ភ្នំពេញ៖ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​អះអាង​តាមរយៈ​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ម្សិលមិញ​​ថា រដ្ឋាភិបាល​​​ថៃ​បាន​អនុញ្ញាត​ឲ្យ​អ្នក​ដំណើរ​ជន​បរទេស​មួយ​ចំនួន​អាច​ចូល​ប្រទេស​ថៃ ​បាន​ ប៉ុន្តែ​ពេល​បញ្ចប់​ភារកិច្ច​ត្រូវ​ត្រឡប់​វិញ​ភ្លាម។ ការ​ប្រកាស​នេះ​​ស្រប​ពេល​ដែល​កម្ពុជា​ និង​ថៃ​ កំពុង​ពិភាក្សា​ពី​លទ្ធភាព​បើក​ច្រក​តាម​ព្រំដែន​សំខាន់ៗ ​ដើម្បី​សម្រួល​ដល់​សេដ្ឋកិច្ច​។​

តាម​សេចក្ដី​ជូន​ដំណឹងការ​អនុញ្ញាត​នេះ​មាន​ដូច​ជា ​អ្នក​មាន​សញ្ជាតិ​ថៃ, ​អ្នក​ដែល​ទទួល​បាន​ការ​លើកលែង ឬ​ជា​ករណី​ដែល​នាយក​រដ្ឋមន្ត្រី​អនុញ្ញាត​ ឬ​អញ្ជើញ​ចូល​មក​ប្រទេស​,​ អង្គទូត ​មន្ត្រី​កុងស៊ុល,​ តំណាង​អង្គការ​អន្តរជាតិ​ ឬ​តំណាង​រដ្ឋាភិបាល និង​ស្ថាប័ន​បរទេស​ដែល​មក​​បំពេញ​បេសកកម្ម​នៅ​ថៃ, អ្នក​ដឹក​ជញ្ជូន​ទំនិញ​។​

ប៉ុន្ដែ​ពេល​បញ្ចប់​ភារកិច្ច​ត្រូវ​ចេញពី​ថៃ​វិញ​ភ្លាម រីឯ​អ្នក​បញ្ជា​យានយន្ត​​ដែល​មាន​ភាព​ចាំបាច់​បំផុត​ត្រូវ​កំណត់​ពេល​វេលា​ឲ្យ​បាន​ច្បាស់​លាស់។ សេចក្ដី​ជូន​ដំណឹង​បន្ត​ថា ក្នុង​នោះ​​ក៏​មាន​ជន​បរទេស​ដែល​ជា​ភរិយា​ ឬ​ស្វាមី ជា​ជនជាតិ​ថៃ​ ព្រម​ទាំង​ឪពុក​ម្ដាយ​ ឬ​កូន​របស់​គាត់, ​សិស្ស ​និង​និស្សិត​បរទេស​ដែល​សិក្សា​នៅ​ក្នុង​ប្រទេស​ថៃ, ជន​បរទេស​ដែល​មាន​ភាព​ចាំបាច់​ត្រូវ​ចូល​មក​ព្យាបាល​ជំងឺ និង​អ្នក​អម​ដំណើរ​ផង​ដែរ។ ប៉ុន្ដែ​មិនមែន​ករណី​ចូល​មក​ព្យាបាល​​ជំងឺ​កូវីដ ​១៩ ​នោះ​ទេ។​

ស្រប​ពេល​ជាមួយ​នេះ​ដែរ កាល​ពី​ថ្ងៃ ៣០ ខែ​មិថុនា​ មន្ត្រី​កម្ពុជា និង​ថៃ​ បាន​ជួប​ពិភាក្សា​ពី​លទ្ធភាព​បើក​ច្រក​ព្រំដែន​អន្ដរជាតិ​សំខាន់ៗ​ឡើង​វិញនៅ​តាម​ព្រំដែន​​នៃ​ប្រទេស​ទាំង ​២ ដើម្បី​ទម្លាយ​ភាព​ជាប់​គាំង​ផ្នែក​សេដ្ឋកិច្ច​ដោយសារ​ការ​រឹត​បន្តឹង​​ការ​ឆ្លង​ដែន ​ដើម្បី​បង្ការ​​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ ​១៩។​

កិច្ច​ពិភាក្សា​នេះ ធ្វើ​ឡើង​រវាង​ប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​លោក ​អ៊ូក ​សោភ័ណ ឯក​អគ្គរាជ​ទូត​​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ និង​ប្រតិភូ​ធុរជន​​ថៃ ដឹកនាំ​​ដោយ​លោក ឆានីត ចាន់ឆៃណារ៉ុង ​ប្រធាន​​ក្រុម​ប្រឹក្សា​ធុរ​កិច្ច​ថៃ-កម្ពុជា​ នៅ​ស្ថាន​ឯកអគ្គរាជ​ទូត​កម្ពុជា ក្នុង​ទីក្រុង​បាងកក​។

មន្ត្រី​ស្ថានទូត​កម្ពុជា​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​​ប្រចាំ​ប្រទេស​ថៃ ​កាល​ពី​ម្សិលមិញ​បាន​បដិសេធ​ការ​ធ្វើ​អត្ថាធិប្បាយ ​ជុំវិញ​កិច្ច​ប្រជុំ​ពិភាក្សា​នេះ ដោយ​លោក​អះអាង​ថា លោក​មិន​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ ដែល​មិន​អាច​និយាយ​ពី​លទ្ធផល​​ប្រជុំ​នេះ​​បាន។

ប៉ុន្តែ​តាម​ហ្វេសប៊ុក​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​​ថៃ ​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ​ជំនួប​នោះ ​គឺ​ដើម្បី​លើក​សំណើ​ទៅ​ប្រមុខ​​រដ្ឋាភិបាល​កម្ពុជា-ថៃ ដើម្បី​បើក​ច្រក​អន្ដរ​ជាតិ​ប៉ោយប៉ែត​ខ្លង​​លឹក ស្ថិត​នៅ​ចន្លោះ​ព្រំ​ប្រទល់​ខេត្ត​បន្ទាយមានជ័យ ​(កម្ពុជា) និង​ខេត្ត​ស្រះកែវ (ថៃឡង់​ដ៍) សម្រាប់​ភ្ញៀវ​ទេសចរ​កម្ពុជា​ដែល​​ត្រូវ​ការ​មក​ពិនិត្យ​ជំងឺ​នៅ​ថៃ និង​ធុរជន​ថៃ ​ដែល​ត្រូវ​​ការ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ដោយ​មាន​​កំណត់​ចំនួន​ក្នុង ​១ ថ្ងៃ​។

ស្ថានទូត​កម្ពុជា​បន្ត​ថា ​ប្រសិន​បើ​គម្រោង​ខាង​លើ​​ទទួល​បាន​ជោគជ័យ​ភាគី​ទាំង ២​ ក៏​​នឹង​ដាក់​សំណើ​ទៅ​កាន់​ប្រមុខ​រដ្ឋាភិបាល​ ដើម្បី​សុំ​បើក​ច្រក​អន្តរជាតិ​ផ្សេងៗ​ផង​ដែរ ដូចជា​ច្រក​អន្តរជាតិ​អូរស្មាច់ (ខេត្ត​ឧត្តរមានជ័យ) និង​ចុង​ជាំ (ខេត្ត​សុរិន្ទ​​) ​,ច្រក​អន្តរជាតិ​ដូង (បាត់ដំបង) និង​ឡែម ​(ច័ន្ទប៊ុរី) និង​ច្រក​អន្តជាតិ​ចាំ​យាម (កោះកុង) និង​ហាតឡេក (ត្រាត) ជា​ដើម។ល។ ដើម្បី​ជំរុញ​លំហូរ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​ទេ្វភាគី​ សំដៅ​ស្តារ​ឡើង​វិញ​នូវ​ចរន្ត​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង ២។

មន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​ពី​ម្សិលមិញ​ មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ ​ជុំវិញ​ការ​ពិភាក្សា​​ពី​លទ្ធភាព​បើក​ច្រក​ព្រំដែន​អន្ដរជាតិ​សំខាន់ៗ​ឡើង​វិញ​នេះ​បាន​ទេ​។

ប៉ុន្ដែ​​តាម​សារព័ត៌មាន XINHUANET ចេញ​​ផ្សាយ​​កាល​ពី​​ថ្ងៃទី ​២៩ ខែ​មិថុនា​ បាន​ដក​ស្រង់​សម្ដី​លោក ​Thawee​sil​p​ V​i​s​a​n​uy​ot​hi​n​ អ្នក​នាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​​កូវីដ ១៩ (Center for COVID-19 Situation Administration (CCSA)) ដែល​មាន​លោក​នាយក​រដ្ឋមន្ត្រី​ថៃ ប្រាយុធ ចាន-អូចា ជា​ប្រធាន​បាន​ឲ្យ​ដឹង​ថា CCSA បាន​សម្រេច​បើក​ច្រក​ព្រំដែន​អន្តរជាតិ​ ៣៧ ​ច្រក​ ជាប់​​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា ឡាវ កម្ពុជា ​និង​ម៉ាឡេស៊ី។​

បើ​តាម CCSA ក្នុង​នោះ​ច្រក​ជាប់​ជាមួយ​​ឡាវ​មាន​ចំនួន ​១៤ ​ច្រក​, ​មីយ៉ាន់ម៉ា​ចំនួន ​៨ ច្រក, កម្ពុជា​មាន​ចំនួន ​៧ ច្រក និង ៨ ​ច្រក ជាប់​ជាមួយ​ម៉ាឡេស៊ី​។

យោង​តាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​ថៃ​ ក្នុង​រយៈពេល ​៤ ខែ​​ដំបូង​នៃ​ឆ្នាំ​នេះ ការ​ដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-​ថៃ សម្រច​បាន​ទឹក​ប្រាក់​ ៣,១ ពាន់​លាន​ដុល្លារ កើន​ឡើង ​១៨,៣ ​ភាគរយ ​ធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០១៩។​ ក្នុង​នោះ​ការ​នាំ​ចេញ​​របស់​កម្ពុជា​ទៅ​ថៃ មាន​ទឹក​ប្រាក់​ ៦៨៧ លាន​ដុល្លារ​កើន​ឡើង ១០៦ ​ភាគរយ ចំណែក​ការ​នាំចូល​មាន​ទឹក​ប្រាក់​ ២,៤ ​ពាន់​លាន​ដុល្លារ​ កើន​ឡើង​ ៥,៦ ​ភាគរយ​៕​