បន្ទាយមានជ័យៈ ជនក្លែងបន្លំជាសង្ឃ ៨ នាក់ដែលបានលួចឆ្លងដែនបិណ្ឌបាតរៃអង្គាសបច្ច័យក្នុងខេត្តស្រះកែវប្រទេសថៃត្រូវបានកងតម្រួតថៃចាប់ផ្សឹករួចដាក់ឡានទ្រុងបញ្ជូនមកកម្ពុជាវិញកាលពីល្ងាចថ្ងៃចន្ទជាមួយនឹងពលករឆ្លងដែនខុសច្បាប់ជិត ៦០ នាក់ផ្សេងទៀត។
លោក ទូច មុនី អភិបាលរងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានឲ្យដឹងថាជនក្លែងជាសង្ឃទាំង ៨ នាក់នេះត្រូវបានដាក់បញ្ចូលក្នុងឡានទ្រុងពីរគ្រឿងជាមួយនឹងពលករឆ្លងដែនខុសច្បាប់ផ្សេងទៀតសរុប ៦៧ នាក់ក្នុងនោះស្រី ១៩ នាក់ និងកុមារ ២ នាក់មកកាន់កន្លែងទទួលពលករក្នុងសង្កាត់ប៉ោយប៉ែតនៅល្ងាចថ្ងៃទី ២ ខែវិច្ឆិកា។
លោកថា ជនក្លែងជាសង្ឃ ៨ នាក់នោះមានស្រុកកំណើតនៅខេត្តកំពតត្រូវបានផ្សឹកដោយផ្លាស់សម្លៀកបំពាក់កីឡាវិញចំណែកអ្នកឯទៀតមានស្រុកកំណើតនៅខេត្តផ្សេង។
លោកថា៖ «យើងបានសួរនាំតែសង្ឃក្លែងទាំងនោះមិននិយាយអ្វីច្រើនទេពួកគេសុទ្ធតែមានប្រាក់ដែលអាចធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញដោយខ្លួនឯងភ្លាមៗក្រោយពីសមត្ថកិច្ចបានអប់រំចប់»។
បើតាមលោក ទូច មុនី ជនក្លែងជាសង្ឃទាំងនោះបានសារភាពថាបានឃុបឃិតជាមួយមេខ្យល់និមន្តបិណ្ឌបាត និងរៃអង្គាសបច្ច័យហើយចែកភាគរយគ្នាដោយប្រើប្រាស់ស្បង់ចីពរជាមុខរបរ។ ចំណែកអ្នកផ្សេងទៀតដែលថៃចាប់បាននោះភាគច្រើនគឺជាពលករឆ្លងដែនតាមច្រករបៀងផ្សេងៗទៅធ្វើការងារ និងចូលកាប់ព្រៃខុសច្បាប់ក្នុងប្រទេសថៃ។
លោក ទូច មុនី បានអះអាងថា៖ «អ្នកដែលបានបញ្ជូនមកនេះភាគច្រើនមុខដដែលៗអ្នកខ្លះលួចឆ្លងដែនទៅហើយគ្មានលុយមកវិញក៏ដើរជាហ្វូងឲ្យប៉ូលិសចាប់បញ្ជូនមកស្រុកវិញ។ តែតួលេខឥឡូវថយចុះច្រើនហើយក្នុងមួយថ្ងៃពី ៨០ នាក់ទៅ ២៥០ នាក់ប៉ុណ្ណោះតែបើពីមុនគឺច្រើនជាងនេះទៅទៀត»។
លោក ស៊ាង សេងហុក នាយការិយាល័យធម្មការ និងសាសនាក្រុងប៉ោយប៉ែតបានឲ្យដឹងដែរថានេះជាលើកដំបូងហើយដែលសង្ឃក្លែងត្រូវបានផ្សឹកនៅប្រទេសថៃទើបបញ្ជូនមកកាន់កម្ពុជាវិញខុសពីសព្វដងដែលត្រូវបានបញ្ជូនទាំងស្លៀកពាក់ស្បង់ចីពរជាសង្ឃ។
លោកថា៖ «អ្នកទាំងនោះសុទ្ធតែជាសង្ឃក្លែងក្លាយ ខូចខិល យើងធ្លាប់បានស្នើឲ្យផ្សឹកឲ្យហើយសិនចាំបញ្ជូនមកបើរកឃើញថាក្លែងក្លាយចៀសវាងបញ្ជូនមកមានទាំងស្បង់មើលទៅមិនស័ក្ដិសមនោះទេ»។
គិតចាប់តាំងពីដើមឆ្នាំ ២០១៥ មកអាជ្ញាធរថៃបានចាប់បញ្ជូនព្រះសង្ឃខ្មែរ ៥០ អង្គមកកម្ពុជាវិញដែលក្នុងនោះមានព្រះសង្ឃខ្លះនិមន្តទៅរៀននៅក្នុងប្រទេសថៃតែខ្លះទៀតបានទៅរៃអង្គាសបច្ច័យកសាងវត្តនៅប្រទេសថៃដោយខុសច្បាប់។
បើតាមលោកអភិបាលរងក្រុងប៉ោយប៉ែតគិតចាប់ពីឆ្នាំ ២០១៤ មកទល់ពេលនេះមានសង្ឃដែលត្រូវបានកំណត់អត្តសញ្ញាណក្លែងក្លាយសរុបជាង ២០ នាក់ដែលបានរៃអង្គាសប្រាក់តាមរយៈមេខ្យល់ត្រូវបានតម្រួតថៃចាប់បាន និងបញ្ជូនត្រឡប់មកកាន់កម្ពុជាវិញ៕