ព្រះសីហនុៈ បុគ្គលិក​កាស៊ីណូ ប៉ាវម៉ាយ ប្រមាណ ៣០០ ​នាក់​ ស្ថិត​ក្នុង​សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ​កាលពី​ម្សិលមិញ ថៅកែ​កាស៊ីណូ​បាន​សម្រេច​បើកប្រាក់​ខែ​ជូន​ទាំងអស់​ក្រោយពី​តវ៉ា​ទាមទារ​កាលពី​ថ្ងៃទី​ ១៦ ​កញ្ញា​សប្ដាហ៍​មុន​។

កញ្ញា សេង ចន្នី តំណាង​បុគ្គលិក​កាស៊ីណូ​ប៉ាវម៉ាយ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ក្រោយ​មាន​ការសម្របសម្រួល​ពី​មន្ទីរ​ការងារ​ខេត្ដ​ព្រះសីហនុ​ដោយ​ឲ្យ​ម្ចាស់​កាស៊ីណូ ប៉ាវម៉ាយ ចុះ​កិច្ចសន្យា​ព្រមព្រៀង​បើកប្រាក់​ខែ​ឲ្យ​បុគ្គលិក​នៅ​ថ្ងៃទី​ ២៣ ​ខែ​កញ្ញា​រួចមក​។

ចន្នី បាន​ប្រាប់​ថា​៖ «​ពួក​ខ្ញុំ​បាន​មក​បើក​ប្រាក់ខែ​បាន​រួចរាល់​ខ្លះ​ហើយ និង​កំពុង​បន្ដ​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​ផ្សេងទៀត​ដែរ​នឹង​បើក​អស់​គ្រប់គ្នា​ហើយ​»​។

លោក យ៉ូវ ខេមរា ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ព្រះសីហនុ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ថៅកែ​កាស៊ីណូ​បាន​គោរព​តាម​កិច្ចសន្យា​បើក​ប្រាក់ខែ​តាម​ការកំណត់​ដល់​បុគ្គលិក​ទាំងអស់។

កាលពី​ថ្ងៃទី​ ១៦ ខែ​កញ្ញា​នេះ​បុគ្គលិក កាស៊ីណូ ប៉ាវម៉ាយ ស្ថិត​នៅ​សង្កាត់​លេខ ៤ ក្រុង​ព្រះសីហនុ​ប្រមាណ ៣០០ នាក់​បាន​នាំគ្នា​តវ៉ា​ទាមទារ​បើកប្រាក់​ជា​លើក​ទី ២ ក្រោយ​កាស៊ីណូ​បាន​ផ្អាក​ដំណើរការ ហើយ​មាន​ការយឺតយ៉ាវ​ក្នុង​ការបើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​សម្រាប់​ ១ ​ខែ​កន្លះ​សម្រាប់​ខែ​សីហា និង​ពាក់កណ្ដាល​ខែ​កញ្ញា​ដែល​សរុប​ជា​ថវិកា​ប្រមាណ​ជាង​ ១៧ ម៉ឺន​ដុល្លារ​អាមេរិក​។

អ្នកស្រី ជៀប សុធារី មន្ដ្រី​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​​ព្រះសីហនុ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្កើន​ការរឹតបន្ដឹង​ច្បាប់​ដល់​ថៅកែ​កាស៊ីណូ​ជា​ជនជាតិ​ចិន​កុំ​ឲ្យ​មាន​ការរំលោភសិទ្ធិ និង​រំលោភ​ពលកម្ម​ការងារ​ដល់​បុគ្គលិក​៕