ភ្នំពេញ៖ ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ មាន​ចំនួន​រហូត​ដល់ ៥៧៦ នាក់​បន្ថែម​ទៀត ដែល​សុទ្ធ​តែ​ជា​អ្នក​ឆ្លង​ក្នុង​សហគមន៍​ទាំង​អស់​ក្នុង​រយៈពេល​តែ ១ ថ្ងៃ ដែល​នេះ​ជាតួលេខ​ឆ្លង​ខ្ពស់​បំផុត​ក្នុង​ប្រទេស​កម្ពុជា ខណៈ​មាន​អ្នក​ព្យាបាល​ជា​សះស្បើយ​ចំនួន ៧០ នាក់។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​សុក្រ ទី ០៩ ខែ​មេសា​នេះ បាន​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​ដែល​បាន​រក​ឃើញ​មាន​វិជ្ជមាន​កូវីដ ១៩ នេះ​មាន​នៅ​រាជធានីភ្នំពេញ​ច្រើន​ជាង​គេ​គឺ ៥៤៤ នាក់ ឯ​ខេត្ត​ស្វាយរៀង​ចំនួន ១៦ នាក់ ខេត្ត​ព្រះសីហនុ​ចំនួន ១២ នាក់ ខេត្ត​សៀមរាប ២ នាក់ ខណៈ​ខេត្ត​កំពង់ចាម និង​កណ្ដាល​មាន​តែ ១ ករណី​ដូច​គ្នា។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២១ នេះ កម្ពុជា​មាន​អ្នក​មាន​វីរុស​កូវីដ ១៩ សរុ​បចំនួន ៣ ៦០៤ នាក់ ក្នុង​នោះ​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ មាន​ចំនួន ៣ ០៧២ នាក់ អ្នក​ជា​សះស្បើយ​សរុប​ចំនួន ១ ៩៨៤ នាក់ អ្នក​កំពុង​ព្យាបាល​ចំនួន ១ ៥៩១ នាក់ និង​អ្នក​ស្លាប់​ចំនួន ២៤ នាក់។

លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​លើក​ឡើង​ថា អ្នក​ឆ្លង​រក​ឃើញ​កើន​ឡើង​ច្រើន បង្កើត​នូវ​ការ​ព្រួយ​បារម្ភ​ដល់​ផល​ប៉ះពាល់​សុខភាព​សាធារណ:​ក្នុង​រយ:ពេល​យូរ​ ដែល​យើង​កំពុង​ប្រឈម​ទៅ​នឹង​ហានិភ័យ​ខ្ពស់​ណាស់​សម្រាប់​ឈាន​ចូល​ដល់​ការ​រាតត្បាត​ទ្រង់ទ្រាយ​ធំ នៅ​ក្នុង​សហគមន៍ និង​ផល​រំខាន​ដល់​កំណើន​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម។

លោកស្រី​បាន​ថ្លែង​ថា៖ «ខ្ញុំ​សម្រាន្ត​មិន​លក់ ព្រោះ​នៅ​តែ​មិន​អស់​ចិត្ត ចោទ​សួរ​រិះ​គិត​ថា ហេតុអ្វី​បាន​ជា​បុគ្គល​ខ្លះ​គាត់​មិន​អនុវត្តន៍​បាន​នូវ​វិធានការ​ការពារ ដែល​អាច​កាត់​ផ្តាច់​ខ្សែ​ចម្លង​វីរុស​កូវីដ​ ១៩ បាន? បើ​ខ្ញុំ​អាច​អនុវត្តន៍​ជំនួស​ពួក​គាត់​បាន​ខ្ញុំ​ប្រាកដ​ជា​ធ្វើ​ជូន​ពួក​គាត់»។

លោកស្រី​បន្ថែម​ថា បើ​គ្រប់​គ្នា​សុខចិត្ត​លំបាក​ក្នុង​រយ:ពេល​ខ្លី នាំ​គ្នា​អនុវត្តន៍​វិធានការ​ការពារ​ទាំង​អស់​គ្នា នោះ​នឹង​ចៀស​ផុត​នូវ​ការ​លំបាក​ក្នុង​រយ:ពេល​វែង។

លោកស្រី ឱ វណ្ណឌីន បាន​បន្ថែម​ថា៖ «ខ្ញុំ​សូម​បង្កើត​ពាក្យ​ថា ចូល​ឆ្នាំ​នៅ​ផ្ទះ ឬ New Year at Home ជាមួយ​នឹង​ការ​អនុវត្ត​វិធានការ ៣ ការពារ ៣ កុំ និង​ចូលរួម​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ដែល​អាច​ឱ្យ​បុគ្គល​អាច​វ៉ៃ​បក​បាន​ទៅ​នឹង​ការ​វាយ​លុក​ធ្ងន់ធ្ងរ​លើ​សរីរាង្គកាយ​របស់​ខ្លួន ចៀស​ផុត​នូវ​ការ​ចម្លង​ជំងឺ​កូវីដ ១៩»៕