រសួងការបរទេសកម្ពុជា ក៏បានធ្វើកំណត់ការទូតស្នើទៅភាគីថៃ ផ្តន្ទាទោសទាហានថៃផងដែរ។
តាមរបាយការណ៍ស្តីពីលទ្ធផលការងារ ឆ្នាំ២០១៤ និងទិសដៅការងារសម្រាប់ ឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ ចេញផ្សាយកាលពីថ្ងៃ ទី២៣ ខែកុម្ភៈ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរនៅតែបន្តលួចឆ្លងដែនចូលក្នុងទឹកដីថៃ ដោយខុសច្បាប់ និងត្រូវបានទាហានថៃបាញ់សម្លាប់សរុប ៩នាក់ រងរបួស ១៦នាក់ រត់រួចមកវិញ ២៨នាក់ ថៃចាប់បាន ១៩នាក់ និងបញ្ជូនឲ្យមកកម្ពុជាវិញចំនួន ៣២៨៣ នាក់។ ចំនួននេះ មានការធ្លាក់ចុះ បើធៀបទៅនឹង ឆ្នាំ២០១៣ ដែលថៃ បានបាញ់សម្លាប់ពលរដ្ឋខ្មែររហូតដល់ទៅ ៤៧នាក់៕