ព្រះសីហនុៈ ក្រោយបុគ្គលិកប្រមាណ ៣០០ នាក់ តវ៉ាទាមទារបើកប្រាក់ជាលើកទី ២ ម្ចាស់កាស៊ីណូ ប៉ាវម៉ាយ ស្ថិតនៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ដែលបច្ចុប្បន្នបានផ្អាកដំណើរការនោះបានសន្យាបើកប្រាក់ខែឲ្យបុគ្គលិកសម្រាប់ ១ ខែកន្លះសម្រាប់ខែសីហា និងពាក់កណ្ដាលខែកញ្ញានេះ សរុបជាថវិកាប្រមាណជាង ១៧ ម៉ឺនដុល្លារអាមេរិក។
លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអង្គារម្សិលមិញថា ក្រោយម្ចាស់កាស៊ីណូ ប៉ាវម៉ាយមិនបានគោរពសន្យាតាមកិច្ចសន្យាលើកទី ១ ថា បើកប្រាក់ខែឲ្យបុគ្គលិកនៅថ្ងៃ ១២ ខែកញ្ញា ព្រោះមិនទាន់មានថវិកា ទើបមានការតវ៉ាពីបុគ្គលិកម្ដងទៀត។
ប៉ុន្ដែក្រោយពេលក្រុមការងារមន្ទីរការងារចុះទៅសម្របសម្រួលកាលពីថ្ងៃចន្ទកន្លងទៅនេះ ម្ចាស់កាស៊ីណូបានយល់ព្រមបើកប្រាក់ខែឲ្យបុគ្គលិកនៅថ្ងៃទី ២៣ ខែកញ្ញានេះឲ្យចប់រួចរាល់។
លោកបានថ្លែងថា៖ «យើងបានចុះទៅធ្វើកិច្ចសន្យាជាមួយម្ចាស់ក្រុមហ៊ុន (កាស៊ីណូខាងលើ) គាត់សន្យាថា បើកលុយឲ្យបុគ្គលិកតាំងពីសប្ដាហ៍មុន ប៉ុន្ដែគាត់អត់មានលុយបើកឲ្យទើបបុគ្គលិកតវ៉ាជាថ្មី ហើយយើងបានចុះទៅធ្វើកិច្ចសន្យាម្ដងទៀតដោយភាគីទាំង ២ យល់ព្រមបើកប្រាក់ខែនៅថ្ងៃទី ២៣ ខែកញ្ញានេះ»។
លោកបានបន្ដថា៖ «ការបើកប្រាក់ខែឲ្យបុគ្គលិកយឺតយ៉ាវនេះប្រហែលមកពីមានការផ្លាស់ប្ដូរថៅកែកាស៊ីណូនេះ។ ប៉ុន្ដែឥឡូវម្ចាស់កាស៊ីណូគាត់សន្យាបើកប្រាក់ខែឲ្យបុគ្គលិកនៅថ្ងៃទី ២៣ ខែកញ្ញានេះ ក្រោយមានការជួយសម្របសម្រួលពីម្ចាស់ទីតាំងដែលកាស៊ីណូនេះបានជួលផងដែរ»។
លោក យ៉ូវ ខេមរា បានឲ្យដឹងថា បុគ្គលិកដែលមិនទាន់បានបើកប្រាក់ខែសរុបចំនួនប្រមាណ ៣០០ នាក់ក្នុងនោះមានបុគ្គលិកជនជាតិចិន ៤០ នាក់ផងដែរ ដែលប្រាក់ខែត្រូវបើកឲ្យបុគ្គលិកសរុបប្រមាណ ១៧ ម៉ឺនដុល្លារអាមេរិក។
លោកបានបញ្ជាក់ថា៖ «ម្ចាស់កាស៊ីណូគាត់បានសន្យាថាបើកប្រាក់ខែឲ្យបុគ្គលិកហើយ។ ប៉ុន្ដែបើគាត់មិនព្រមបើកទៀត យើងនឹងធ្វើការងារទៅតាមច្បាប់យោងតាមមាត្រានៃច្បាប់ការងារ»។
កញ្ញា សេង ចន្នី តំណាងបុគ្គលិកកាស៊ីណូប៉ាវម៉ាយនេះប្រាប់ថាក្រុមបុគ្គលិកសង្ឃឹមថា ក្រោយម្ចាស់កាស៊ីណូធ្វើកិច្ចសន្យាជាលើកទី ២ ជាមួយមន្ទីរការងាររួចហើយពួកនាងសង្ឃឹមថាម្ចាស់កាស៊ីណូនឹងគោរពតាមកិច្ចសន្យាមិនបំពានដូចលើកទី ១។
កញ្ញាបន្ដថាជាទូទៅកាស៊ីណូនេះ បើកលុយឲ្យបុគ្គលិកនៅថ្ងៃទី ១០ ជារៀងរាល់ខែ។ ប៉ុន្ដែសម្រាប់ខែសីហាដែលត្រូវបើកលុយនៅថ្ងៃទី ១០ ខែកញ្ញាបែរជាមិនបើកដោយប្រាប់ថាចាំបើកនៅថ្ងៃ ១១ ខែកញ្ញា។ ប៉ុន្ដែដល់ថ្ងៃ ១១ នៅតែមិនព្រមបើក ហើយប្រាប់ថាចាំថ្ងៃទី ១៥ ខែកញ្ញា ប៉ុន្ដែដល់ថ្ងៃទី ១៥ នៅតែមិនព្រមបើក។ ទើបបុគ្គលិកតវ៉ាប្ដឹងទៅមន្ទីរការងារម្ដងទៀតឲ្យជួយដោះស្រាយទើបម្ចាស់កាស៊ីណូបានធ្វើកិច្ចសន្យាម្ដងទៀតកាលពីថ្ងៃចន្ទទី ១៦ ខែកញ្ញាថានឹងបើកប្រាក់ខែឲ្យនៅថ្ងៃទី ២៣ ខែកញ្ញា វិញ។
ចន្នី បានបញ្ជាក់ថា៖ «ការសន្យាថាបើកប្រាក់ខែឲ្យបុគ្គលិកថានឹងបើកប្រាក់ខែឲ្យនៅថ្ងៃទី ២៣ ខែកញ្ញានេះមិនមែនជាថៅកែថ្មីអ្នកសន្យាទេ គឺថៅកែចាស់អ្នកសន្យាដែលគាត់ជាអ្នកទទួលខុសត្រូវនៅក្នុងកាស៊ីណូនេះ ព្រោះកាស៊ីណូនេះពីមុនដំបូងជាឈ្មោះរបស់ថៅកែចាស់។ ចំណែកថៅកែថ្មីគាត់មិននៅទេ គាត់រត់បាត់ហើយ។ ថៅកែកាស៊ីណូនេះទាំងថៅកែចាស់ និងថៅកែថ្មីសុទ្ធតែជាជនជាតិចិន»។
ចន្នី បានឲ្យដឹងថា កាស៊ីណូនេះបានផ្អាកដំណើការតាំងថ្ងៃទី ១ ខែកញ្ញារហូតមក ហើយបុគ្គលិកក៏ឈប់ធ្វើការងារអស់ហើយដែរ។
លោកស្រី ជៀប សុធារី មន្ដ្រីសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក បានឲ្យដឹងថា បញ្ហាការងារនៅខេត្ដព្រះសីហនុក៏ជាការព្រួយបារម្ភមួយសម្រាប់បុគ្គលិក និងកម្មករ ព្រោះម្ចាស់ក្រុមហ៊ុន ឬកាស៊ីណូមិនសូវយល់ដឹងពីច្បាប់ការងារកម្ពុជា។
លោកស្រីថ្លែងថា៖ «អាជ្ញាធរពាក់ព័ន្ធគួរតែបង្កើនការណែនាំដល់ម្ចាស់សណ្ឋាគារ កាស៊ីណូ ពីច្បាប់ការងាររបស់កម្ពុជា ដើម្បីកុំឲ្យពួកគាត់មានបញ្ហាជាមួយបុគ្គលិក កម្មករលើវិស័យការងារនេះ»៕