ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកនេះ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន​ ៥៤ នាក់បន្ថែមទៀត ដោយក្នុងនោះករណីឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ចំនួន ៥៣ នាក់ ខណៈមានអ្នកជំងឺ ១៨ នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺដែលឆ្លងថ្មីទាំងនេះ មានចំនួន ៥៣ នាក់ គឺជាករណីឆ្លងក្នុងសហគមន៍ ចំណែកម្នាក់ទៀត គឺជាករណីនាំចូលពីបរទេស ហើយពួកគេ ត្រូវបានបញ្ចូលទៅសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យផងដែរ។

ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺមនុស្សពេញវ័យ និងជាមេគ្រួសារ គឺត្រូវពិចារណាឱ្យបានដិតដល់នូវសកម្មភាពរបស់ខ្លួនឯង ជាពិសេសអនុវត្តនូវវិធានការសុខាភិបាល ឱ្យបានហ្មត់ចត់ ដើម្បីចៀសវៀងការចម្លងវីរុសកូវីដ១៩ ទៅក្រុមគ្រួសារ និងសហគមន៍រស់នៅរបស់ខ្លួន។

ការអំពាវនាវនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីចំនួនអ្នកឆ្លងនៃជំងឺនេះ បានកើនឡើងគួរឱ្យកត់សម្គាល់មិនថាទារក ឬកុមារ នោះទេ ដែលលោកស្រី បារម្ភថា «វីរុសកូវីដ១៩ កំពុងតែវ៉ៃលុកយើងហើយ សូម្បីតែកុមារអាយុ ៦ឆ្នាំក៏វាមិនលើកលែងឱ្យដែរ។ បញ្ហាសំខាន់របស់បុគ្គលគ្រប់រូបដែលជាមនុស្សពេញវ័យនៅពេលនេះ តើយើងត្រូវចូលរួមធ្វើអ្វីខ្លះ ដើម្បីកុំឲ្យមានការចម្លងបន្តគ្នាបែបនេះ»។

ក្រៅលើកឡើងយ៉ាងដូច្នេះ លោកស្រី នៅតែទទូចឲ្យប្រជាពលរដ្ឋ គួរកុំចេញពីផ្ទះបើមិនចាំបាច់ ហើយបើត្រូវតែចេញពីផ្ទះ គឺត្រូវអនុវត្តវិធានការ ៣ការពារ និង ៣កុំ ដែលបានដាក់ចេញដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យអនុវត្តទាំងអស់គ្នា ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត។

លោកស្រីបញ្ជាក់បន្ថែមថា៖«អ្នកនៅភ្នំពេញសូមកុំចេញទៅខេត្ត អ្នកនៅខេត្តសូមកុំទាន់អាលចូលមកភ្នំពេញ អ្នកដែលត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ សូមគោរព និងអនុវត្តឲ្យបានត្រឹមត្រូវជាទីបំផុត ផ្អាកឬពន្យារពេលការជួបជុំគ្នាជាចាំបាច់ និងនាំគ្នាធ្វើការពីផ្ទះតាមអនឡាញ សាមគ្គីគ្នា ជួយអប់រំគ្នាក្នុងគ្រួសារនីមួយៗ (សុខចិត្តទ្រាំលំបាកនៅពេលនេះសិន ជាជាងការលំបាកហួសប្រមាណនៅពេលខាងមុខ) ទើបយើងអាចឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះទាំងអស់គ្នាបាន»។

គិតត្រឹមព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ក្រសួងបានឲ្យដឹងថា អ្នកឆ្លងសរុបទូទាំងប្រទេសកើនឡើងចំនួន ១៦៣២ នាក់ ចំណែកអ្នកជាសះស្បើយ មានចំនួន ៩៣៥ នាក់ ខណៈអ្នកកំពុងព្យាបាលមានចំនួន ៦៩២ នាក់។

ចំណែកអ្នកស្លាប់បាត់បង់ជីវិតវិញ គិតត្រឹមយប់ថ្ងៃទី១៩ ខែមីនា កម្ពុជា មានអ្នកស្លាប់បាត់បង់អាយុជីវិតដោយសារជំងឺកូវីដ ១៩ ចំនួន ៣នាក់ ហើយ ដោយហេតុការណ៍នេះ បានកើតកាលពីថ្ងៃទី ១៩ មីនា ចំនួន ២ ករណី លើអ្នកជំងឺជាបុរសជនជាតិខ្មែរអាយុ ៤៦ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ និងស្រ្តីជនជាតិខ្មែរអាយុ៦២ ឆ្នាំ ដែលត្រូវជាម្តាយបង្កើតរបស់តារាចម្រៀងម្នាក់នៅផលិតកម្មរស្មើហង្សមាស ហើយមួយករណីទៀត បានកើតឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លើបុរសអាយុ៥០ឆ្នាំ ដោយពួកគេទាំងនោះ គឺសុទ្ធតែមានជំងឺប្រចាំកាយ ដែលបង្កលក្ខណៈងាយស្រួលឲ្យជំងឺកូវីដ ១៩ វ៉ៃលុកសួតធ្ងន់ធ្ងរ៕