
ក្រុមគ្រូពេទ្យមកទទួលអ្នកជំងឺកូវីដ ១៩ នៅក្បែរផ្សារឯករាជ្យ ១ កាលកាលពីម្សិលមិញ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានបន្តរកឃើញអ្នកឆ្លងកូវីដ ១៩ រហូតដល់ ៤៤៦ នាក់បន្ថែមទៀត ដែលភាគច្រើននៅរាជធានីភ្នំពេញ ក្នុងនោះក៏មានអ្នកព្យាបាលជាសះស្បើយចំនួន ១៣០ នាក់ផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃព្រហស្បតិ៍ ទី ២២ ខែមេសានេះ។
អ្នកដែលបានឆ្លងថ្មីទាំងអស់នេះ ពាក់ព័ន្ធនឹងព្រឹតិ្តការណ៍សហគមន៍ ២០ កុម្ភៈ ដែលក្នុងនោះ រកឃើញនៅរាជធានីភ្នំពេញចំនួន ៣៣១ នាក់ ខេត្តព្រះសីហនុ ៨២ នាក់ ខេត្តកណ្ដាល ២១ នាក់ ខេត្តតាកែវ ៥ នាក់ ខេត្តកំពង់ស្ពឺ ២ នាក់ និងខេត្តស្វាយរៀង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម ព្រៃវែង មានចំនួន ០១ ករណីដូចៗគ្នា។
គិតត្រឹមព្រឹកថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២១ នេះ សរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជា មានចំនួន ៨ ១៩៣ នាក់ អ្នកជាសះស្បើយចំនួន ២ ៩២៤ នាក់ អ្នកកំពុងព្យាបាលចំនួន ៥ ២០៤ នាក់ និងអ្នកស្លាប់ចំនួន ៥៩ នាក់៕