ភ្នំពេញៈ អគ្គស្នងការ​នគរបាល​ជាតិ​ថៃ​លោក ស៊ុវ៉ាត់ ចែងយ៉តស៊ុខ បាន​ព្រមាន​ថា បើសិន​ជា​លោក សម រង្ស៊ី ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះជាតិ ចូល​មក​ធ្វើឱ្យ​មាន​ភាពចលាចល​នៅក្នុង​ប្រទេស​ ​ថៃ​ អាជ្ញាធរ​ថៃ​នឹង​មិន​ផ្ដល់​ទិដ្ឋាការ​ឲ្យ​ចូល​ក្នុង​ប្រទេស​នោះទេ​។ នេះ​បើ​យោង​តាម​សាព័ត៌មាន​ថៃ​។

សារព័ត៌មាន MGR online របស់​ថៃ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ១៥ ខែ ​តុលា ឆ្នាំ​ ២០១៩ បាន​ស្រង់​សម្តី​លោក ស៊ុវ៉ាត់ ចែងយ៉តស៊ុខ អគ្គស្នងការ​នគរបាល​ជាតិ​ថៃ​មក​ចុះផ្សាយ​ថា​លោក សម រង្ស៊ី នឹង​មក​ធ្វើ​សកម្មភាព​ដោយ​មាន​រៀបចំ​កិច្ចប្រជុំ​នៅក្នុង​ប្រទេស ​ថៃ ប៉ុន្តែ​ពេល​នេះ​នៅ​មិនទាន់​ដឹង​ពី​រឿងនេះ​ច្បាស់​នៅ​ឡើយ​ទេ ហើយ​សមត្ថកិច្ច​ប៉ូលិស (​តម្រួត​ថៃ​) ក៏​មាន​វិធានការ​ក្នុង​ការថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ផងដែរ​។

លោក ស៊ុវ៉ាត់ ចែងយ៉តស៊ុខ ព្រមាន​ថា ប្រសិន​បើ​លោក សម រង្ស៊ី ចូល​មក​ធ្វើ​ឲ្យ​មាន​ការប៉ះពាល់​ដល់​សន្តិសុខ​ប្រទេស​ថៃ​នោះ​អាជ្ញាធរ​ថៃ​នឹង​ពិចារណា​មិន​អនុញ្ញាត​ឲ្យ​មេបក្ស​ប្រឆាំង​រូបនេះ​ធ្វើ​ដំណើរ​ចូល​មក​ក្នុង​ប្រទេស​ថៃ​នោះ​ទេ​។

លោក​បាន​បញ្ជាក់ថា​៖ «(​យើង​) ​បាន​ទទួល​ព័ត៌មាន​មក​ថា ពេល​មាន​ការប្រជុំ​ផ្សេងៗ​អាច​នឹង​មាន​ក្រុម​ដែល​ត្រូវការ​អំពាវនាវ​ឲ្យ​ចេញមក​ធ្វើបាតុកម្ម​តាម​ធម្មតា ប៉ុន្តែ​ប៉ូលិស​នឹង​មាន​វិធានការ​ក្នុង​ការការពារ​ឲ្យ​មាន​សណ្តាប់ធ្នាប់​»​។ លោក ចែងយ៉តស៊ុខ ត្រូវ​បាន​ស្រង់​សម្តី​ទៀត​ថា​លោក​បានទទួល​ព័ត៌មាន​មក​ថា​លោក​ សម រង្ស៊ី នឹង​មក​ធ្វើ​សកម្មភាព​នៅ​អំឡុងពេល​ប្រជុំ​អាស៊ាន ប៉ុន្តែ​ព័ត៌មាន​នេះ​នៅ​មិនទាន់​ប្រាកដ​នៅ​ឡើយ​ទេ​។

ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​លោក​ព្រមាន​ថា​៖ «​ប្រសិនបើ​ការធ្វើ​ដំណើរ​ចូល​មក​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ប្រទេសជាតិ​ ឬ​សន្តិសុខ​ (​យើង​) ​នឹង​ធ្វើការ​ពិចារណា​មិន​អនុញ្ញាត​ឲ្យ​ (​លោក សម រង្ស៊ី​) ​ធ្វើ​ដំណើរ​ចូលមក​ប្រទេស​ថៃ​នោះទេ​»​។ លោក​ឲ្យ​ដឹង​ទៀតថា​រដ្ឋាភិបាល​ថៃ​បាន​ត្រៀម​កម្លាំង​ប៉ូលិស​ ១ ​ម៉ឺន​នាក់ ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព​ដល់​មេដឹកនាំ​កំពូល​អាស៊ាន​ដែល​មក​ប្រជុំ​ក្នុង​ក្រុង​បាងកក និង​ខេត្ត នុនថាកបុរី ក្នុង​ពេល​ខាងមុខ​។

លោក ផៃស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​ថ្លែងថា បើ​ព័ត៌មាន​ខាងលើ​នេះ​ជាការពិតមែន រាជរដ្ឋាភិបាល​កម្ពុជា​សូម​ស្វាគមន៍ ពីព្រោះ​នេះ​គឺជា​ផ្នែក​មួយ​ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ​ហើយ​ថា វា​បង្ហាញ​ពី​ការ​មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​។

លោក​បញ្ជាក់​ថា​៖ «​យើង​មិនទាន់​ដឹង​ច្បាស់​ទេ តែ​ខ្ញុំ​ឃើញ​គេ​បង្ហោះ​ហ្វេសប៊ុក​បន្ត​គ្នា​ពី​រឿង​ហ្នឹង​។ យើង​មិន​ទាន់​ដឹងថា ពិតប្រាកដ​ ឬ​មិន​ពិតប្រាកដ​។ ប្រសិន​បើ​មាន​ការប្រកាស​បែបនេះ​ក្រសួង​មហាផ្ទៃ​ប្រាកដ​ជា​ដឹង​ហើយ​។ ប្រសិន​បើ​ដូច្នេះ​មែន យើង​សូម​ថ្លែង​នូវ​អំណរ​សាទរ​ចំពោះ​ការប្រកាស​នេះ​»​។

វិធានការ​របស់​ប្រទេស ​ថៃ ​ពេល​នេះ​បាន​ធ្វើ​ឡើង​ស្រប​ទៅ​នឹង​លោក សម រង្ស៊ី ដែល​ថ្លែង​ថា​លោក​មានបំណង​វិល​ចូល​ប្រទេស​កម្ពុជា​ជាមួយ​ពលករ​ខ្មែរ ដោយ​ដើរ​ឆ្លងកាត់​តាម​ព្រំដែន កម្ពុជា-​ថៃ​។

លោក​ សម រង្ស៊ី បាន​ថ្លែង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាងរាស្ត្រ​សេរីនិយម​មកពី​ប្រទេស​ជាច្រើន​ដែល​បាន​ចូលរួម​សន្និសីទ​នៃ​សហភាព​អន្តរសភា​ (IPU) ក្នុង​ទីក្រុង បែលក្រាដ ប្រទេស​ស៊ែប៊ី​កាលពី​ថ្ងៃទី​ ១៤ ខែ​តុលា​ជាមួយ​នឹង​ការអំពាវនាវ​ឱ្យ​ប្រទេស​សេរី​ផ្សេងៗ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​កុំ​ឱ្យ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​រូបលោក និង អ្នកគាំទ្រ​ពេល​ចូលមក​ប្រទេស​ កម្ពុជា​។ «​ខ្ញុំ​មាន​បំណង​ចូលមក​ប្រទេស​កម្ពុជា​តាម​ប្រទេស​ថៃ​ដែល​ជា​ប្រទេសជិតខាង​របស់​កម្ពុជា​ដែល​មាន​ពលករ​ខ្មែរ​ ២ ​លាន​នាក់​កំពុង​រស់នៅ​ហើយ​ពួកគេ​ភាគច្រើន​បាន​គាំទ្រ​យើង ហើយ​ពួកគេ​ចង់​ចូលរួម​ជាមួយ​ខ្ញុំ​ដើរ​ឆ្លងកាត់​ព្រំដែន​ចូល​ប្រទេស​កម្ពុជា​»​។

លោក​ កេត សោផាន់ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ និង​លោក​ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​បាន​ចាត់ទុក​ការប្រកាស​របស់​មន្ត្រីនគរបាល​ជាន់ខ្ពស់​ថៃ​ថា ជា​ផ្នែក​មួយ​នៃ​ការសហការ​ជាមួយ​ប្រទេស​ កម្ពុជា​ ក្នុង​ការទប់ស្កាត់​បទល្មើស ហើយ​ថា​ប្រទេស​ ថៃ​ សហការ​ជាមួយ​ប្រទេស​កម្ពុជា​ក្នុង​ការចាប់​ខ្លួន​លោក​ សម រង្ស៊ី ដើម្បី​យក​មក​ផ្តន្ទាទោស​តាមច្បាប់​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​ឃើញ​ប្រទេស ​ថៃ គេ​ផ្តល់​តម្លៃ​លើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២...​វា​បង្ហាញ​ច្បាស់​ណាស់​ថា​អាជ្ញាធរ​ថៃ​គឺ​សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ពាក់ព័ន្ធ​នឹង​ករណី​លោក សម រង្ស៊ី​»​។

សូម​រំឭក​ថា​ក្នុង​ពេល​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​ការបរទេស បាន​បញ្ជូន​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ផ្សេងទៀត​ទៅ​កាន់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​៕