ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ បានប្រកាស​រកឃើញ​អ្នកឆ្លង​វីរុសកូវីដ ១៩ ​​ចំនួន ៩១ នាក់​បន្ថែម​ទៀត ក្នុងនោះ​ ៩០​ នាក់​ គឺ​ជាករណី​ឆ្លង​ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍​ ២០ កុម្ភៈ ខណៈ​អ្នក​ជាសះ​ស្បើយ​មាន​ចំនួន​ ៣០​ នាក់​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​​ចុះ​ថ្ងៃ​ទី​ ៧ ​ខែ​មេសានេះ ​បាន​បន្តថា អ្នក​ឆ្លង​ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍នេះ​មាន​ជន​ជាតិ​ខ្មែរចំនួន​ ៨៩​ នាក់ និង​ម្នាក់​ជាជន​ជាតិ​វៀត​ណាម។

អ្នក​ដែល​ឆ្លង​ទាំងនេះ​ មាន​នៅ​រាជ​ធានីភ្នំពេញ​ច្រើន​ជាង​គេ​ គឺចំនួន ​៧៨​ នាក់ ខេត្ត​តាកែវ ៤ ​នាក់ ខេត្ត​ស្វាយរៀង ៣​ នាក់​ និង ​៥​ ខេត្ត​ផ្សេង​ទៀត មាន​អ្នក​កើត ​១​ ករណី​ដូចៗ​គ្នា ក្នុង​នោះ​មាន​ខេត្ត​ត្បូង​ឃ្មុំ ខេត្តពោធិ៍​សាត់ ខេត្ត​កំពង់​ចាម​ ខេត្ត​ប៉ៃលិន និង​ខេត្ត​ព្រៃវែង​។

ចំណែក​ករណី​ឆ្លង​ម្នាក់ ដែល​​ជា​អ្នក​ដំណើរ គឺ​ជា​ជន​ជាតិ​ឥណ្ឌូនេស៊ី អាយុ​ ៣៣ ឆ្នាំ មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​ ០៥ ខែ​ មេសា ឆ្នាំ​ ២០២១។

បុរស​រូប​នេះ​មាន​លទ្ធ​ផល​តេស្ត​វិជ្ជមាន កូវីដ ១៩ ចេញ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា និង​បាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​សណ្ឋា​គារ​ក្រេតឌុក​ រាជ​ធានី​ភ្នំពេញ​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ០៧ ខែ មេសា ឆ្នាំ​ ២០២១ នេះ កម្ពុជា​មាន​អ្នក​​​ឆ្លង​កូវីដ​ ១៩​ សរុប​ចំនួន ​២ ៩១៥ នាក់ អ្នកជា​សះ​ស្បើយ​ចំនួន ១ ៨២៤ នាក់ អ្នក​កំពុង​ព្យាបាល​ចំនួន ១ ០៦៤ នាក់ និង​មាន​អ្នក​ស្លាប់​ចំនួន ២២ នាក់៕