ភ្នំពេញ៖ ក្រសួង​សុខាភិបាល បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន ៦៩ នាក់​បន្ថែម​ទៀត​ដែល​ក្នុង​នោះ​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ មាន ៦៨ នាក់​និង​អ្នក​ដំណើរ​មក​ពី​បរទេស ១ នាក់ ខណៈ​អ្នក​ជា​សះស្បើយ ១៦ នាក់​និង​អ្នក​ស្លាប់ ១៦ នាក់។

សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រទី ២ ខែ​មេសា ឆ្នាំ ២០២១ នេះ​បន្ត​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​មាន​អ្នក​នៅ​ភ្នំពេញ​ចំនួន ២៣ នាក់ ខេត្ត​ស្វាយរៀង ២៨ នាក់​ កណ្តាល ១៣ នាក់​និង​ខេត្ត​ព្រះសីហនុ​ចំនួន ៤ នាក់។

រីឯ​អ្នក​ដំណើរ​បរទេស​មាន​វិជ្ជមាន​កូវីដ​១៩ មាន​ជនជាតិ​ឥណ្ឌូនេស៊ី​ អាយុ ៣៤ ឆ្នាំ មាន​អាសយដ្ឋាន​​នៅ​ខេត្ត​ព្រះសីហនុ ដែល​ធ្វើ​ដំណើរ​ពី​ប្រទេស​ ឥណ្ឌូនេស៊ី បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស សិង្ហបុរី មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី ២០ ខែ​មីនា ឆ្នាំ ២០២១។

គិត​ត្រឹម​ថ្ងៃទី ២ ខែ​មីនា​ ឆ្នាំ ២០២១​នេះ កម្ពុជា​មាន​អ្នក​ឆ្លង​កូវីដ​ សរុប​ចំនួន ២ ៥៤៦ នាក់​អ្នក​ជា​សះស្បើយ ១ ២៥៦ នាក់ អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ១ ២៧០ នាក់​និង​អ្នក​ស្លាប់​ចំនួន ១៦ នាក់៕