
អ្នកដំណើរឆ្លងការកំពង់ចម្លងអរិយក្សត្រ ត្រូវបានវាស់កម្ដៅមុននឹងអនុញ្ញាតអោយឆ្លងកាត់នាពេលកន្លងមក។ ហេង ជីវ័ន
ស្ថានភាពជំងឺកូវីដ ១៩ នៅថ្ងៃអង្គារ ទី ២៣ ខែ មីនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងថ្មី ៣៥ នាក់ទៀត ដែលក្នុងនោះអ្នកដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានចំនួន ៣៣ នាក់ និង ២ នាក់ជាអ្នកដំណើរមកពីក្រៅប្រទេស និងមានអ្នកជាសះស្បើយចំនួន ៣២ នាក់ផងដែរ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ កើតមាននៅក្នុងខេត្តព្រះសីហនុ ចំនួន ១៧ នាក់ រាជធានីភ្នំពេញចំនួន ១៤ នាក់ និងខេត្តសៀមរាបចំនួន ២ នាក់។
ឯអ្នកដំណើរ ២ នាក់ ដែលមានតេស្តវិជ្ជមានកូវីដ ១៩ នោះ ជាបុរសជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១។
គិតត្រឹមព្រឹកថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២១ នេះ កម្ពុជាមានអ្នកវិជ្ជមានវីរុសកូវីដ ១៩ សរុបចំនួន ១ ៧៨៨ នាក់ ក្នុងនោះអ្នកដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍មានចំនួន ១ ២៦៦ នាក់ អ្នកដែលបានជាសះស្បើយចំនួន ៩៩៩ នាក់ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៧៨៣ នាក់ និងមានអ្នកស្លាប់ដោយសារកូវីដ ១៩ ចំនួន ៤ នាក់៕