ភ្នំពេញៈ ថៃ​បិទ​ការធ្វើ​ដំណើរ​ចេញចូល​តាម​ច្រក​ផ្លូវគោក​គ្រប់កន្លែង និង​រឹតបន្តឹង​លក្ខខណ្ឌ​សម្រាប់​ការធ្វើ​ដំណើរ​តាមផ្លូវ​អាកាស​ជា​វិធានការ​ដើម្បី​ទប់ស្កាត់​ការបន្ត​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

សមត្ថកិច្ច​ថៃ​ចាប់ផ្ដើម​អនុវត្ត​ការជូន​ដំណឹង​អំពី​ការផ្អាក​ការធ្វើ​ដំណើរ​ចេញចូល​ប្រទេស ​ថៃ​ ដោយ​ច្រក​ខ្លះ​ត្រូវ​បាន​បិទ​ចាប់ពី​ថ្ងៃទី​ ១៨ មីនា ខណៈ​ច្រក​នៅ​សេសសល់​នឹងត្រូវ​បិទ​ចាប់ពី​ថ្ងៃទី​ ២៣ មីនា​នេះ​តទៅ លើកលែង​តែ​ការដឹកជញ្ជូន​ទំនិញ​​ប៉ុណ្ណោះ​ដែល​ត្រូវបាន​អនុញ្ញាត​ក្រោម​លក្ខខណ្ឌ​តឹងរ៉ឹង​។

យោងតាម​សេចក្ដី​ជូន​ដំណឹង​របស់​ស្ថាន​អគ្គកុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​ស្រះកែវ បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ថៃ​បានប្រកាស​បិទ​ច្រក​ឆ្លងកាត់​ព្រំដែន​ទាំងអស់​ដែល​ជាប់​ជាមួយ​កម្ពុជា​នៅក្នុង​ខេត្ត​ទាំង ៥ របស់​ថៃ​រួមមាន ខេត្ត ឧប៊ុនរាជធានី ខេត្ត​ស៊ីសាកេត ខេត្ត​បុរីរ៉ាំ ខេត្ត​ច័ន្ទបុរី និង​ខេត្ត​ត្រាត​។ ច្រក​ខ្លះ​បាន​ចាប់ផ្ដើម​បិទ​ចាប់ពី​ថ្ងៃ​ទី​ ១៨ មីនា ដូចជា​ច្រក​អានសេះ ខេត្ត​ព្រះវិហារ ហើយ​ច្រក​ខ្លះទៀត​ត្រូវ​បាន​បិទ​នៅ​ថ្ងៃទី​ ១៩ ដូចជា​ច្រក​ជប់គគី​នៅ​ខេត្ត​ឧត្តរមានជ័យ​។

ច្រក​ដែល​ត្រូវបាន​បិទ​នៅ​ថ្ងៃទី​ ២១ រួមមាន​ច្រក​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ ច្រក​អន្តរជាតិព្រំ (​ប៉ៃលិន​) ច្រក​តំបន់​ស្វាយវែង ច្រក​អូររំដួល និង​ច្រក​អូរអន្លក់​ (​បាត់ដំបង​)​។ ដោយឡែក​ច្រក​ដែល​ត្រូវបាន​បិទ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​គឺ​ច្រក​អន្តរជាតិ​ចាំយាម (​ខេត្តកោះកុង​) ដែល​ជាប់​ខេត្ត​ត្រាត​របស់​ថៃ​រួមទាំង​ច្រក​តំបន់ និង​ច្រក​ទ្វេភាគី​ទាំងអស់​ដែល​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ត្រាត​។

ច្រក​ខ្លះ​នឹង​ត្រូវ​បិទ​ចាប់ពី​ថ្ងៃទី​ ២៣ មីនា​នេះ​តទៅ​រួមមាន​ច្រក​អន្តរជាតិ​ភ្នំ​ដី និង​ច្រកទ្វារ​តំបន់​គឺ​ច្រក​បឹង​ត្រកួន និង​ច្រក​ម៉ាឡៃ​។ ច្រកទ្វារ​ទ្វេភាគី​ចំនួន​ ១៥ ទីតាំង​ផ្សេងទៀត​ដែល​មាន​ទីតាំង​តាម​ព្រំដែន​រវាង​ខេត្ត​ស្រះកែវ​របស់​ថៃ និង​ខេត្តបន្ទាយមានជ័យ​ក៏​ត្រូវ​បាន​បិទ​ទាំងស្រុង​ផងដែរ​។

ចំពោះ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ភាគី​ថៃ​បាន​ស្នើសុំ​បិទ​រយៈពេល​ ១៤ ​ថ្ងៃ​ដូចគ្នា ប៉ុន្តែ​អនុញ្ញាត​ឲ្យ​រថយន្ត​ធុន​ធំ​ដឹកទំនិញ​ចេញ-ចូល​ធម្មតា​ដោយ​តម្រូវ​ឲ្យ​មាន​អ្នកបើកបរ​តែ​ម្នាក់​គត់​។ ក្រៅពីនេះ​ក៏​អនុញ្ញាត​ឲ្យ​អ្នកជំងឺ​ដែល​ត្រូវការ​សង្គ្រោះបន្ទាន់​ចូល​ធម្មតា តែ​ត្រូវ​អនុវត្តតាម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​។ ចំពោះ​មធ្យោបាយ​ផ្សេងៗ​ដូចជា​រថយន្ត​លក្ខណៈ​គ្រួសារ ម៉ូតូ រទេះរុញ កម្មករ អាជីវករ​លក់ដូរ​ក្នុង​ផ្សារ រ៉ុងក្លឿ មិន​អនុញ្ញាត​ឲ្យ​ចេញ-ចូល​ឡើយ​។

យោងតាម​ឯកសារ​ស្ថានទូត​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន បាន​បញ្ជាក់ថា ច្រកព្រំដែន​ផ្សេង​ទៀត​ដែល​ត្រូវបាន​បិទ​រួមមាន​ច្រក​ថ្មដា ខេត្ត​ពោធិ៍សាត់ និង​ច្រក​ឆករកា (​បាត់ដំបង​) ដែល​ត្រូវបាន​បិទ​កាលពី​ថ្ងៃទី​ ២០ មីនា​។ បន្ថែម​លើ​ការបិទ​ការធ្វើ​ដំណើរ​ថៃ​ក៏​បានចេញ​វិធានការ​តឹងរ៉ឹង​លើ​ការធ្វើដំណើរ​តាមផ្លូវ​អាកាស​ចូល​ប្រទេស​ថៃ​។

យោងតាម​សេចក្ដី​ជូន​ដំណឹង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ចុះ​ថ្ងៃទី​ ២០ មីនា បាន​ឲ្យ​ដឹងថា​៖ «​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ថៃ​បាន​ចេញ​វិធានការ​រឹតបន្តឹង​ចំពោះ​អ្នកដំណើរ​ទាំង​ជនជាតិ​ថៃ និង​ជនបរទេស​រួមទាំង​កម្ពុជា​ដែល​ធ្វើដំណើរ​តាម​យន្តហោះ​ចូល​ប្រទេស​ថៃ​ចាប់ពី​ម៉ោង ០០ ថ្ងៃទី​ ២០ មីនា​តទៅ​ដែល​តម្រូវ​ឲ្យ​អ្នកដំណើរ​ត្រូវ​ត្រៀម​ឯកសារ​ទុក​បង្ហាញ​ប្រតិបត្តិករ​អាកាសចរណ៍ ដើម្បី​ចេញ​បណ្ណ​ធ្វើដំណើរ​»​។

ស្ថានទូត​កម្ពុជា​បាន​រំឭក​ពលរដ្ឋ​ដែល​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ ត្រូវមាន​សំបុត្រ​ពេទ្យ​ដែល​បញ្ជាក់ថា អ្នកដំណើរ​ «​មិនមាន​ហានិភ័យ​នាំ​ឲ្យ​ឆ្លង​កូវីដ​ ១៩» និង​មាន​សុពលភាព​មិន​លើសពី​ ៧២ ​ម៉ោង​មុន​កាលបរិច្ឆេទ​នៃ​ការធ្វើដំណើរ​។ លើសពី​នេះ​អ្នក​ដែល​ចូល​ប្រទេស​ថៃ​ត្រូវមាន​ឯកសារ​ធានារ៉ាប់រង​សុខភាព​ដែល​បញ្ជាក់​ពី​ទឹកប្រាក់​ធានារ៉ាប់រង​គ្របដណ្ដប់​ប្រទេស​ថៃ​ផង ដែល​មាន​ចំនួន​ទឹកប្រាក់​ទាប​បំផុត​ ១០ ​ម៉ឺន​ដុល្លារ និង​ទទួល​រ៉ាប់រង​លើ​ជំងឺ​កូវីដ​១៩​។

ស្ថានទូត​បញ្ជាក់ថា​៖ «​បើ​អ្នកដំណើរ​មិន​បង្ហាញ​ឯកសារ​ខាងលើ​ប្រតិបត្តិករ​អាកាសចរណ៍​នឹង​មិន​ចេញ​ប័ណ្ណ​ធ្វើ​ដំណើរ និង​ហាម​មិន​ឲ្យ​ឡើង​យន្តហោះ​»​។

ក្នុងករណី​ដែល​អ្នក​ដំណើរ​បាន​ទៅដល់​ប្រទេស​ថៃ​ហើយ​អ្នក​ដំណើរ​ដែលមាន​ឯកសារ​ខាងលើ​អាច​នឹង​ត្រូវ​បំពេញ​លក្ខខណ្ឌ​បន្ថែមទៀត​ដូចជា​ការដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​ស្ថិត​ក្រោម​ការឃ្លាំមើល ឬ​វិធានការ​នានា​សម្រាប់​បង្ការ និង​ត្រួតពិនិត្យ​ជំងឺឆ្លង​។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យ​អាកាសចរ​ស៊ីវិល​ថ្លែងថា​៖ «​លក្ខខណ្ឌ​តម្រូវការ​នេះ​ធ្វើឲ្យ​មាន​បញ្ហា​ដល់​ការធ្វើ​ដំណើរ​ហាក់​ដូចជា​អាច​បិទ​ដែរ​។ គេ​មិន​បិទ​ទេ តែ​គេ​ដាក់​លក្ខខណ្ឌ​អ៊ីចឹង​។ តែ​ (​ចូល​) ​ស្រុក​ខ្មែរ​យើង​អត់​មាន​លក្ខខណ្ឌ​អី​ទេ​គឺ​ធម្មតា​មាន​តែ​ប្រទេស​ដែល​យើង​ហាមឃាត់​ប៉ុន្មាន​ប្រទេស​នោះ​ដែល​យើង​ត្រូវ​អនុវត្តតាម​លក្ខខណ្ឌ​តម្រូវ​របស់​រដ្ឋាភិបាល​យើង​។ ក្រៅពីនេះ​យើង​ស្គ្រីន​អី​ធម្មតា​»​។

លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ថ្លែង​ថា ច្រក​ចេញ​ចូល​ទាំងអស់​មាន​ការប្រុងប្រយ័ត្ន​ហើយ​ត្រូវមាន​ក្រុម​ចត្តាឡីស័ក​ពិនិត្យ​សុខភាព​របស់​ពួកគេ និង​ឲ្យ​ពួកគេ​បំពេញ​ទម្រង់​បែបបទ​បញ្ជាក់​ពី​សុខភាព និង​ណែនាំ​ឲ្យ​ពួកគាត់​នៅ​ដាច់​ដោយឡែក​ដោយ​ខ្លួនឯង​រយៈពេល​ ១៤ ​ថ្ងៃ​។ ចៀសវាង​ការ​នាំចូល​បន្ថែម​ទៀត​កូវីដ​ ១៩ ​មក​កម្ពុជា​៕