ភ្នំពេញ៖ មនុស្សចំនួន ២៩១ នាក់ទៀតត្រូវបានរកឃើញមានវិជ្ជមានវីរុសកូវីដ១៩ ដែលក្នុងនោះអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានចំនួន ២៩០ នាក់ ដែលធ្វើឱ្យចំនួននៃអ្នកឆ្លងសរុបពីព្រឹត្តិការណ៍នេះតែមួយ បានកើនឡើងរហូតដល់ ៥២២៨ នាក់ហើយ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនៅថ្ងៃសៅរ៍ ទី ១៧ ខែមេសា ឆ្នាំ ២០២១ នេះបានឱ្យដឹងថា អ្នកដែលរកឃើញឆ្លងវីរុសកូវីដ១៩ មាននៅរាជធានីភ្នំពេញច្រើនជាងគេ គឺរហូតដល់ ២២៨ នាក់ ខេត្តព្រះសីហនុចំនួន ២៦ នាក់ ខេត្តកណ្ដាលចំនួន ១៤ នាក់ ខេត្តតាកែវចំនួន ១២ នាក់ ខេត្តស្វាយរៀងចំនួន ៨ នាក់ និងខេត្តព្រៃវែងចំនួន ២ នាក់ផងដែរ។
ក្រសួងបានបញ្ជាក់ថា អ្នកដំណើរមកពីបរទេសម្នាក់ដែលមានតេស្តវិជ្ជមានកូវីដ១៩ គឺស្ត្រីជនជាតិបារាំង អាយុ ២៤ ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសស្វីស បន្តជើងហោះហើរនៅប្រទេសសិង្ហបុរីមកដល់កម្ពុជាកាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២១។ លទ្ធផលតេស្តវត្ថុសំណាករបស់អ្នកជំងឺនេះរកឃើញមានវិជ្ជមានកូវីដ១៩ ពេលធ្វើតេស្តសំណាកលើកទី ២ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
នៅថ្ងៃនេះដែរ ក្រសួងក៏បានប្រកាសពីការព្យាបាលជាសះស្បើយចំនួន ២៣ នាក់ផងដែរ។
គិតត្រឹមព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២១ នេះ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ១៩សរុបចំនួន ៥៧៧១ នាក់ អ្នកជាសះស្បើយចំនួន ២៤១៦ នាក់ អ្នកកំពុងព្យាបាល ៣៣១១ នាក់ និងអ្នកដែលបានស្លាប់បាត់បង់ជីវិតមានចំនួន ៣៩ នាក់៕