
ពលរដ្ឋកំពុងរង់ចាំចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យមួយក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២១។ ហេង ជីវ័ន
ភ្នំពេញ៖ ចំនួនអ្នកឆ្លងវីរុសកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍នៅថ្ងៃនេះ មានរហូតដល់ ៥៥ នាក់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបក្នុងព្រឹត្តិការណ៍នេះ មានរហូតទៅដល់ ១ ៣៤៨ នាក់ ខណៈថ្ងៃនេះក៏មានអ្នកដែលបានព្យាបាលជាសះស្បើយចំនួន ២៣ នាក់ផងដែរ។
យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកដែលឆ្លងថ្មីក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ មាននៅទីក្រុងភ្នំពេញរហូតដល់ ៥០ នាក់ ខណៈខេត្តចំនួន ៥ ផ្សេងទៀត មានអ្នកឆ្លងតែ ០១ នាក់ប៉ុណ្ណោះក្នុងមួយខេត្ត គឺខេត្តសៀមរាប ត្បូងឃ្មុំ កណ្តាល ព្រះសីហនុ និងខេត្តកំពង់ធំ។ ករណីឆ្លងនេះ មានទាំងទារកអាយុ ៩ ខែ និង ១១ ខែផងដែរ។
ចំណែកអ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយចំនួន ២៣ នាក់នោះ គឺមានម្នាក់ជាបុរសជនជាតិឥណ្ឌូនេស៊ី អាយុ ២៥ ឆ្នាំ និងបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យផងដែរ បន្ទាប់ពីមានលទ្ធផលតេស្តអវិជ្ជមានចំនួន ២ ដង។
គិតត្រឹមព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ នេះ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដសរុបចំនួន ១ ៨៧២ នាក់ ក្នុងនោះអ្នកដែលបានជាសះស្បើយចំនួន ១ ០៥៦ នាក់ អ្នកកំពុងសម្រាកព្យាបាល ចំនួន ៨០៩ នាក់ និងមានអ្នកស្លាប់ចំនួន ០៥ នាក់៕